«អាយហ្វូន ៥អេស» នឹងប្រកាសចេញលក់នៅថ្ងៃទី១០ ខែកញ្ញា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនអ័បផល (Apple) បានចេញកាលវិភាគ ប្រកាសចេញទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយ «អាយហ្វូន ៥អេស» (iPhone 5S) នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។
រូបរាងពីខាងក្រោយរបស់ទូរស័ព្ទទំនើបអាយហ្វូន សេរី ៥។ (រូបថត MONOROOM.info/ D. KEO)
កន្លងមកយើងឃើញថា «អាយហ្វូន ៥» (iPhone 5) បានប្រកាសចេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ហើយបានចេញលក់នៅថ្ងៃទី២១ ខែកញ្ញា ខណៈដែល «អាយហ្វូន ៤អេស» (iPhone 4S) ប្រកាសចេញកាលពីថ្ងៃទី០៤ ខែតុលា នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។
ដូច្នេះស៊េរីអាយហ្វូនបន្ទាប់នេះ ក៏អាចនឹងមានភាពស្រដៀងគ្នាដែរ វានឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១៩ ខែកញ្ញា បើវាពិតជាប្រកាសចេញនៅថ្ងៃទី១០ ខែកញ្ញាពិតមែន។
ទទឹមនឹងការប្រកាសចេញនូវ «អាយហ្វូន ៥អេស» នេះ ក៏មានពាក្យចចាមអារ៉ាមផងដែរថា ក្រុមហ៊ុនអ័បផល គ្រោងនឹងប្រកាសស៊េរី អាយហ្វូនមួយប្រភេទផ្សេងទៀត ដែលមានតម្លៃសមរម្យ«ថោក»ជាងមុន មានឈ្មោះថា «អាយហ្វូន ៥ស៊ី» (iPhone 5C)។ ឧបករណ៏នោះ ត្រូវបានគេដឹងថា សំបករបស់វាផលិតពី ប្លាស្ទិក ដែលធ្វើឲ្យមានតម្លៃទាបជាងអាយហ្វូនធម្មតា។
រីឯ «អាយហ្វូន ៥អេស» គ្រាន់តែធ្វើកំណែប្រែបន្តិចបន្តួចពីលើ «អាយហ្វូន ៥» ដែលមានស្រាប់តែប៉ុណ្ណោះ ដោយវាមានកាមេរ៉ា ១២ម៉េហ្គាភិចស្យែល ខណៈដែល «អាយហ្វូន ៥» មានតែ ៥ម៉េហ្គាភិចស្យែល។ ហើយវាបន្ថែមភ្លើង១គ្រាប់ទៀត ធ្វើឲ្យមានភ្លើងបាញ់២គ្រាប់ (dual-LED flash) ខណៈដែល «អាយហ្វូន ៥» មានភ្លើងតែ១គ្រាប់ (LED flash)។
ប៉ុន្តែអ័បផល គ្រោងនឹងធ្វើការកែប្រែធំ នៅស៊េរី «អាយហ្វូន ៦» ដែលនឹងចេញនៅឆ្នាំ២០១៤ ហើយពួកគេក៏មានគម្រោងចង់ប្រកាសចេញ «អាយផេដ ៥» (iPad 5) នៅខែកញ្ញាខាងមុខនេះផងដែរ។ ដូច្នេះនៅខែកញ្ញា អ័បផលអាចនឹងប្រកាសចេញផលិតផលថ្មី ៣ស៊េរីជាមួយគ្នាតែម្តង។
គ្រប់ឧបករណ៏ ស៊េរី «អាយ» (iDevices) ថ្មីៗទាំងអស់ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការន៏ជំនាន់ថ្មីដែរ ពោលគឺដំណើរការដោយ ប្រព័ន្ធដំណើរការ «អាយអូអេស ៧» (iOS 7)។
ដូច្នេះយើងនឹងរងចាំមើល ការប្រកាសចេញនូវ «អាយហ្វូន ៥អេស» ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។ ចំពោះលក្ខណៈសម្បត្តិរបស់វាលំអិតយ៉ាងណានោះ មនោរម្យព័ងអាំងហ្វូ នឹងលើកយកមកបង្ហាញជូន បន្ទាប់ពីថ្ងៃប្រកាសនោះផងដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