ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

បន្ទាប់ពីលោក ឈាង វុន គម្រាមថា នឹងស្នើទៅក្រសួងមហាផ្ទែ ដើម្បីចាប់បញ្ចូនជនបរទេសម្នាក់ ដែល​កំពុង​ធ្វើការ​នៅ​តំបន់​ជាយ​អារ៉ែង ទៅស្រុកកំណើតរបស់គេវិញ លោក អាឡិច ប្រធានអង្គការមាតាធម្មជាតិ បានថ្លែងដោយមោទនភាព ថាការថ្លែងរបស់លោក ឈាង វុន ជារឿង«ហួសសម័យហើយ»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 11, 2014
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានអង្គការមាតា​ធម្មជាតិ អាឡិចហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន (Alex jandro Gonzalez Davidson) បាន​លើក​ឡើង​ថា ការ​គម្រាម​កំហែង​របស់​លោក ឈាង វុន នៅ​ពេលនេះ ទោះ​មិន​លើក​ឡើង​ចំ​ឈ្មោះ តែ​សម្រាប់​តំបន់​អារ៉ែង មាន​តែ​លោក​ម្នាក់​គត់ ដែល​ធ្វើការ​ក្នុង​រឿង​នេះ។ ដូច្នេះ​ការ​គម្រាម​កំហែង​នេះ ប្រាកដ​ជា​បាញ់​ឆ្ពោះ​មក​លើ​រូប​លោក​ហើយ។

ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ជាតិ​អេស្ប៉ាញ រូប​នេះ បាន​ចាត់​ទុក​ការ​គម្រាម​របស់​លោក ឈាង វុន នៅ​ពេល​នេះ ជា​ទង្វើ​បំភិតបំភ័យ​ដល់​ក្រុម​របស់​លោក ដែល​ធ្វើការ​ក្នុង​ការ​ការពារ​ធម្មជាតិ​នៅ​កម្ពុជា។ ជា​មួយ​នឹង​ភាសា​ខ្មែរ ដែល​និយាយ​ចង់​ច្បាស់​ជាង​ខ្មែរ​មួយ​ចំនួន​នោះ លោក អាឡិច បាន​និយាយ​ថា៖ «វា​ហួស​សម័យ​ហើយ»។

លោកបញ្ជាក់ថា ជាង១០ឆ្នាំមុននៅកម្ពុជា ការកំហែងនេះអាចមានប្រសិទ្ធិភាព។ តែសម្រាប់បរិបទ​កម្ពុជា​សព្វ​ថ្ងៃ ការគម្រាមកំហែងបែបនេះ មិនមានអ្វីដែលក្រុមការងាររបស់លោកខ្លាចនោះទេ។ ហើយការគំរាមនេះ ក៏​មិនមែនជាលើកទីមួយដែរ ព្រោះកាលពីបីឆ្នាំមុន លោកក៏ត្រូវបានគម្រាមបែបនេះដែរ តែគ្មាន​ប្រសិទ្ធិភាពអ្វី​ឡើយ។

ការលើកឡើងខាងលើរបស់លោកអេឡិច ជាការឆ្លើយតបទៅ នឹងការព្រមាន និងគម្រាមរបស់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែធ្នូនេះ ដែលបានព្រមានទៅមន្រ្តីអង្គការអន្តរជាតិមួយរូប ដែលធ្វើការពាក់ព័ន្ធតំបន់ជាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង តាមរយៈអ្នកសារព័ត៌មាន។ លោក ឈាង វុនបានចាត់ទុកថាមន្រ្តីអង្គការអន្តរជាតិនោះ បានកំពុងលូកដៃចូលជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា នៃ​តំបន់​ជាយអារ៉ែងនេះ។

