សម រង្ស៊ី ថានឹងបន្តវេនកិច្ចការរបស់ ចាន់ សូវ៉េត
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 11, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សម រង្ស៊ី បានថ្លែងប្រាប់សាច់ញាតិ និងគ្រួសារសពរបស់លោក ចាន់ សូវ៉េត ថា លោកនឹងបន្តការងារដែលលោក ចាន់ សុវ៉េត បានធ្វើកន្លងមក ទាក់ទងទៅនឹង ការការពារព្រៃឈើ សត្វព្រៃ និងការពារសិទ្ធិមនុស្សជាដើម។ ការថ្លែងរបស់មេដឹកនាំប្រឆាំង បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ក្នុងពេលដែលលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត បានទៅចូលរួមពិធីបុណ្យសពរបស់លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលទើបនឹងទទួលមរណៈភាព កាលពីម្សិលម៉ិញនេះ។
បន្ទាប់ពីលោក សម រង្ស៊ី បានអុចធូបគោរពវិញ្ញាណក្ខន្ធសពលោក ចាន់ សុវ៉េត រួចរាល់អស់ហើយ មេដឹកនាំគណៈបក្សរូបនេះ បានថ្លែងអះអាងថា លោកនឹងយកគំរូតាមលោក ចាន់ សូវ៉េត ហើយលោកសង្ឃឹមថា វិញ្ញាណខ័ន្តរបស់អ្នកការពារសិទ្ធមនុស្សម្នាក់នេះ នឹងងាកក្រោយមកជួយដល់អ្នកដែលមានឧត្តមគតិដូចលោក ក្នុងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
«ទូកទៅ កំពង់នៅ»
មរណៈភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានមជ្ឈដ្ឋានទូទៅ ទាំងសង្គមស៊ីវិល គណបក្សប្រឆាំង និងទាំងរដ្ឋាភិបាលផង ចាត់ទុកថាជាការបាត់បង់ដ៍ធំធេង សំរាប់ប្រជាពលរដ្ឋខ្មែរ ដោយសារតែលោក ចាន់ សូវ៉េត ធ្លាប់បានបំពេញភារកិច្ចជាច្រើនក្នុងការការពារ សិទ្ធិមនុស្ស និងជួយប្រជាពលរដ្ឋរងគ្រោះ បើទោះជាត្រូវរងការគំរាមកំហែងគ្រប់បែបយ៉ាងណាក៏ដោយ។ នៅក្នុងពិធីបុណ្យសពរបស់លោក គេបានឃើញពលរដ្ឋដែលនៅខេត្ត ឬជនបទឆ្ងាយៗ បាននាំគ្នាស្កាត់ ធ្វើដំណើរមកចូលរួមធ្វើបុណ្យសព ដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក ដែលធ្លាប់ជួយពលរដ្ឋរងគ្រោះទាំងនោះ។
លោក សម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា លោក ចាន់ សុវ៉េត បានបង្ហាញផ្លូវ និងណែនាំផ្លូវចិត្តយើងទាំងអស់គ្នា ឲ្យមានភាពក្លាហាន អត់ធ្មត់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងការពារសិទ្ធិមនុស្ស ជាពិសេសអ្នកក្រីក្រទន់ខ្សោយ នៅក្នុងប្រទេសកម្ពុជា៕