ល្បីក្នុងលោក៖ កម្មវិធី​កំសាន្ដ​របស់​ទូរទស្សន៍ MyTV ដែល​មិន​ធ្វើ​ឲ្យ​សើច!

រឿងដែលបង្កការភ្ញាក់ផ្អើល ពីប្រទេសកម្ពុជា មានមិនចេះដាច់... ហើយវាបានផ្អើល ដល់ប្រទេសនានា នៅ​ជុំវិញ​ពិភពលោក​នោះ​ថែម​ទៀត។ អ្នកគ្រប់គ្រងកម្មវិធី នៅក្នុងកម្មវិធីកំសាន្ដមួយ របស់ទូរទស្សនក្នុងស្រុក MyTV បាន​កុហក​តារា​ចម្រៀង​វ័យ​ក្មេង ជាតិអាមេរិកាំងមួយរូប នៅក្នុងកម្មវិធីរបស់ខ្លួន ថានាងនឹងជួប​ម្ដាយ​របស់​នាង ដែល​នាង​បាន​បែក តាំង​ពី១០ឆ្នាំ​មក​ហើយ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 15, 2015
  • ប្រធានបទ: ទូរទស្សន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកគ្រប់គ្រងកម្មវិធី «ពេញចិត្តអត់» របស់ទូរទស្សន៍ MyTV ក្នុងប្រទេសកម្ពុជា ពិតជាចង់ឲ្យទូរទស្សន៍​របស់​ខ្លួន បាន​ល្បី​សុះសាយ ពេញទូទាំងពិភពលោកមែនឬ? ចង់ឬមិនចង់ ការ«កុហកបោកប្រាស់» ប្រចាំសតវត្សន៍ របស់កម្មវិធីទូរទស្សន៍​នេះ ទៅលើតារាចម្រៀងវ័យក្មេង នាង Autumn Allen នោះ បាននាំរូបភាពយ៉ាងអាក្រក់ ទៅដល់ស្ថានីយ៍ទូរទស្សន៍ ក្នុង​ស្រុក​ផ្សេងៗ និងបានព្រមាន តារាបរទេសដទៃៀត ឲ្យមានការខ្លាចរអា លែង​ហ៊ានចូលខ្លួន មកកាន់សំដែង ក្នុងកម្មវិធី​ទូរទស្សន៍​ទាំងឡាយ នៅក្នុងប្រទេសកម្ពុជា។

ការបន្លំ ដែលអ្នកគ្រប់គ្រងកម្មវិធីនេះ យល់ថា ជាការកំសាន្ដសប្បាយ សម្រាប់ទស្សនិកជននោះ ត្រូវបាន​សារព័ត៌មាន សឹងតែពេញមួយផែនដី យកមកសរសេរចុះផ្សាយ រាប់តាំងពី Sydney Morning Herald ក្នុង​ប្រទេសអូស្ត្រាលី ឬ Stuff របស់​ប្រទេសញ៉ូហ្សេឡេន ធ្លាយទៅដល់សារព័ត៌មាននានា នៅក្នុងប្រទេស​អាមេរិក​ឡាទីន (ទ្វីបអាមេរិកខាងត្បូង) ដោយ​មិន​ភ្លេច​ឆ្លងកាត់ សឹងតែគ្រប់សារព័ត៌មាន នៅក្នុងប្រទេសនានា នៃទ្វីប​អឺរ៉ុប និងអាមេរិកខាងជើង នោះឡើយ។

សារព័ត៌មានមួយចំនួន ដែលយកសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានធំៗ (មានជាភាសាបារាំង និងភាសា​អង់គ្លេស) មកចុះផ្សាយបន្ត បានបន្ថែមការចំអក យ៉ាងជូរចត់ ទៅកាន់ម្ចាស់កម្មវិធីទូរទស្សន៍។ សារព័ត៌មាន L'essentiel របស់​ប្រទេសលុយហ្សំបួរ និងសារព័ត៌មាន 20minutes របស់ប្រទេសស្វីស បាន​សរសេរថា៖ «បើអ្នកមិនដឹង ពីអ្វីទៅ ដែល​ជាការលេងសើច ដ៏អាក្រក់នោះ សូមអ្នកធ្វើដំណើរ ទៅកាន់​ប្រទេស​កម្ពុជា ហើយទស្សនាកម្មវិធី «ពេញចិត្តអត់» របស់​ទូរទស្សន៍ MyTV»។