ទោះបីលោក ឈាង វុន មិនបាននិយាយចំឈ្មោះ មន្រ្តីអង្គការអន្តរជាតិក៏ដោយ តែគេបានស្គាល់ថា អ្នក​ដែល​លោក ឈាង វុន កំពុងសំដៅទៅនោះ គឺលោក អាឡិច ប្រធានអង្គការមាតាធម្មជាតិនេះឯង។ លោក ឈាង វុន បានថ្លែងថា «បើគាត់ធ្វើខុសច្បាប់កម្ពុជា ខុសហ្នឹងអ្វី ដែលអង្គការរបស់គាត់តំកល់ទុកនៅក្រសួងមហាផ្ទៃ ខ្ញុំនឹងសូមស្នើឲ្យក្រសួងមហាផ្ទៃ ចាប់បញ្ជូនគាត់ទៅក្រៅវិញភ្លាម អត់មានទុកទេ។ (…) មិនអាច​បណ្ដោយ​ឲ្យ​ជនបរទេសម្នាក់ មកធ្វើចលាចលរអស្ថិរភាពសង្គមកម្ពុជាទេ។ (…) សូម្បីតែជនអន្តោប្រវេសន៍មួយចូលមក គេអត់បានធ្វើអីផង គេនៅចាប់បញ្ជូនទៅវិញ។ (…) មកពីកម្ពុជាស្រួលពេក ធូរពេក រលុងពេក បានឲ្យជន​បរទេសម្នាក់ មកធ្វើការនៅក្នុងតំបន់មួយទាំងមូល ហើយយកលេសថា ការពារប្រជាពលរដ្ឋ។»

ជាមួយនឹងការគម្រាមនេះ លោក អេឡិច មិនបានបង្ហាញនូវការព្រួយបារម្ភអ្វីឡើយ។ ផ្ទុយទៅវិញលោកបាន ចាត់ទុកថា ការកំហែងនេះ ជាមោទនភាពនៃក្រុមការងារលោកទៅវិញទេ។ លោក អាឡិច អះអាងទៀតថា៖ «អ្វីដែលយើងកំពុងធ្វើ វាមានឥទ្ធិពល។ ខ្ញុំខ្លាចតែគ្មានមន្រ្តីរដ្ឋាភិបាលណា មកនិយាយដើម ឬរិះគន់នោះ​ទៅ​វិញទេ។ (…) ខ្ញុំមានអារម្មណ៍សប្បាយចិត្ត មានន័យថា ការងារដែលបានធ្វើកន្លងមក ពិតជាមាន​ប្រសិទ្ធិភាព។»

ក្នុងសន្និសិទ្ធិសារព័ត៌មានដដែលនោះ លោកឈាង វុន បានបញ្ជាក់ថា លោកនឹងធ្វើការជាមួយអាជ្ញាធរ មូលដ្ឋាន​បន្ថែមទៀត ដើម្បីស៊ើបអង្គេតទៅលើមន្ត្រីអង្គការរូបនោះ និងត្រូវបង្ខំឲ្យបញ្ចប់សកម្មភាព​របស់ខ្លួន​ជាបន្ទាន់។

សម្រាប់លោកអេឡិច បានបញ្ជាក់ជាចុងក្រោយថា ១០ឆ្នាំ សម្រាប់រូបលោកនៅកម្ពុជា បើទោះជាគ្មាន​សញ្ជាតិ​ខ្មែរក៏ដោយ តែលោកមានមោទនភាពជាថ្មី ដែលលោកចេះសរសេរ និងនិយាយភាសាខ្មែរ ជាងជនជាតិខ្មែរ​មួយចំនួន។ លោកបានចាត់ទុកកម្ពុជា ជាប្រទេសរបស់ខ្លួនដែរ ដូច្នេះលោកក៏មានសិទ្ធិនិយាយ មានសិទ្ធិ​ការពារអ្វីដែលជាទ្រព្យសម្បត្តិរួមរបស់កម្ពុជា។ លោកថា មន្រ្តីរដ្ឋាភិបាលមួយចំនួន បាន«វង្វេង»អស់ហើយ រវាងរឿងការពារសម្បត្តិធម្មជាតិ ជាមួយនឹងការបំផ្លាញសម្បត្តិធម្មជាតិនោះ។

ប្រធានអង្កការមាតាធម្មជាតិ បានថ្លែងឡើងថា៖ «ខ្ញុំរង់ចាំឱកាសល្អ ដើម្បីតទល់ចំពោះមុខ ជាមួយលោក ឈាង វុន ធ្វើការពន្យល់ និងបកស្រាយក្នុងរឿងតំបន់ជាយអារ៉ែងនេះ។ នោះនឹងឃើញថា អេឡិច ជាតិ​អេស្ប៉ាញនេះស្រលាញ់ធម្មជាតិប្រទេសខ្មែរ ជាងខ្មែរមួយចំនួនទៅទៀត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...