ទេព នីថា៖ គណៈកម្មការចម្រុះមិនអាចបង្កើតបានទេ
ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅរួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)
លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅសមត្ថកិច្ចរបស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។
លោកបន្តថា ដូចច្នេះ គ.ជ.ប មិនអាចពន្យាពេលទៀតបានទេ ចាំបាច់ត្រូវប្រកាសលទ្ធផលបណ្តោះអាសន្ននៅពេលនេះ ព្រោះជាគោលការណ៍ច្បាប់បោះឆ្នោត។ ទន្ទឹមនឹងនេះលោក ទេព នីថា បញ្ជាក់ថា៖ «គណបក្សនយោបាយ ដែលជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតទាំងមូល ឬផ្នែកណាមួយ អាចប្តឹងមក គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ ក្នុងរយៈពេល៧២ម៉ោង»។
តែទោះជាយ៉ាងណាក្តី ការប្រកាសលទ្ធផលបណ្តោះអាសន្ននៅពេលនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលជាង៤០អង្គការសមាគម សម្បែងការខកចិត្ត និងហៅសកម្មភាពនេះថាជាការផ្តាច់ផ្លូវចរចារហើយក៏បណ្តាលឲ្យមានភាពមានតានតឹង បន្ថែមទៀត។
សូមរម្លឹកថាគណៈកម្មការចម្រុះ និងមានភាពឯករាជ្យត្រូវបានស្មើរឲ្យបង្កើត ដោយគណបក្សសង្រ្គោះជាតិ ដើម្បីស៊ើបអង្កេតរួមគ្នា ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ប៉ុន្តែគណៈកម្មការចម្រុះនេះ បានជួបភាពចម្រូងចម្រាសក្នុងការបង្កើត ដោយហេតុថាការចរចារមិនត្រូវគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អំពីតួនាទីនិងសមាសភាពក្នុងគណៈកម្មការចម្រុះ។
បើទោះជាលទ្ធផលបណ្តោះអាសន្នបានប្រកាសហើយក្តីក៏លោក គល់ បញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) បានពន្យល់ថា វាមិនជាការចាំបាច់ចំពោះវត្តមានរបស់ គ.ជ.ប នៅក្នុងគណៈកម្មការចម្រុះនោះទេ។ ព្រោះគណបក្សនយោបាយទាំងពីរ បន្ទាប់ពីការចរចារគ្នាមានចំណុចត្រូវគ្នាច្រើនហើយ អំពីការបង្កើតគណៈកម្មការចម្រុះ។
លោក គល់ បញ្ញា បន្ថែមថាគណបក្សទាំងពីរ អាចចរចារជាមួយគ្នាបន្តទៀត អំពីចំណុចទាំងឡាយណាដែលមិនទាន់ត្រូវ ដើម្បីឈានទៅបង្កើតគណៈកម្មការចម្រុះនេះ ឲ្យលេចចេញជារូបរៀង។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បានបដិសេធមិនទទួលស្គាល់ លទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយ គ.ជ.ប និងចាត់ទុកការប្រកាសលទ្ធផលបណ្តោះអាសន្ន ក្នុងពេលនេះបានបង្កផលប៉ះពាល់ដល់ដំណើរការចរចារ។ អនុប្រធានគណបក្សប្រឆាំងរូបនេះ នៅតែទទូចឲ្យមានការចរចារបន្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ តែលោកបានទម្លាក់ការទទួលខុសត្រូវ ទៅលើ គ.ជ.ប ប្រសិនបើមានបាតុភាពអ្វីមួយកើតឡើង។
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