ចំពោះសារព័ត៌មាន Journal de Montreal ក្នុងប្រទេសកាណាដាវិញ បានវាយតម្លៃកាយវិការ របស់​កម្មវិធី​នេះ ថាមាន​លក្ខណៈ«សាហាវ» ដែលយកមនោសញ្ចេតនា រវាងម្ដាយកូន របស់តារាវ័យក្មេងម្នាក់ មកសើច​សប្បាយ​​យ៉ាងដូច្នេះ។ ដោយ​​ឡែក​សារព័ត៌មាន Sud Info របស់ប្រទេសប៊ែលហ្សិកឯណោះ បាន​សរសេរ​នៅ​លើ​អត្ថបទ​របស់ខ្លួនថា កម្មវិធី «ពេញ​ចិត្តអត់» បានសម្ដែងចេញ នូវឈុតឆាកដ៏អាក្រក់ សម្រាប់នាង Autumn Allen។

«Allen មានអារម្មណ៍បែបណា?»

សារព័ត៌មានដ៏ធំរបស់បារាំង Le Figaro បានយកឈុតឆាក នៅក្នុងកម្មវិធីទូរទស្សន៍ មកសរសេររៀបរាប់ថា នាង Autumn Allen តារាជាតិអាមេរិកាំង អាយុ១៣ឆ្នាំ ដែលចេះនិយាយភាសាខ្មែរ យ៉ាងច្បាស់ ត្រូវបានក្រុម​ការងារ របស់ទូរទស្សន៍ «ឆរ» ថានាងនឹងជួបម្ដាយរបស់នាង នៅលើកម្មវិធី ដែលបានរៀបចំឡើង​យ៉ាង​ពិសេស នៅក្នុងទិវាអ្នកម្ដាយ កាលពីថ្ងៃ​អាទិត្យ​ទី១០ ខែឧសភាកន្លងមកនេះ។ តារាចម្រៀង បានបែកពីម្ដាយ​របស់នាង តាំងពីនាងមានអាយុ៦ឆ្នាំ ខណៈនាងត្រូវ​មក​រស់នៅ ជាមួយឪពុកនៅក្នុងប្រទេសកម្ពុជា រីឯម្ដាយ​របស់នាង រស់នៅក្នុងសហរដ្ឋអាមេរិក។

ពិធីកររបស់កម្មវិធី បាននិយាយឡើងថា៖ «ថ្ងៃនេះ ជាថ្ងៃពិសេស អញ្ចឹងយើង ក៏បានរៀបចំអ្វីដ៏ពិសេសៗ សម្រាប់ Allen ដូច​គ្នា»។ សម្រាប់ ពិធីការិនី វិញ បាននិយាយសួរទៅកាន់ នាង Autumn Allen ថា៖ «បើ​អ្នក​ម្ដាយឡើង មកលើវេទិកានេះ តើ Allen មានអារម្មណ៍បែបណា?» មុននឹងពិធីករ បានសួរបន្ថែម នូវសំនួរ​មួយ​ទៀតថា៖ «តើអ្វីទៅ ដែល Allen បានចងចាំ នៅក្នុងមួយជីវិតរបស់ Allen»។ សំនួរទាំងនេះ មិន​មាន​សំនួរ​ណា​មួយ ដែលមិនធ្វើឲ្យតារាចម្រៀងវ័យក្មេង មិនសម្រក់ទឹក​ភ្នែក​នោះឡើយ។

ប៉ុន្តែនៅទីបំផុត កម្មវិធីដែលយុវតី Autumn Allen គិតថា នឹងបង្កការរញ្ជួលចិត្តឲ្យនាងនោះ បានប្រែក្លាយ ទៅ​ជាឈុតឆាក​ចំអក ដែល​ម្ចាស់កម្មវិធីនិយាយថា បានធ្វើឡើង សម្រាប់ឲ្យទស្សនិកជន បានកំសាន្ដ​សប្បាយ។ មនុស្សដែលផុសខ្លួន ចេញ​មក​​នោះ មិនមែនជាម្ដាយរបស់នាងពិតទេ តែជាតារាសម្ដែង«ពហុវិស័យ» កញ្ញា រ៉ូលីន ដែលជាយុវជនស្លៀកពាក់ ធ្វើ​ស្រី​​​មួយ​​​រូប មក​បន្លំ​ធ្វើជាម្ដាយ របស់តារាអាមេរិកាំង។

