ព្រីមែលីក បំពាក់បច្ចេកវិទ្យាបន្ទាត់ទី នៅរដូវកាលថ្មីនេះ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដូវកាលបាល់ទាត់ព្រីមែលីក (Premier League) ឆ្នាំ ២០១៣-២០១៤ ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៏នេះ នឹងក្លាយជាប្រវត្តិសាស្ត្របាល់ទាត់ថ្មីមួយទៀត ខណៈដែលបច្ចេកវិទ្យាបន្ទាត់ទី (Goal-line technology) នឹងដាក់ដំណើរជាផ្លូវការលើកដំបូង។
ម៉ាស៊ីនដែលចាំពិនិត្យថតពីគ្រាប់បាល់។ (រូបថត Reuters)
ប្រព័ន្ធបចេ្ចកវិទ្យានេះ ត្រូវបានដាក់សាកល្បងនៅក្នុងការប្រកួត ហ្វីហ្វាក្លិបវើលខាប់ (FIFA Club World Cup) នៅប្រទេសជប៉ុន កាលពីឆ្នាំមុន និងបានដាក់នៅក្នុងការប្រកួត ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) នៅប្រទេសប្រេស៊ីលថ្មីៗនេះផងដែរ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៏ធំៗទាំង២នោះ ពុំមានគ្រាប់បាល់ណា ដែលកាត់សេចក្តីពុំដាច់ស្រេចនោះឡើយ។
ដូច្នេះប្រព័ន្ធបច្ចេកវិទ្យានេះ នឹងត្រូវបានគេយកមកដាក់ដំណើរជាផ្លូវការនៅក្នុងក្របខ័ណ្ឌ ព្រីមែលីកវិញម្តង ដែលមានការប្រកួតសរុបទាំងអស់ ៣៨០ប្រកួតក្នុងមួយរដូវកាល ហើយនឹងត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៏សប្តាហ៏នេះ ខណៈដែលលីកកំពូលរបស់អង់គ្លេស បានក្លាយជាលីកដំបូងគេបង្អស់ ដែលប្រើប្រាស់បច្ចេកវិទ្យានេះ។
ទទឹមនឹងការមកដល់របស់វា បច្ចេកវិទ្យាបន្ទាត់ទី នឹងធ្វើឲ្យការប្រកួតធំៗ នៅលីកកំពូលរបស់ពិភពលោក (ព្រីមែលីក) កាន់តែមានភាពប្រសើរជាងមុន ខណៈដែលវានឹងបន្ថែមជំនួយដល់លោកអាជ្ញាកណ្តាល ពីលើការកាត់ក្តីនានាដូចជា មិនឲ្យអ្នកចាំទីចាប់បាល់ នៅពេលដែលកីឡាករមិត្តរួមក្រុមបញ្ជូនបាល់ឲ្យ ឬអ្នកចាំទីពន្យាពេលជាដើម ដែលច្បាប់នោះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩២។
ក្រុមហ៊ុន ដែលផលិតបច្ចេកវិទ្យានេះ ជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស មានឈ្មោះថា «ភ្នែកស្ទាំង» (Hawk-Eye) ហើយវាត្រូវបានគេជ្រើសរើសពីលើក្រុមហ៊ុនអាឡឺម៉ង់ «ត្រួតពិនិត្យទី» (GoalControl) ដើម្បីដាក់ដំណើរការគ្រប់កីឡាដ្ឋានបាល់ទាត់ទាំងអស់ នៅក្នុងក្របខ័ណ្ឌព្រីមែលីករបស់អង់គ្លេស។
កំឡុងពេល ដែលរដូវកាលបានបញ្ចប់កន្លងមកនេះ ក្រុមហ៊ុនបានបំពាក់កាមេរ៉ា បន្ថែមទៀត ទៅលើកីឡាដ្ឋានក្រុមបាល់ទាត់ ទាំង២០ក្រុមនោះ ដែលចាប់ផ្តើមពីកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) របស់ក្រុមម្ចាស់ជើងឯក ម៉ែនឆេស្ទើ យូណៃធីត (Manchester United) រហូតដល់កីឡាដ្ឋាន ឃេស៊ី (KC Stadium) របស់ក្រុម ដែលទើបតែឡើងមកកាន់លីកកំពូលថ្មីៗ ហ៊ុលស៊ីធី (Hull City)។
ប្រព័ន្ធបច្ចេកវិទ្យា របស់ភ្នែកស្ទាំង នឹងប្រើប្រាស់កាមេរ៉ាធំៗ ចំនួន១៤គ្រឿង (៧គ្រឿង សម្រាប់ចាប់គ្រាប់បាល់បញ្ចូលទី)។ គ្រប់ចលនាបាល់ក្នុងការប្រកួត នឹងត្រូវបានកាមេរ៉ាចាប់យក នឹងបញ្ជូនទៅកាន់ប្រព័ន្ធកុំព្យូទ័រទាំងអស់។ ជាពិសេស នៅពេលដែលបាល់ឆ្លងផុតបន្ទាត់ទី នឹងមានសញ្ញាមួយ ដែលផ្តល់ជាសម្លេងទៅដល់កាសពាក់ត្រចៀករបស់លោកអាជ្ញាកណ្តាលក្នុងទីលាន ត្រឹមតែរយះពេល ១វិនាទីតែប៉ុណ្ណោះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