សម្ភាស​ហង្ស ពុទ្ធា៖ របៀប​បែង​ចែក​អាសនៈ និង​វិធី​បង្គ្រប់​សម្លេង​ក្នុង​មណ្ឌល

បន្ទាប់ពីការប្រកាសលទ្ធផល របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃច័ន្ទទី១២ខែសីហានេះ ម្ចាស់ឆ្នោត រួមនឹងអ្នកតាមដានសភាពការណ៍កម្ពុជា នៅមិនទាន់ដឹងថា ចំនួន​អសនៈដែលត្រូវចែកទៅឲ្យគណបក្ស ដែល​ត្រូវបានពលរដ្ឋបោះឆ្នោតឲ្យ មានចំនួនប៉ុន្មាននៅឡើយ។ ដើម្បីយល់ពីប្រព័ន្ទបែកចែកអសនៈនេះ មនោរម្យព័ងអាំងហ្វូ បានជួបជាមួយលោក ហង្ស ពុទ្ធា នាយកអង្គការ និចហ្វិក (NICFEC) ដើម្បីបង្ហាញពីការគណនា រកចំនួនអាសនៈទៅតាម​បណ្ឌលខេត្ត-ក្រុងនីមួយៗ ដែលគណបក្សត្រូវទទួលបានក្នុងរដ្ឋសភា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសលទ្ធផល របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃច័ន្ទទី១២ខែសីហានេះ ម្ចាស់ឆ្នោត រួមនឹងអ្នកតាមដានសភាពការណ៍កម្ពុជា នៅមិនទាន់ដឹងថា ចំនួន​អសនៈដែលត្រូវចែកទៅឲ្យគណបក្ស ដែល​ត្រូវបានពលរដ្ឋបោះឆ្នោតឲ្យ មានចំនួនប៉ុន្មាននៅឡើយ។ ដើម្បីយល់ពីប្រព័ន្ទបែកចែកអសនៈនេះ មនោរម្យព័ងអាំងហ្វូ បានជួបជាមួយលោក ហង្ស ពុទ្ធា នាយកអង្គការ និចហ្វិក (NICFEC) ដើម្បីបង្ហាញពីការគណនា រកចំនួនអាសនៈទៅតាម​បណ្ឌលខេត្ត-ក្រុងនីមួយៗ ដែលគណបក្សត្រូវទទួលបានក្នុងរដ្ឋសភា។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

កម្ពុជា បានជ្រើសរើសយកប្រព័ន្ធបោះឆ្នោតបែប«សមាមាត្រ»។ ប្រព័ន្ធនេះមានន័យថា អ្នក ឈរជាតំណាងរាស្រ្តទាំងអស់ ត្រូវចុះឈ្មោះក្នុងបញ្ជីនៃគណបក្សមួយៗ ហើយជ្រើសរើសទៅតាមលំដាប់ លេខរៀងក្នុងបញ្ជីនោះ ឯពលរដ្ឋវិញ​ត្រូវបោះ​ឆ្នោតទៅឲ្យគណបក្សនោះ មិនមែនបោះឲ្យបេក្ខជន ដែលខ្លួនស្រលាញ់នោះទេ។ ចំពោះការកំណត់ចំនួន​អាសនៈ(កៅអី)​វិញ ត្រូវធ្វើតាមច្បាប់ ដោយសរុបទាំង២៤ខេត្ត-ក្រុង មិនត្រូវតិចជាង១២៣នោះឡើយ។

ក្នុងប្រព័ន្ធ«សមាមាត្រ»នេះដដែល ការគណនារកចំនួនអាសនៈ ទៅតាមមណ្ឌលខេត្ត-ក្រុងនីមួយៗ ដែលគណបក្សត្រូវ​ទទួលបានក្នុងរដ្ឋសភា ត្រូវប្រើរូបមន្ត«មធ្យមភាគខ្ពស់បំផុត»។ នេះជាការបញ្ជាក់ឲ្យដឹង របស់លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅថា និចហ្វិក (NICFEC)។ ខាងក្រោមនេះ ជាសេចក្ដីលំអិត ដើម្បីបង្ហាញពីរបៀបបែងចែកអសនៈ។

សម្រាប់មណ្ឌល ដែលមានតែមួយអាសនៈ (មួយកៅអី)

