ប្រមូល​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់ NGO

ភាពចម្រូងចម្រាស់ លើ«សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល» ទំនងកំពុង​ឡើង​កំដៅ ខណៈ​លោក ហ៊ុន សែន ក្នុងតំណែងថ្មី ជាប្រធានគណបក្ស ប្រជាជនកម្ពុជាបានប្រកាសជំហរ បន្ត​គាំទ្រ​ច្បាប់​នេះ ក្រោយ​ពី​ការ​ប្រកាស​លើក​មុន ដែល​ត្រូវ​បាន​លោក​ធ្វើឡើង ក្នុងនាមនាយករដ្ឋមន្រ្តី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 30, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអង្គការសង្គមស៊ីវិលរាប់រយ រួមទាំងមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋមួយចំនួន បាន​នឹងកំពុងបន្ត ធ្វើការតវ៉ាមិនចេះចប់ ដោយជំទាស់ មិនចង់ឲ្យច្បាប់មួយនេះ កើតជារូបរាងឡើយ។ សង្គម​ស៊ីវិល​ទាំងនោះ នៅតែទាមទារ ឲ្យមានការកែសម្រួល និងព្រមទទួលយកអនុសាសន៍ របស់ក្រុមខ្លួន។ ប៉ុន្តែ​ចំពោះ​រដ្ឋាភិបាលកម្ពុជាវិញ នៅតែជម្រុញឲ្យច្បាប់នេះចេញ ឲ្យខាងតែបាន។

សម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនគាំឲ្យមានច្បាប់គ្រប់គ្រង អង្គការសង្គមស៊ីវិល​នោះឡើយ ដោយលោកបានអះអាងថា បើទោះជាមាន ក៏ត្រូវធ្វើការកែតម្រូវឡើងវិញសិនដែរ។ ចំពោះ​ព្រះ​អង្គម្ចាស់ នរោត្តម រណឬទ្ធិ វិញ ក៍ធ្លាប់មានបន្ទូល នាពេលថ្មីៗនេះថា ចំពោះសេចក្តីព្រាងច្បាប់នេះ ត្រូវតែ​មាន​ហើយ តែរដ្ឋាភិបាលត្រូវប្រគល់សិទ្ធិ ទៅឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាអ្នក​មានសិទ្ធិសម្រេច។

សូមទស្សនាកិច្ចសម្ភាស របស់មន្ត្រីទទួលខុសត្រូវ របស់ក្រុមអង្គការសង្គមស៊ីវិល តាមរយៈវីដេអូ ដែលផ្តិតរូប​ដោយអ្នកសារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដូចខាងក្រោម៖

លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ថាលោកមិនគាំទ្រ ឲ្យមានច្បាប់នេះឡើយ ហើយលោកក៏គាំទ្រដែរ នូវជំហររបស់ម្ចាស់ឆ្នោត ដែលធ្លាប់បានប្រកាស មិនបោះឆ្នោតឲ្យតំណាងរាស្រ្ត​បក្ស​ណា ដែលគាំទ្រនិងអនុម័ត នូវច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល។ លោកបន្តថា ទាំងអង្គការជាតិ និង​អង្គការ​អន្តរជាតិ បានដាក់លិខិត ស្នើឲ្យប្រធានរដ្ឋសភា កែប្រែ ឬលប់ចោលច្បាប់នេះ។

លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់ របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ថា​រដ្ឋាភិបាល កំពុងមានការលាក់លៀម ចំពោះសេចក្តីព្រាងច្បាប់នោះ ដោយអង្គុយក្នុងបន្ទប់បិទជិត និងអះអាង​ថា ខ្លួនចេះចាត់ចែងគ្រប់យ៉ាង ក្នុងរឿងនេះ។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែង​ឡើង​ថា៖ «និយាយថា ទេ ចំពោះច្បាប់ សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល»។ លោកបន្តថា ច្បាប់​មួយ​នេះ ផ្ទុយរដ្ឋធម្មនុញ្ញ និងកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ លោកថា ច្បាប់ដែល​គ្រោង​នឹងអនុម័តនេះ ជាច្បាប់ដែលបំបិទសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាមន្រ្តីអង្គការសង្គមស៊ីវិល មិនត្រូវការច្បាប់គ្រប់គ្រងអង្គការ បែបសេចក្តីព្រាងច្បាប់ ដែលរដ្ឋាភិបាល​បញ្ជូនមករដ្ឋសភានេះទេ។ នេះជាការអះអាង របស់លោក នី ចរិយា  មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ដោយលោកបានចាត់ទុកថា ច្បាប់មួយនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះ ដោយការ​រំលោភ​សិទ្ធិមនុស្ស ក្លាយទៅជា«ទាសករ»។ លោកថា ពេលនោះប្រជាពលរដ្ឋ នឹងគ្មានតម្លៃជាមនុស្ស បន្ទាប់​ពីច្បាប់មួយនេះ បានចងដៃ-ជើងសង្គមស៊ីវិលណា ដែលជួយប្រជាពលរដ្ឋកំពង់រងគ្រោះនោះ។

ប្រធានលេខាប្រតិបតិ្ត នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារ សិទិ្ធមនុស្សកម្ពុជា លោក សួន ប៊ុនសាក់ បានថ្លែងឡើងថា ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល មិនមែនជាឧបសគ្គ និងជាឆ្អឹងត្រី ដែល​ទៅជំពាក់កររាជរដ្ឋាភិបាលនោះទេ។ លោកបានថ្លែងបន្តថា ការទទួលយកអនុសាសន៍របស់ប្រជាពលរដ្ឋ និង​សង្គមស៊ីវិល ជាកិច្ចការមួយផ្នែក ដែលនាំឲ្យប្រទេសជាតិរីកចំរើនទៅវិញទេ។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានអះអាងថា ជំហរ​ដំបូងរបស់សង្គមស៊ីវិល មិនមែនប្រឆាំងទៅនឹងច្បាប់សហគម និងអង្គការសង្គមស៊ីវិលនោះទេ។ តែ​រដ្ឋាភិបាលខ្លួនឯងទៅវិញទេ ដែលជាអ្នកបង្ក ឲ្យមានបញ្ហានេះកើតឡើង តាមរយៈការមិនេពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិល មុននឹងដាក់ឲ្យរដ្ឋសភាអនុម័តនោះ។ លោកថា ច្បាប់នេះគួណាស់ ជាច្បាប់​មួយ ដែលប្រកបដោយអត្ថន័យពេញលេញ និងមានប្រសិទ្ធិភាព សម្រាប់ការអនុវត្តចំពោះសង្គមស៊ីវិល មិនមែន​ដូចច្បាប់ ដែលនៅក្នុងសភាសព្វថ្ងៃនេះទេ។ «សូមទម្លាក់ចោលការអនុម័តច្បាប់នេះ ដោយងាកមកពិគ្រោះ​យោបល់ និងទទួលយកអនុសាស្រ្តពីសង្គមស៊ីវិល»។

នាយកក្រុមលេខាធិការដ្ឋាន នៃអង្គការក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន លោក សៀ ភិរម្យ ថា សេចក្ដី​ព្រាង​ច្បាប់​ខាងលើនេះ មិនមានវិសាលភាពគ្រប់គ្រាន់ ក្នុងការអនុញ្ញាតឲ្យមានការចូលរួម ពីសង្គមស៊ីវិល បាន​ពេញ​លេញ​ទេ។ លោកស្នើរដ្ឋាភិបាល ឲ្យផ្អាកការព្រាងច្បាប់នេះសិន ហើយរដ្ឋាភិបាលត្រូវគិតគូរ​ដោះ​ស្រាយ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ការដេញពលរដ្ឋពីដីធ្លី បញ្ហាពលរដ្ឋគ្មានលំនៅដ្ឋាន កំពុងមាន និង​បន្ត​មាន នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃវិញ។

លោក ស៊ឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម ថាលោកមិនគាំទ្រច្បាប់ ដែលមានក្នុងដៃ​រដ្ឋសភា​សព្វថ្ងៃនេះឡើយ។ តែលោកអាចនឹងគាំទ្រ ឲ្យមានច្បាប់នេះ ក្នុងកាលៈទេសៈមួយផ្សង នាពេល​ខាង​មុខ​វិញ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...