ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

លិខិតចំហររបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព កាលពីថ្ងៃចន្ទបានផ្ញើរទៅអង្គការសហប្រជាជាតិ ដោយបាន​លើក​ឡើង​ថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០​គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានលើកឡើងទៀតថា ៖ «ទង្វើនេះ គឺមិន​ត្រឹមត្រូវនិងមិនអាចទទួលយកបាន ចំពោះប្រជាជនកម្ពុជា ហើយវាក៏មិនអាចជួយអ្វីបានទេ គឺមានតែបង្កើនភាពតានតឹង សម្រាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះ»។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: August 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញៈ ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បានសរសេរលិខិតចំហរមួយ ទៅអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យ​អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញចំពោះប្រទេសចិន ដែលបានផ្តល់អាវុធមកកម្ពុជា នៅគ្រាដែលកម្ពុជា​កំពុងជាប់​គាំងនយោបាយ ក្រោយការបោះឆ្នោត។


ផ្លាកផ្សាយបង្ហាញ ពីប្រទេសកម្ពុជាលែងត្រូវការកាំភ្លើងទៀតហើយ។ (រូបថត MONOROOM.info)

លិខិតចំហររបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព កាលពីថ្ងៃចន្ទបានផ្ញើរទៅអង្គការសហប្រជាជាតិ ដោយបាន​លើក​ឡើង​ថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០​គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានលើកឡើងទៀតថា ៖ «ទង្វើនេះ គឺមិន​ត្រឹមត្រូវនិងមិនអាចទទួលយកបាន ចំពោះប្រជាជនកម្ពុជា ហើយវាក៏មិនអាចជួយអ្វីបានទេ គឺមានតែបង្កើនភាពតានតឹង សម្រាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះ»។

ក្រុមការងារកម្ពុជាដើម្បីសន្តិភាព សរសេរនៅក្នុងលិខិតចំហរនោះទៀតថា ទោះបីជាប្រទេសចិនមានភាពស្និទ្ធ​ជាមួយ​កម្ពុជា តាំងពីយូរក៏ដោយ ក៏ប៉ុន្តែក្នុងអំឡុងពេលនេះ ប្រទេសចិនមិនគួរផ្តល់ជំនួយក្នុងអំឡុងពេលកម្ពុជា ជាប់គាំង​នយោបាយ​ទេ។ លិខិតបានបន្តទៀតថា៖ «នេះគឺជាពេលតានតឹងបំផុត សំរាប់ប្រជាជនកម្ពុជា»។

នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថា ពួកគេជុំរុញឲ្យអង្គការសហប្រជាជាតិ ធានាការស៊ើបអង្កេតភាពមិនប្រក្រតី នៃការ​បោះឆ្នោតដោយតម្លាភាព និងភាពជឿជាក់សម្រាប់ប្រជាជនកម្ពុជា អង្គការសហប្រជាជាតិ គឺជាអ្នកធានានូវសេរីភាព​មូលដ្ឋាន សិទ្ធមនុស្ស សន្តិភាព និងស្ថិរភាព ក្នុងចំណោមប្រទេសជាតិមួយ ហើយត្រូវតែធានាថា ជំនួយយោធារបស់ចិន​នៅក្នុងបរិយាកាសនេះ គឺមិនមានការភ័យខ្លាច និងមិនកំណត់សេរីភាពបញ្ចញមតិ របស់ប្រជាពលរដ្ឋនៅកម្ពុជាឡើយ។

លោក ជាង សុខា ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានមានប្រសាសន៍ថា មូលហេតុដែលក្រុមការងារកម្ពុជា​ដើម្បីសន្តិភាពធ្វើនេះ គឺដោយសារតែមានការព្រួយបារម្ភថា ស្ថានភាពនយោបាយកំពុងតែឡើងកំដៅ រវាងគណបក្ស​នយោបាយទាំងពីរ ហើយប្រសិនបើមានបាតុកម្ម រហូតដល់មានការបង្រ្កាបនោះ គឺអាវុធនេះក៏មានការចូលរួម ក្នុងការ​បង្ក្រាបបាតុករផងដែរ។ លោកបានឲ្យដឹងថា ៖ «ចំពោះដំណើរការកសាងសន្តិភាពនេះ អង្គការសហប្រជាជាតិ ក៏មាន​ការ​ចូលរួមផងដែរ ពុំមែនមានតែកម្ពុជាខ្លួនឯងនោះទេ ដូច្នេះយើងសង្ឃឹមថាអង្គការសហប្រជាជាតិ នឹងអាចធ្វើការឆ្លើយតប។ បើមិនដូច្នេះ នេះវាអាចនឹងធ្វើឲ្យមានការប៉ះពាល់ ដល់សន្តិភាពនៅកម្ពុជា។»

សុំរម្លឹកថា កាលពីថ្ងៃ៣០ ខែកក្កដា ប្រទេសចិន បានប្រគល់កាំភ្លើងខ្លីចំនួន ១០០០ ដើមនិងគ្រាប់ចំនួន ៥ ម៉ឺនគ្រាប់ ដល់​ប្រទេសកម្ពុជា នៅអគ្គស្នងការនគរបាលជាតិ ហើយមន្ត្រីបានលើកឡើងថា ជំនួយនេះ មិនមែនជាអ្វីដែលធ្វើឡើង ដើម្បី​រឹតបន្តឹងសន្តិសុខ នៅក្នុងអំឡុងរយៈពេលក្រោយការបោះឆ្នោតនោះទេ គឺជាកិច្ចព្រមព្រៀងចាស់ នៃកិច្ចសន្យា​សហ​ប្រតិបត្តិការ​ទ្វេភាគី សម្រាប់ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រវាងប្រទេសចិន និងកម្ពុជា។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហផ្ទៃ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ រីឯលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ នគរបាលជាតិ ពុំអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានស្រង់សម្តី នៅលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នា​ពេលកន្លងមកថា ៖ «អាជ្ញាធរចិនជាន់ខ្ពស់បាននិយាយថា កម្ពុជានិងចិន គឺតែងតែរួបរួមគ្នា ហើយចិនតែងតែជួយកម្ពុជា ទាំងជំនួយនិងចំណងទាក់ទងការទូត»។

កាលពីនៅចុងខែមករា ឆ្នាំ ២០១៣ ចិន បានសម្រេចផ្តល់ឲ្យកម្ពុជា នូវឧទ្ធម្ភាគចក្រចំនួន ១២គ្រឿង ក្រោមជំនួយកម្ចី​សម្បទានរបស់ចិន ស្មើនឹងតម្លៃ ១៩០លានដុល្លារអាមេរិក សម្រាប់បម្រើការសង្គ្រោះបន្ទាន់ និងការពារបូរណភាពដែនដី ដែនទឹក និងដែនអាកាសកម្ពុជា។ កាលពីឆ្នាំ២០១១ ចិនបានផ្តល់ជំនួយឥតសំណងផ្នែកយោធាជាទ្រង់ទ្រាយធំលើកទី២ ឲ្យកងទ័ពកម្ពុជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ។

ហើយនៅដើមខែឧសភាឆ្នាំ២០១០ ក្នុងដំណើរទស្សន កិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយជាសម្ភារៈយោធាដែលមានតម្លៃសរុប ១០០ លានយ័ន ស្មើ​នឹង១៤លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា សម្ភារៈទាំងនោះមានរថយន្តយោធាចំនួន២៥៧គ្រឿង សម្លៀក​បំពាក់​និង​សម្ភារៈផ្សេងៗមួយចំនួនទៀតចំនួន៥ម៉ឺនសម្រាប់៕

-----------------------------------------------------
ដោយ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...