ព្រះរាជា​ចេញ​រាជសារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

ការចេញព្រះរាជសារ អំពាវនាវនេះ ធ្វើឡើងក្នុងសភាពការណ៍​ដ៏ចម្រូងចម្រាស ខណៈមេដឹកនាំប្រឆាំង បានស្នើសុំព្រះមហាក្សត្រ កុំធ្វើតាមការស្នើរបស់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដោយចេញព្រះភក្រធ្វើអន្តរាគមន៍ ក្នុងការបោះឆ្នោតជាតិខាងមុខនេះ។
ព្រះរាជា​ចេញ​រាជសារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត
ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងទៅបើករដ្ឋសភា នីតិកាលទី៥ ក្នុងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 05, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះមហាក្សត្រកម្ពុជា ដែលមានតែរាជបល្ល័ង្គ និងគ្មានអំណាច បានចេញព្រះរាជសារ​មួយ ដែលចុះព្រហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា អំពាវនាឲ្យជនរួមជាតិខ្មែរទាំងអស់ ចេញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ក្នុងព្រះរាជសារ ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះរាជបន្ទូល របស់ព្រះមហាក្សត្រកម្ពុជា បានវាយតម្លៃ​ ទុកជាមុនរួចជាស្រេច ថាការបោះឆ្នោតជាតិ ក្នុងខែកក្កដានេះ ជា«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

ព្រះរាជសារបានបន្តទៀតថា៖ «ដូចនេះ សូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ» និង «សូមជនរូមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាព បោះឆ្នោត ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្ត លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី»

ព្រះរាជសារ របស់ព្រះមហាក្សត្រ បើទោះជាបានចុះព្រះហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហាក់បានបង្ក​ ឲ្យមានភាពប្រទាំងប្រទើស កាន់តែខ្លាំងឡើង នៅក្នុងវិបត្តិនយោបាយខ្មែរសព្វថ្ងៃ។ បើតាមលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងដឹកនាំ​ចលនា​នយោបាយប្រឆាំង ពីក្រៅប្រទេស ធ្លាប់បានពន្យល់ថា ព្រះរាជសារបស់ព្រះមហាក្សត្រ អាចជាអន្តរាគមន៍​មួយ ទៅតាមការចង់បាន របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ខណៈក្រុមអ្នកនយោបាយប្រឆាំងកម្ពុជា បានចាត់ទុក​ការបោះឆ្នោតជាតិ​ខាងមុខនេះ ថាជាការបោះឆ្នោតក្លែងក្លាយ។

លិខិតមួយច្បាប់ របស់លោក សម រង្ស៊ី ដែលសរសេរជាភាសាបារាំង ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ បានសរសេរហៅ ការបោះឆ្នោតខាងមុខ ថាត្រូវបានរៀបចំឡើង «បន្តពីនយោបាយផ្តាច់ការ បង្ក្រាបប្រជាពលរដ្ឋ» ហើយជាការបោះឆ្នោត ដែល«កំពុងតែធ្វើឲ្យសង្គមជាតិប្រេះស្រាំ គួរឲ្យបារម្ភ»។ លោក សម រង្ស៊ី បានសរសេរបន្តថា៖ «តំណាងរាស្ត្រជាប់ឆ្នោត ៥៥ រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ៥០០៧ រូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេដកតំណែង ដោយរំលោភរដ្ឋធម្មនុញ្ញ ពីព្រោះគ្មាននរណាអាចដកតំណែង របស់តំណាងជាប់ឆ្នោត របស់ប្រជារាស្ត្របានទេ ក្រៅពីប្រជារាស្ត្រខ្លួនឯង តាមរយៈការបោះឆ្នោតថ្មី តែប៉ុណ្ណោះ»។

មេដឹកនាំប្រឆាំង ដែលមានវត្តមាននៅថ្ងៃនេះ នៅក្នុងប្រទេសបារាំង បានសរសេរថា៖ «ព្រះមហាក្សត្រ ដែលជាទីគោរព របស់ប្រជាពលរដ្ឋជាទូទៅ មិនត្រូវចូលរួម ដាក់សម្ពាធបែបនេះ មកលើប្រជាពលរដ្ឋទេ។ សម្ពាធបែបនេះ កំពុងតែទទួលការផ្តន្ទាទោស ពីប្រជាពលរដ្ឋមួយចំនួនធំ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយតាំងចិត្តធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...