ហោ ណាំហុង៖ ផែនទី​មក​ពី​បារាំង​ដូច​គ្នា នឹង​ផែនទី​កម្ពុជា​កំពុង​ប្រើ

ក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលជារបស់រដ្ឋាភិបាលកម្ពុជា និងផែនទីផ្ញើរទុក នៅប្រទេសបារាំងរួច ប្រធាន​គណៈកម្មការ​ចំពោះកិច្ច សម្របសម្រួលការងារទទួល និងផ្ទៀងផ្ទាត់ផែនទី បានបញ្ជាក់ថា លទ្ធផល​នៃ​ការ​ផ្ទៀង​ផ្ទាត់ ផែនទី​ទាំង​ពីរ​ដូចគ្នា ជាប្រភេទផែនទី បោន ខ្នាត ១/១០០.០០០។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 08, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអះអាង កាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៥នេះថា ផែនទីដែលកម្ពុជា សុំខ្លីចម្លងមកពីប្រទេសបារាំងមកនេះ ធៀបនឹងផែនទី របស់កម្ពុជា​ទាំង​២៦ ផ្ទាំង ឃើញថា មានភាណដូចគ្នាបេះបិទ។

ក្នុងរយៈពេលជាងបួនម៉ោង ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោងជិត១២ ថ្ងៃត្រង់ នាវិមានសន្តិភាព ផែនទីដែលបារាំង ប្រគល់ដល់កម្ពុជា ទាំង២៦ផ្ទាំងនោះ មានមួយផ្ទាំង ជាផែនយូធីអឹម (UTM) ឯ២៥ផ្ទាំងផ្សេងទៀត ជាផែនទី​បោន(Bonne)។ លោក ហោ ណាំហុង ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចសម្របសម្រួល ការងារទទួល និងផ្ទៀងផ្ទាត់ផែនទីដែរនោះ បានថ្លែងពន្យល់ថា៖ «ផែនទីទាំង២៦ផ្ទាំង ដែលបារាំងប្រគល់ឲ្យនេះ ជាផែនទី​ផ្លូវការរបស់បារាំង ដែលគេប្រគល់ឲ្យជាផ្លូវការ។ (...) គេសុខចិត្តប្រគល់មកឲ្យស្ថានទូត បោះត្រាស្ថានទូត​ទៀត... ហើយសរសេរអក្សរដៃថា “ផែនទីនេះ ផ្តល់ឲ្យដោយវិទ្យាស្ថាន ព័ត៌មានភូមិសាស្រ្ត និងព្រៃឈើ”។»

ជាមួយនឹងការអះអាងខាងលើ លោកបានលើកឡើងចំអក ទៅកាន់តំណាងរាស្ត្រម្នាក់ មកពីគណបក្សប្រឆាំង ដែលកំពុងធ្វើការបង្គាប់បញ្ជា មករដ្ឋាភិបាល ឲ្យស្វែងរកផែនទីឆ្នាំ១៩៦៤ តាមដែលខ្លួនចង់បាននោះ។ លោក​បានចាត់ទុកបញ្ជានេះ ថា ជាភាព«ព្រហើន»យ៉ាងខ្លាំង។ លោកចោទសួរវិញថា តើតំណាងរាស្រ្តនោះជា​អ្នក​ណា? មានភាពព្រហើនត្រឹមណា ដែលហ៊ានបញ្ជា មករដ្ឋាភិបាលថា «ត្រូវតែរក»ឲ្យឃើញនោះ?

លោក ណាំហុង បានបញ្ជាក់ទៀតថា៖ «ការជួបជុំ និងការផ្ទៀងផ្តាត់នេះ មានចំនួនពីរដងហើយ ដូច្នេះ​រាជ​រដ្ឋាភិបាល មិនអាចរើសតាមការញុះញង់ រើសតាមការឃោសនាអកុសល របស់គណបក្សនយោបាយ លើ​អ្វី​ផ្សេងពីនេះទៀតទេ។ យើងមិនអាចយកផែនទី ទិញនៅផ្សាថ្មី ទិញនៅចិញ្ចើមថ្នល់ ឬរកនៅបណ្ណាល័យ​ណា​មួយ​នោះ មិនផ្លូវការឡើយ។ ការផ្ទៀងផ្ទាត់ តាមផ្លូវការនៃប្រភពផែនទីនេះ មានលិខិតប្រធានាធិបតីបារាំង ជា​ការសម្រេចក្រោយស្ថានទូតបារាំង ប្រគល់ឲ្យវា (ផែនទី) អស់ប៉ុណ្ណឹងហើយ។»

លោក ហោ ណាំហុង បានជួសមុខ ឲ្យនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ស្នើឲ្យគណបក្សនយោបាយ (បក្សប្រឆាំង) បញ្ជប់នូវសកម្មភាពរបស់ខ្លួន ជាបន្ទាន់ ករណីដែលទាក់ទងរឿងព្រំដែន  ហើយងាកមកធ្វើ កម្ម​វិធីនយោបាយរបស់ខ្លួន ដើម្បីទទួលការគាំទ្រ និងបោះឆ្នោតដោយប្រជាពលរដ្ឋវិញ។

សូមជម្រាបជូនដែរថា ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី នៅព្រឹកនេះ មានការចូលរួម ពីតំណាង​គណបក្ស​ប្រជាជនកម្ពុជា, មកពីគណបក្សសង្គ្រោះជាតិ និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្រៅពីគណបក្ស​នយោបាយ នៅមានតំណាងមន្រ្តីមកពីរដ្ឋសភា, ព្រឹទ្ធសភា, រដ្ឋាភិបាល និងទីប្រឹក្សារដ្ឋាភិបាល ជាជនជាតិ​បរទេស, ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម, ក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជាជាដើម។

ការផ្ទៀងផ្ទាត់ផែនទី របស់រដ្ឋាភិបាលកម្ពុជានេះ បានធ្វើក្នុងថ្ងៃទី០៣ ខែកញ្ញានេះ បន្ទាប់ពីការផ្ទៀងផ្ទាត់​លើក​មុន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥កន្លងមក ជាមួយនឹងផែនទី ដែលយកមកពី UN។ ហើយក្នុងពេលនោះ រដ្ឋាភិបាល បាន​អះអាងថា រាល់ផែនទីរបស់រដ្ឋាភិបាល និងផែនទីខ្ចីពី UN សុទ្ធតែ​ដូច​គ្នាទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...