ដំរីព្រៃទាំង១១ក្បាល ត្រូវបានសង្គ្រោះពីរណ្ដៅគ្រាប់បែកហើយ!
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៧
- កែប្រែចុងក្រោយ: March 25, 2017
- ប្រធានបទ: សត្វព្រៃកម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានជាប់ខ្លួន អស់រយៈពេលបួនថ្ងៃកន្លងមក ហ្វូងសត្វដំរីព្រៃទាំង១១ក្បាល រាប់ទាំងកូនដំរីមួយក្បាលផង ត្រូវបានជួយសង្គ្រោះ ឲ្យងើបខ្លួនចេញពីរណ្ដៅគ្រាប់បែក ដែលបានបន្សល់ទុក តាំងពីចុងទសវត្សន៍ឆ្នាំ៦០មក ហើយបានរត់ត្រឡប់ ចូលទៅក្នុងព្រៃជ្រៅវិញអស់ហើយ នៅរសៀលថ្ងៃសៅរ៍នេះ។ នេះ បើតាមលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី។
ហ្វូងសត្វដំរីព្រៃ ទាំង១១ក្បាល ត្រូវបានអ្នកស្រុករកឃើញ កំពុងជាប់ខ្លួន នៅក្នុងរណ្ដៅគ្រាប់បែក ជម្រៅប្រមាណជា៣ម៉ែត្រ ដែលដក់ទៅដោយទឹកភក់ កាលពីថ្ងៃសុក្រម្សិលម៉ិញ ក្នុងតំបន់ព្រៃអភិរក្ស ស្ថិតនៅភូមិ អូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែបើតាមមើលសភាពជាប់គាំង នៅក្នុងទឹកភក់ របស់សត្វដំរីព្រៃទាំងនោះ បានធ្វើឲ្យគេគិតថា ពួកវាបានជាប់ខ្លួន នៅទីនោះ មិនតិចជាង បីថ្ងៃមកហើយនោះទេ (រាប់ទាំងថ្ងៃនេះ ត្រូវជាបួនថ្ងៃ)។
លោក កែវ សុភក៌ បានពន្យល់ថា ក្នុងរយៈកាលកន្លងមក រណ្ដៅគ្រាប់បែកខាងលើ ត្រូវបានអ្នកស្រុកជីកពង្រីក ឲ្យធំនិងជ្រៅជាងមុន ដើម្បីផ្ទុកទឹក។ លោកបន្តឲ្យដឹងថា សត្វដំរីព្រៃទាំង១១ក្បាល បានចុះក្នុងរណ្ដាៅនោះ ដើម្បីផឹកទឹក ប៉ុន្តែពួកវាមិនអាចឡើង មកលើវិញបានទេ។ លោកថា៖ «ពួកវាអាចនឹងងាប់ ប្រសិនណាជាគ្មានអ្នកស្រុក បានមើលឃើញទាន់ពេលទេនោះ»។
ដើម្បីសម្រួលដល់ការកម្រើកខ្លួន របស់សត្វដំរីទាំងនេះ ក្រុមអ្នកជួយសង្គ្រោះ ដែលមានការចូលរួម ពីមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ដ្រីអង្គការអភិរក្សសត្វព្រៃ ឧទ្យានុរក្ស និងប្រជាពលរដ្ឋមួយចំនួនទៀត បានបូមទឹកយកទៅបាញ់ស្រោច ពីលើពួកវា។ បន្ទាប់មក ពួកអ្នកជួយសង្គ្រោះ បានជីកមាត់រណ្ដៅដោយចបកាប់ ធ្វើយ៉ាងណា ឲ្យមាត់រណ្ដៅមានជម្រាល ដើម្បីអាចឲ្យសត្វដំរី តោងឡើងមកខាងលើវិញបាន។
សត្វដំរីព្រៃ នៅកម្ពុជា ត្រូវបានក្រុមអ្នកការពារបរិស្ថាន ចាត់ទុកជា ពូជសត្វព្រៃដ៏កម្រ និងកំពុងរងការគម្រាមកំហែង នូវការរលត់ផុតពូជ មិនខុសគ្នាប៉ុន្មាន ពីប្រភេទសត្វដំរី នៅក្នុងទ្វីបអាហ្វ្រិកនោះឡើយ។ ក្រុមអ្នកការពារបរិស្ថាន បានគិតថា មកដល់ថ្ងៃនេះ សត្វដំរីព្រៃទាំងនោះ នៅសេសសល់ ប្រមាណជាង១០០ក្បាលប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា។ ការគម្រាមកំហែង ពីការផុតពូជរបស់ពពួកសត្វព្រៃទាំងនោះ មានមូលហេតុបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើ និងការប្រមាញ់ ដើម្បីយកភ្លុក៕