សុខ ទូច៖ មានតែផែនទីរបស់រដ្ឋាភិបាលទេ ដែល«ផ្លូវការ»!
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 08, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវិមានសន្តិភាព លោក សុខ ទូច បានលើកឡើងថា ផែនទីដែលកម្ពុជា ទទួលបានពីបារាំង និងដែលត្រូវបានផ្ទៀងផ្ទាត់ កាលពីថ្ងៃទី៣ ខែកញ្ញានេះ មិនមែនជាផែនទីរបស់សម្តេចតា (ព្រះបរមរតនកោដ្ឋ) ជាអ្នកយកទៅដំកល់ទុក នៅបារាំងឡើយ តែជាផែនទីគូសវាស ដោយបារាំង កាលដែលខ្លួន នៅគ្រប់គ្រងលើកម្ពុជានោះ។
ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាសេនាធិការមួយ របស់រដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ផែនទីដែលកម្ពុជាទទួលបាន ពីបារាំងនោះ គ្រាន់តែជាផែនទី សម្រាប់ការផ្ទៀងផ្ទាត់ ជាមួយនឹងផែនទីផ្លូវការ របស់កម្ពុជាប៉ុណ្ណោះ។ លោកថា មានតែផែនទីផ្លូវការរបស់កម្ពុជាទេ ដែលអាចយកជាផ្លូវការ សម្រាប់ការវាស់វែង និងកំណត់បញ្ហាព្រំដែន កម្ពុជា-វៀតណាម តាមផ្លូវច្បាប់បាន។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក សុខ ទូច បានថ្លែងអះអាងថា ថ្ងៃទី៣ ខែកញ្ញានេះ ជាថ្ងៃដែលកម្ពុជា បានបញ្ចប់នូវភាព«សង្ស័យ» របស់អ្នកនយោបាយ ឬអ្នកសារព័ត៌មាន ពីបញ្ហាប្រើប្រាស់ផែនទី ក្នុងការកំណត់ព្រំប្រទល់ ជាមួយនឹងប្រទេសជិតខាង។ អ្នកស្រាវជ្រាវបញ្ហាព្រំដែនរូបនេះ បានពន្យល់ថា៖ «ផែនទីបារាំង គ្រាន់តែមកផ្ទៀងផ្ទាត់ (ផែនទី) របស់រាជរដ្ឋាភិបាលទេ។ ព្រោះផែនទីរាជរដ្ឋាភិបាលមានកត្តាបី ទីមួយមូលដ្ឋានច្បាប់ ទីពីរការឯកភាពគ្នា រវាងភាគីវៀតណាម និងភាគីកម្ពុជា ទីបីគឺ ព្រះមហាក្សត្របានឡាយព្រះហស្ថ។»
ឯលោក អ៊ូ ច័ន្ទរិទ្ធិ ហាក់ដូចជាមិនទាន់ទទូលយក នូវលទ្ធផល នៃការផ្ទៀតផ្ទាត់នេះឡើយ។ តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិរូបនេះ ដែលមានវត្តមាន ក្នុងការផ្ទៀងផ្ទាត់ផែនទីទាំងឡាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងផែនទី មកពីប្រទេសបារាំងនោះ បានលើកឡើងថា មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងការប្រម៉ែប្រមូលផែនទី នៅឡើយដែរ។ លោកបានបន្តថា ការផ្ទាងផ្ទាត់ជាថ្មី អាចនឹងកើតមាន ក្រោយការប្រមូលរួចរាល់ (ចប់) នឹងក្រោយពីទទួលបាន ការអនុញ្ញាតពីរដ្ឋាភិបាលនោះ។
មន្ត្រីតំណាងគណបក្ស បានថ្លែងទៀតថា៖ «បញ្ហាព្រំដែន បញ្ហាផែនទី បញ្ហាទឹកដី ជា “បញ្ហា” របស់ខ្មែរគ្រប់រូប។ បើនៅតែមានបញ្ហា យើងនៅតែបន្តរលើបញ្ហានេះ ដើម្បីឲ្យប្រជាពលរដ្ឋលោកជ្រាបច្បាស់ ដូចខ្ញុំបញ្ជាក់ហើយ មិនមែនជារឿង របស់បុគ្គលណាម្នាក់ទេ។»
រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចសម្របសម្រួល ការងារទទួល និងផ្ទៀងផ្ទាត់ផែនទីដែរនោះ បានបញ្ជាក់ថា នេះជាលើកចុងក្រោយ ក្នុងការផ្ទៀងផ្ទាត់ផែនទីព្រំដែន កម្ពុជា-វៀតណាម ហើយ។ លោកបានបន្តថា រដ្ឋាភិបាលនឹងមិនទទួល នូវសំណើរអ្វីផ្សេងពីនេះ សម្រាប់ការផ្ទៀតផ្ទាត់ផែនទីនេះ ទៀតឡើយ។
ជាមួយនឹងការបញ្ចាប់ ទទួលការផ្ទៀងផ្ទាត់នេះ ក្នុងនាមលោក តំណាងឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហោ ណាំហុង បានស្នើឲ្យគណបក្ស នយោបាយ បញ្ចប់សកម្មភាពរបស់ខ្លួន ក្នុងរឿងព្រំដែន ហើយងាកមកធ្វើកម្មវិធីនយោបាយ ដើម្បីទទួលការគាំទ្រ និងទទួលការបោះឆ្នោត ពីប្រជាពលរដ្ឋវិញ៕