ហ៊ុន សែន សុំខ្ចីផែនទីពីអ.ស.ប ដើម្បីបង្ហាញពីអធិបតេយ្យជាតិ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 07, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅ លោកនាយករដ្ឋមន្រី ហ៊ុន សែន បានសរសេរសំបុត្រ ស្នើទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បីសុំខ្ចីផែរនទីខ្នាត ១/១០០ ០០០ ដែលបានបោះពុម្ព ដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន និងកំពុងតម្កល់ទុក នៅអង្គការសហប្រជាជាតិ។
ក្នុងលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានសរសេរបញ្ជាក់ថា ការខ្ចីផែនទីនេះ ក្នុងគោលបំណង យកមកផ្ទៀងផ្ទាត់ បញ្ជាក់ពីភាពត្រឹមត្រូវ ពិតប្រាកដជាមួយនឹងផែនទី ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងប្រើប្រាស់ ដើម្បីកំណត់ព្រំដែនគោក ព្រំដែនទឹក រវាងកម្ពុជា និងប្រទេសជិតខាង និងដើម្បីបង្ហាញ ពីបុព្វហេតុសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកយកមាត្រា២ ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា មកបញ្ជាក់ថា៖ «បូរណភាពទឹកដី របស់ព្រះរាជជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីបានធ្វើការរំលឹកថា អតីតព្រះប្រមុខរដ្ឋ នៃព្រះរាជជាណាចក្រកម្ពជា ព្រះបរមរតនកោដ្ឋ (ព្រះបាទ នរោត្តម ស៊ីហនុ) បានយកផែនទីបោះពុម្ភ ដោយក្រុម ភូមិសាស្រ្តឥណ្ឌូចិន ខ្នាត១/១០០ ០០០នេះ ទៅតម្កល់ទុកនៅ អង្គការសហប្រជាជាតិ ដោយបានអំពាវនាវ ឲ្យមានការធានារ៉ាប់រង ពីសំណាក់មហាអំណាចនានា ក្នុងការគោរពបូរណភាពទឹកដីកម្ពុជា តាមផ្លូវច្បាប់អន្តរជាតិ និងឲ្យទទួលស្គាល់ ព្រមទាំងគោរពឯករាជ្យ អព្យាក្រឹត្យភាព បូរណភាពទឹកដីកម្ពុជា ក្នុងរង្វង់ខ្សែព្រំដែនបច្ចុប្បន្ននាពេលនោះ ដោយបានប្រកាសដាច់ខាតថា ខ្សែព្រំដែននេះ មិនអាចសើរើ និងកែប្រែបានឡើយ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធ្លាប់បានលើកឡើងថា លោកនឹងទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ផែនទីដែលខ្លួន បាននឹងកំពុងអនុវត្តន៍ ជាមួយបណ្តាប្រទេសជិតខាងនោះ ជាផែនទីផ្លូវការ ដែលបានតំកល់ទុក នៅអង្គការសហប្រជាជាតិ ខណៈលោក វ៉ា គឹមហុង ក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ បានទទួលស្គាល់ថា ផែនទីដែលកម្ពុជាកំពុងតែអនុវត្ត ជាផែនទីបោះដោយ ប្រទេសវៀតណាម។
» សូមអានអត្ថន័យទាំងស្រុង នៃលិខិត របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ដូចខាងក្រោម៖