ខ្សែអាត់ ថោង សារ៉ាត់ បញ្ចូលសម្លេងដោយ ខ័ណ្ឌ ច័ន្ទសុផល?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 11, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែអាត់«សម្លេង»ចំនួនពីរខ្សែ ដែលអះអាងថាខ្លួនឈ្មោះ ថោង សារ៉ាត់ នោះ ត្រូវបានបង្ហោះក្នុងបណ្តាញព័ត៌មានសង្គមជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីជំនាញមានសមត្ថកិច្ចណាមួយថា ជាសម្លេងរបស់បុគ្គលណាមួយ ឲ្យពិតប្រាកដនៅឡើយ។ ប៉ុន្តែខ្សែអាត់សម្លេងនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការប្រៀបធៀបទៅនឹងសម្លេងរបស់លោក ខ័ណ្ឌ ច័ន្ទសុផល។
ខ្សែអាត់សម្លេង«ទីពីរ» ដែលបានបញ្ជាក់ជា«ថ្មី»ថាខ្លួនឈ្មោះ ថោង សារ៉ាត់ បានចេញផ្សាយជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្នើដល់លោក សម រង្សី និងលោក កឹម សុខា អន្តរាគមន៍ជួយដល់ខ្លួន និងគ្រួសារ ឲ្យបានរួចពីការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការ។ ខ្សែអាត់សម្លេងនេះ ក៏ត្រូវបានចេញផ្សាយតៗគ្នា ដោយបណ្តាញព័ត៌មានក្នុងស្រុក មួយចំនួននាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះដែរ។
មួយថ្ងៃបន្ទាប់ពីល្បាញល្បី នៃការបែកធ្លាយសម្លេងខ្សែអាត់«ទីមួយ»កាលពីថ្ងៃទី៨ ខែធ្នូ មក ក្នុងថ្ងៃទី៩ ខែធ្នូ អ្នកនាំពាក្យនគរបាលជាតិលោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់ថា មន្រ្តីជំនាញកំពុងធ្វើការផៀងផ្ទាត់សម្លេង បង្ហោះតាមបណ្តាញសង្គមនោះ ថាតើសម្លេងនេះពិតប្រាកដជាសម្លេង របស់លោក ថោង សារ៉ាត់ ឬមិនមែន?
» សូមអានអត្ថបទទាក់ទង ដោយចុចលើទីនេះ។
ផ្ទុយនឹងសម្លេង«ទីមួយ» ដែលស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍នោះ ក្នុងសម្លេង«ទីពីរ»ត្រឡប់មករកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកជួយវិញ ដោយបង្ហាញនូវការជឿជាក់ ជាងខ្សែរអាត់សម្លេងទីមួយ។
សូមរំលឹកថា ខ្សែអាត់សំឡេង «ទីមួយ» ដែលផុសក្នុងបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃ នោះ បានត្អូញត្អែ យំសោក ជាមួយនឹងបញ្ជាក់ថាខ្លួនឈ្មោះ ថោង សារ៉ាត់។ ការត្អូញត្អែរនេះ ដើម្បីស្នើសុំដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយដល់អង្គរក្សទាំងបួន និងឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ដែលត្រូវបានចាប់ខ្លួនដាក់ឃុំនោះ។
» សូមអានអត្ថបទទាក់ទង ដោយចុចលើទីនេះ។
ជាមួយនឹងសម្លេងខ្សែអាត់ទីពីនេះ បានលើកឡើងថាខ្លួន (ថោង សារ៉ាត់) បានជួយឧបត្ថមដល់គណបក្សសង្គ្រោះជាតិរាប់ម៉ឺនដុល្លា ក្នុងការធ្វើមហាបាតុកម្មក្នុងពេលកន្លងមក និងក្នុងកម្មវិធីផ្សេងៗទៀតជាច្រើន។ សម្លេងនោះ បានលើកឡើងថា «សូមលោក កឹម សុខា យកអំណាចអនុប្រធានទីមួយនៃរដ្ឋសភាមកជួយខ្ញុំផង។ (...) លោកជួយដោះស្រាយឲ្យខ្ញុំផង ខ្ញុំសន្យាថាបើខ្ញុំ និងគ្រួសារខ្ញុំរួចផុតពីទោស ខ្ញុំនិងជួយផ្គត់ផ្គងជាលុយ ជាអ្វីៗដែលអាចធ្វើទៅបានដូចមុនៗចឹង។»