លោកបានបញ្ជាក់ថា សម្រាប់អាសនៈតាមខេត្តនីមួយៗ ទោះជាមានប្រជាពលរដ្ឋតិចយ៉ាងណាក៏ដោយ ត្រូវតែមានមួយ​អាសនៈជាដាច់ខាត។ ឯខេត្តដែលមានប្រជាពលរដ្ឋច្រើន អាចមានច្រើនទីតាមនោះដែរ តែត្រូវផ្អែកទៅលើ​ចំនូនអ្នក​បោះ​ឆ្នោត មានន័យថាសម្រាប់អាណត្តិទីប្រាំនេះ ខេត្តដែលមានតែមួយអាសនៈ ឬមួយកៅអីដូចជា កោះកុង មណ្ឌលគិរី ព្រះវិហារ រតនគិរី ព្រះសីហនុ កែប ប៉ៃលិន ឧត្តរមានជ័យ លោកបានពន្យល់ឲ្យងាយយល់ថា បើគណបក្សណាមួយ ដែល​មានសម្លេងខ្ពស់ជាងគេ ទោះជាមួយសម្លេងក្តី នឹងត្រូវទទួលបាននូវអាសនៈ ដែលមាននោះដោយស្វ័យប្រវត្តិតែម្តង។ រីឯសម្លេងរបស់គណបក្សដែលតិចជាងនោះ ក៏នឹងត្រូវបោះចោលជា«អាសាបង់» ដោយមិនអាចយកទៅបង្គ្រប់ នៅក្នង​មណ្ឌលផ្សេងណាមួយបានឡើយ។

លោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបើខេត្តនោះ មានមួយអាសនៈ ហើយគណបក្សទាំងអស់ដែលចូលរួម មិនទទួល​បាន​សម្លេងតាមការកំណត់ ក្នុងការទទួលបានមួយអាសនៈនោះ ដូច្នេះគណបក្សណា ដែលមានសម្លេងគាំទ្រច្រើនជាងគេ ត្រូវទទួលបានអាសនៈនោះ។

សម្រាប់មណ្ឌល ដែលមានអាសនៈ(កៅអី) ចាប់ពីពីរឡើង

នាយកអង្គការនិចហ្វិកបន្តរថា សម្រាប់មណ្ឌលដែលមានអាសនៈ(កៅអី) ចាប់ពីពីរឡើង ជាដំបូងត្រូវឲ្យដឹងពីចំនូន​អ្នក​ដែលបានទៅបោះឆ្នោត នៅក្នុងមណ្ឌលនោះពិតប្រាកដសិន ហើយយកចំនួនសន្លឹកឆ្នោតបានការ(ពិត)នោះទៅ ចែកនឹង​ចំនួនអាសនៈដែលមានក្នុងខេត្តនោះ ដោយមិនគិតពីសំណល់ចែក។ លទ្ធផលដែលទទួលបានជា​ចំនួនសម្លេងស្មើរ​នឹង​មួយអាសនៈ។

សន្លឹកឆ្នោតបានការសរុប
------------------------------- = សន្លឹកឆ្នោតក្នុងមួយអាសនៈ
ចំនួនអាសនៈសរុប

លោកបានលើកយកបញ្ជីឈ្មោះក្នុងឆ្នាំ២០១២ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ជាឧទាហរណ៍ថា ខេត្តកំពង់ឆ្នាំងដែល​មានចំនួនបួនអាសនៈ ហើយចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតសរុប ស្មើរនឹងចំនួនសន្លឹកឆ្នោត​ដែលបានការចំនួន​ជាង​៣២ម៉ឺនសម្លេង ចែកនឹងចំនួនបួនអាសនៈ ស្មើរនឹង៨ម៉ឹន។ ៨ម៉ឹនសម្លេង មានន័យថាស្មើរនឹងមួយអាសនៈ ។

៣២ ម៉ឺនសម្លេង
--------------------- = ៨ ម៉ឺនសម្លេង ដែលជាចំនួនត្រូវទទួលបានក្នុង មួយអាសនៈ
៤ អាសនៈ