«ម្ចាស់គ្រប់គ្រងកម្មវិធី ដ៏ល្ងីល្ងើរ និងគ្មានខួរ»

កម្មវិធី បានបង្កឲ្យមានប្រតិកម្ម ពីបណ្ដាទស្សិកជន ក្នុងស្រុកយ៉ាងផុលផុស ជាពិសេសនៅលើបណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម ជាច្រើនបានហៅកម្មវិធីនេះថា «បោកប៉ុណ្ណឹង ពេញចិត្តអត់»។ ខ្លាំង​ក្លា​ជាងនេះ លោក អ៊ូ ​វីរៈ អ្នក​វិភាគ​ក្នុង​ស្រុក​ដ៏ល្បីឈ្មោះ បានហៅម្ចាស់គ្រប់គ្រងកម្មវិធី របស់​ស្ថានីយ​ទូរទស្សន៍ ថា​មាន​ភាព​«ល្ងីល្ងើរ និងគ្មានខួរក្បាល ទាល់​​តែ​​សោះ» ដែលយកមនោសញ្ចេតនា របស់​កុមារី​អាយុ​១៣ឆ្នាំ មក​លេង​សើច​ដូច្នេះ។ នេះ ជាការដកស្រង់មកបញ្ជាក់ នៅ​​ក្នុង​​សារព័ត៌មាន Terrafemina នៅ​ក្នុង​ប្រទេស​បារាំង។

សារព័ត៌មាន Terrafemina បានបកប្រែសំណេរ ជាភាសាអង់គ្លេស របស់លោក អ៊ូ វីរៈ ដែលសរសេរនៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក មក​សរសេរជាភាសាបារាំង នៅក្នុងអត្ថបទខ្លួនថា៖ «ពួកគេបានកុហក​យុវតី​ម្នាក់​នេះ ថានាងនឹងបានជួប​ម្ដាយ​របស់​នាង ដែល​នាងបានបែកតាំងពីយូរឆ្នាំមកហើយ។ តែទីបំផុត នាង​បាន​ឃើញ ត្រឹមតែជាមនុស្សប្រុស ដែលស្លៀកពាក់​ជា​ស្រី​ម្នាក់​​ប៉ុណ្ណោះ។»

លិខិត«ផងដែរ»

នៅចំពោះសង្គ្រាមសំដី ដែលបានផ្ទុះ ទៅជារឿងដ៏«អាស្រូវ»នោះ ស្ថានីយទូរទស្សន៍ បានចេញលិខិត​សុំ​ទោស ដោយ​បាន​ហៅ​កាយវិការទាំងនេះ ថាជាកំហុសឆ្គង ដោយ«អចេតនា» របស់ខ្លួន។ លិខិតបាន​សរសេរ សុំ​អភ័យ​ទោស​ចំពោះ​«ប្អូន​ស្រី​និង​ក្រុម​គ្រសារ របស់ប្អូនស្រី» ព្រមទាំងសាធារណៈជនទាំងឡាយ​«ផង​ដែរ»។​ លិខិត ដែលមានចុះហត្ថលេខា តែ​មិន​ដឹង​ជា​​ហត្ថលេខា​នរណា ឲ្យប្រាកដនោះ បានសរសេរនៅឃ្លា​បន្ទាប់មក​ថា ក្រុមការងារ នឹងធ្វើដំណើរទៅកាន់ គេហដ្ឋានរបស់​យុវតី Allen ដើម្បី​ធ្វើការ​សុំអភ័យទោស ដោយផ្ទាល់ ចំពោះ«ប្អូនស្រី និងក្រុមគ្រួសារប្អូនស្រី ផងដែរ»។

តើពាក្យ«អចេតនា» របស់កម្មវិធី«ពេញចិត្តអត់» របស់ទូរទស្សន៍មួយនេះ មានន័យយ៉ាងដូចម្ដេច នៅពេល​ដែលកម្មវិធីនេះ ត្រូវបានគេមើលឃើញ នៅទូទាំងពិភពលោក ថាវាគឺជាការគ្រោងទុក ដ៏ច្បាស់លាស់មួយ​នោះ? សូមទស្សនា​វីដេអូ​ខាង​ក្រោម ដើម្បីដឹងឲ្យច្បាស់ ពីកម្មវិធី«ពេញចិត្តអត់» ថាតើនេះជាកំហុស ដោយ​អចេតនា ឬការ«កុហក»មួយ ដែលមាន​គម្រោង​ច្បាស់​​លាស់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...