ចំពោះការលើកឡើងក្នុងសម្លេង«ទីពីរ» ដោយបានអះអាងថាលោក ថោង សារ៉ាត់ មានទំនាក់ទំនងលុយកាក់ជាមួយគណបក្សសង្គ្រោះជាតិ នាពេលកន្លងមកនោះ ត្រូវបានអនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា និងជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ បានធ្វើការបដិសេធ និងច្រានចោលថាមិនមានរឿងនេះទេ។ ហើយរូបលោកផ្ទាល់ (កឹម សុខា) ក៏មិនដែលស្គាល់លោក ថោង សារ៉ាត់ នោះដែរ។ ក្នុងទិវាសិទ្ធិមនុស្សកាលពីថ្ងៃទី១០ ធ្នូ ម្សិលម៉ិញនេះ លោក (កឹម សុខា) បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដែលស្គាល់គាត់ (ថោង សារ៉ាត់) ផង ការជួយឧបត្ថម្ភ មកដល់គណបក្សសង្គ្រោះជាតិខ្ញុំអត់ដឹងទេ»។
ដោយឡែកចំពោះខ្សែរអាត់សម្លេងខ្សែ«ទីពីរ» ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន ពិសេសតាមបណ្តាញសង្គមមួយ ដែលមានឈ្មោះជាភាសាអង់គ្លេសថា I Love Cambodia Hot News បានចុះផ្សាយក្នុងថ្ងៃទី១១ ខែធ្នូ នេះ និងបានបញ្ជាក់ថាជាសម្លេងរបស់លោក ខ័ណ្ឌ ច័ន្ទសុផល។ ក្នុងបណ្តាញព័ត៌មានសង្គម លោក ខ័ណ្ឌ ច័ន្ទសុផល ត្រូវបានគេស្គាល់ថាជា យុវជនសកម្មម្នាក់គាំទ្រគណបក្សប្រជាជនកម្ពុជា។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មន្រ្តីច្បាប់មកពីគណបក្សសង្គ្រោះជាតិ លោក រស់ សួរ ក៏បានច្រានចោលសម្លេងនេះ ដោយលោកចាត់ទុកថា ជាសម្លេងដែលគេប្រឌិតឡើង ក្នុងគោលបំណង«បំភាន់»ភ្នែកយ៉ាងជាក់លាក់ និងមានទិសដៅទាញភ្ជាប់បន្តិចម្តងៗទៅរកបង្អែកណាមួយដែលគេចង់ទម្លាក់កំហុស។
» សូមអានអត្ថបទទាក់ទង ដោយចុចលើទីនេះ។
សូមស្តាប់សម្តីដើមរបស់លោក ខ័ណ្ឌ ច័ន្ទសុផល ដែលបានថតជាខ្សែរវីដេអូកាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០១៤នេះ ក្នុងបណ្តាញសង្គមហ្វេសប៊ូករបស់លោកផ្ទាល់។
សូមស្តាប់សម្លេងដើម ជាមួយនិងឃ្លីបវីដេអូ របស់លោក ខ័ណ្ឌ ច័ន្ទសុផល ដែលលបានបញ្ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្រោយមួយថ្ងៃនៃការប៉ងលេបថ្នាំសម្លាប់ខ្លួន របស់កញ្ញា ប៉ីប៉ី លី កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤កន្លងមក។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យនគរបាលជាតិលោក គៀត ចន្ទថារិទ្ធ ជុំវិញការវិភាគលើសម្លេងទាំងនេះ បាននៅឡើយទេ។ ឯ លោក ខ័ណ្ឌ ច័ន្ទសុផល ក៏មិនអាចស្វែងរកប្រតិកម្មតប បាននៅឡើយដែរ។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នឹងធ្វើការផ្សារជាបន្តនៅពេលមានព័ត៌មានថ្មី ឬប្រតិកម្មតប ចំពោះការលើកឡើងខាងលើនេះ៕