មាស សុខសោភា បារម្ភ​ខ្លាច​ពាក់​ព័ន្ធ​នឹង​យោបាយ

តារាចម្រៀងស្រី ដែលគេចាត់ទុកថា ជាសកម្មជនការពារព្រៃឈើដ៏គំរូ កញ្ញា មាស សុខសោភា បាន​ស្នើ​ដល់​បណ្តាញ​ផ្សព្វ​ផ្សាយ​ទាំង​អស់ កុំបង្វែរសកម្មភាព ដែលនាងស្រលាញ់ និង​រក្សា​ការពារ​បរិស្ថាន ទៅ​ភ្ជាប់​ជា​មួយ​រឿង​នយោបាយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា បានចេញមុខយ៉ាងសកម្ម ក្នុងការដាំដុះ​ដើម​ឈើ នៅតំបន់ឱរ៉ាល់ ដែលកំពុងមានភាពចម្រូងចម្រាស រវាងប្រជាសហគមន៍ និងក្រុមហ៊ុនទទួលសិទ្ធិដីសមម្បទាន ពី​រដ្ឋាភិបាល និងជាពិសេសនោះ គឺរូបនាងបានចេញមុខគាំទ្រ ឱ្យអាឡិចរស់នៅបន្តក្នុងប្រទេសកម្ពុជា ជំទាស់នឹងការ​សម្រេច​ចិត្តរបស់រដ្ឋាភិបាល ដែលចង់ឱ្យសកម្មជនបរិស្ថាន នៅតំបន់អារ៉ែង ចាកចេញពីប្រទេសកម្ពុជា។

តារាតារាចម្រៀង ប្រចាំផលិតថោនរូបនេះ បានលើកឡើងថា រាល់សកម្មភាពដែលនាងបានធ្វើ ដើម្បីបញ្ជាក់ពី​ទឹកចិត្ត​ស្រលាញ់បរិស្ថាន ត្រូវបានមានសារព័ត៌មានមួយចំនួន យកទៅចុះផ្សាយ ដោយភ្ជាប់សកម្មភាព នៃការស្រលាញ់​បរិស្ថាន​របស់នាង ទៅនឹងរឿងនយោបាយ។ មាស សុខសោភា បានសរសេរនៅទំព័រហ្វេសប៊ុករបស់នាង ជាភាសាអង់គ្លេស ដែល​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបកប្រែក្រៅផ្លូវការថា៖ «មានព័ត៌មានថ្មីៗ ដែលបានចុះផ្សាយពីនាងខ្ញុំ និងព័ត៌មាន​បន្ត​បន្ទាប់​ទៀត បានកំពុងបង្វែររូបនាងខ្ញុំ ឲ្យពាក់ព័ន្ធជាមួយបញ្ហានយោបាយ»។

តារាចម្រៀង បានសរសេរសុំទៅបណ្ដាញផ្សព្វផ្សាយទាំងនោះថា៖ «សូមមេត្តាគោរពនូវក្តីប្រាថ្នារបស់ខ្ញុំ ដោយដកខ្ញុំ​ចេញ​ពីបញ្ហានយោបាយ និងព្រិត្តការណ៍ទាំងឡាយណា ដែលប្រឆាំងនឹងច្បាប់ជាតិរបស់យើង»។

ចំពោះការចុះផ្សាយ ដោយភ្ជាប់រូបនាងទៅពាក់ព័ន្ធនឹងរឿងនយោបាយនេះ ត្រូវបានតារាស្រីរូបនេះ សម្តែងការព្រួយ​បារម្ភ​ជាខ្លាំង។ ការព្រួយបារម្ភនេះ ទំនងជានាងខ្លាចប៉ះពាល់ ដល់អាជីពជាតារាចម្រៀង ដែលនាងស្រលាញ់តាំងពីតូច។

ជាមួយរូបថតបីសន្លឹក ដែលបង្ហាញពីការព្រួយបារម្ភនោះ កញ្ញា មាស សុខសោភា បានសរសេរបន្ថែមថា៖ «ខ្ញុំជឿជាក់ថា បរិស្ថានជាបញ្ហាដាច់ដោយឡែក ចំណែកច្បាប់ត្រូវបានអនុវត្ត សំរាប់ហេតុផលល្អហើយ យើងត្រូវតែគោរព។ ធម្មជាតិ សត្វ និងបរិស្ថាន ខ្ញុំមានទឹកចិត្តស្រឡាញ់ ប៉ុន្តែចំណង់ចំណូលចិត្តដំបូងរបស់ខ្ញុំ គឺតន្ត្រី។ ខ្ញុំនឹងបន្តថែរក្សាបរិស្ថាន ជាមួយ​ការគោរព តាមច្បាប់នគររបស់យើង។ ខ្ញុំសង្ឃឹមថា នឹងឃើញ យុវជនទាំងអស់ និងអ្នកដែលស្រឡាញ់ធម្មជាតិ នៅខែ​មិថុនា, កក្កដា ដើម្បីជួយដល់ការដាំដើមឈើ សម្រាប់បំពេញគម្រោងដើមឈើ ១០០០០ដើម របស់ខ្ញុំ។ វានឹងក្លាយជាថ្ងៃ ដ៏សប្បាយរីករាយ និងជួបជុំគ្រួសារយើង។»

កន្លងមកមាស សុខសោភា និងបងប្រុស បានស្នើកុំឱ្យប្រព័ន្ធផ្សព្វផ្សាយ យកនាងទៅលាយឡំ នឹងគណបក្សប្រឆាំង និង​កុំឱ្យយកនាង ទៅលាបពណ៌ថា មានបំណងប្រឆាំងរដ្ឋាភិបាល។ តារាចម្រៀង ដែលបញ្ចេញឆន្ទៈការពារព្រៃឈើ នៅ​តំបន់​ឱរ៉ាល់ដដែលនេះ បានឱ្យដឹងបន្តថា៖ «ការបំភ្លៃព័ត៌មានរបស់នាងខ្ញុំ យកទៅចុះផ្សាយ ដើម្បីចំណេញតែប្រាក់ គឺជា​ទង្វើ​ដ៏ខុសឆ្គងមួយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...