លោកបានបញ្ជាក់បន្ថែមថា ក្នុងករណីបែងចែកចំនួនអាសនៈដែលនៅសល់ ក្រោយពីបានចែកទៅតាមសម្លេងឆ្នោត ដែល​កំណត់ក្នុងការទទួលបានមួយអាសនៈ ក្នុងមណ្ឌលហើយនោះ ចំនួនអាសនៈដែលសល់ទាំងប៉ុន្មាន បានទៅ​គណបក្សណា ដែលមានសំណល់នៃផលចែកច្រើនជាងគេ ទោះមួយសម្លេងក៏ដោយ។ លោកថាករណីនេះ ខុសពីជំនាន់អ៊ុនតាក់ កាល​នោះចំនួនអាសនៈដែលនៅសល់ ត្រូវបានទៅគណបក្សណាដែលមានសម្លេងតិចជាងគេ។

លោកបន្តរថា សម្រាប់រូបមន្តរដែលកម្ពុជា កំពុងតែអនុវត្តក្នុងការបែងចែកអាសនៈនេះ ក្នុងករណីដែលគណបក្ស​ទាំងអស់​ក្នុងមណ្ឌល ក្រោយពីបានបែងចែកអាសនៈរួចរាល់ តែនៅសល់អាសនៈមួយ ឬពីរ (តែករណីសល់ពីរអាសនៈនេះ កំរនឹង​កើតមានណាស់ ភាគច្រើនបំផុតសល់តែមួយអាសនៈទេ) ដូច្នេះចំនួនអាសនៈដែលនៅសល់ (បើមានពីរ) ត្រូវបានទៅ​គណបក្សណា ដែលមានពលរដ្ឋគាំទ្រច្រើនជាងគេ។ មានន័យថា ទោះជាគណបក្សនោះទទួល​បានអាសនៈច្រើន​ហើយ​ក៏ដោយ តែគាត់មានសម្លេងគាំទ្រពីពលរដ្ឋច្រើនជាង ដូច្នេះចំនួនអាសនៈដែលនៅសល់ទាំងប៉ុន្មាន ត្រូវបានទៅគណបក្ស​នោះ។

ការនាំសម្លេងទៅបង្គ្រប់ឲ្យមណ្ឌលដទៃ

លោកបានលើកជាឧទាហរណ៍ថា មានគណបក្សនយោបាយខ្លះ បានធ្វើការប៉ាន់ប្រមាណមើលឃើញថា ក្នុងខេត្តព្រះវិហារ​មានមួយអាសនៈ ហើយមានចំនួនអ្នកបោះ១២ម៉ឺននាក់ ហើយចំនួនសម្លេងនឹងត្រូវទទួលបានអាសនៈនោះ ត្រឹមតែ៦ម៉ឺន​សម្លេង។ ដូច្នេះគាត់នឹងរៀបចំ ឲ្យមានសម្លេងយ៉ាងច្រើនបំផុត ត្រឹមតែ៦ម៉ឺន៥ពាន់សម្លេង សម្លេងរបស់គាត់ដែលនៅសល់ បើបោះក្នុងមណ្ឌលនោះវាឥតប្រយោជន៍ដដែល ដូច្នេះគាត់នឹងរៀបចំធ្វើយ៉ាងណា ត្រូវដឹកសម្លេងដែលសល់​ក្នុង​មណ្ឌល​នោះ ទៅបោះនៅមណ្ឌលដទៃផ្សេងទៀត ដែលគណបក្សគាត់មានសម្លេងតិច។

លោក ហង្ស ពុទ្ធា បានបន្តរថា ចំពោះសម្លេងកំណត់នូវចំនួនអាសនៈ នៅតាមមណ្ឌលទាំង២៤ខេត្ត-ក្រុងនោះ មិនស្មើគ្នា​នោះទេ វាអាស្រ័យលើចំនូនពលរដ្ឋ នៃមណ្ឌលនោះ ធៀបទៅនឹងចំនួនអាសនៈ ដែលបានកំណត់ទៅតាមមណ្ឌល​នីមួយៗ។ លោកបានសរុបជាទូទៅថា ភាគច្រើនចំនួនអាសនៈដែលនៅសេសសល់ក្នុងមណ្ឌលបោះឆ្នោតនីមួយ តែងតែ​បានទៅគណបក្សណាដែលមានសំឡេងឆ្នោតច្រើនជាងគេ ក្នុងមណ្ឌលនេះ ជាពេសេសបានទៅគណបក្ស​ណា​ដែល​ធំ​ជាងគេ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...