ព្រះសង្ឃ និងការបោះឆ្នោត៖ ការគាំទ្រឬធ្វើសកម្មភាពឲ្យគណបក្ស? ត្រូវឬខុស?
- ដោយ: អ៊ុម វ៉ារី ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: July 17, 2013
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេល១២ថ្ងៃនេះកន្លងមកនេះ គេសង្កេតឃើញថា ការឃោសនារបស់គណបក្សនីមួយៗ មានការចូលរួមជាច្រើនពីបណ្តាសកម្មជនគាំទ្ររបស់ខ្លួន ក្នុងនោះ ក៏មានការចូលរួមដោយផ្ទាល់ ពីសំណាក់ព្រះសង្ឃមួយចំនួន និងមួយចំនួន ទៀតបានគាំទ្រតាមរយៈការលើកដៃជាសញ្ញា ទៅតាមព្រះទ័យនៃព្រះសង្ឃទាំងនោះ នៅពេលមានវត្តមានគណបក្សណាមួយ បានដង្ហែរតាមផ្លូវក្បែរវត្តជាដើម។
ដើម្បីបានយល់ដឹងបន្ថែមពីបញ្ហាទាក់ទងនឹងព្រះសង្ឃ ជុំវិញការបោះឆ្នោតនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានជួបធ្វើបទសម្ភាសជាមួយព្រះសង្ឃ មន្រ្តីជំនាញទាំងរដ្ឋភិបាល និងសង្គមស៊ីវិលមួយចំនួន ព្រមទាំងលើកយកមូលដ្ឋានច្បាប់ ដែលនៅជាធរមាន មកធ្វើការបកស្រាយ ដូចខាងក្រោម។
ព្រះឥន្ទមុនី លឹម ឡុង គង់នៅវត្តឧណ្ណាឡោម មានសង្ឃដីកាថា ព្រះសង្ឃមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតបាន ព្រោះតែព្រះសង្ឃក៏ជាពលរដ្ឋម្នាក់ដែរ ច្បាប់ក៏មិនបានហាមឃាត់ទៀត ជាហេតុអាចឲ្យព្រះសង្ឃមានសិទ្ធិ សម្រេចព្រះទ័យចូលរួមក្នុងកិច្ចការនានា រួមទាំងកិច្ចអភិវឌ្ឍន៍របស់សង្គមជាតិផងដែរ ពិសេសចូលរួមក្នងការសម្រេចជោគវាសនាប្រទេសជាតិ តាមការបោះឆ្នោតនេះឯង។
តែព្រះភិក្ខុ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមន៍ខ្មែរកម្ពុជាក្រោម បានមានសង្ឃដីកាថា បើយោងតាម«ច្បាប់ព្រះពុទ្ធសាសនា» ព្រះសង្ឃមិនមានសិទ្ធិចូលរួម ក្នុងការបោះឆ្នោតនោះទេ។ តែព្រះភិក្ខុអង្គនេះ បានគាំទ្រចំពោះវត្តមាននៃព្រះសង្ឃ ក្នុងការចូលរួមការបោះឆ្នោត ដោយព្រះភិក្ខុយល់ឃើញថា មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ និងក៏មិនប៉ះពាល់ដល់ព្រះវិន័យធម៌ដែរ។ ព្រះភិក្ខុ មានសង្ឃដីការដូច្នេះថា ព្រះសង្ឃអាចគាំទ្រគណបក្ស ដែលខ្លួនពេញចិត្ត។
ព្រះភិក្ខុ សៀង សុវណ្ណារ៉ា បានមានសង្ឃដីការបន្ថែមថា ក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃអាចចូលរួមគិតពីប្រយោជន៍សាធារណៈ ឬសង្គមដែលជាប្រយោជន៍របស់ប្រជាជននឹងដើម្បីប្រជាជន។ ព្រះភិក្ខុ អង្គនេះបានផ្តល់ជាគំនិតផ្ទាល់ព្រះអង្គថា៖ «ព្រះសង្ឃគួរចូលរួមការបោះឆ្នោត ព្រោះព្រះសង្ឃអាចចូលរួមលើកស្ទួយជាតិ និងចង់បានជាតិមួយដែលរុងរឿង។ ការអវត្តមាន នៃការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃ អាចចាត់ទុកថា ជាបុគ្គលម្នាក់គ្មានតម្លៃក្នុងសង្គម»។
ដូច្នេះ ការលើកឡើងខាងលើ ព្រះសង្ឃត្រូវតែធ្វើជម្រើសរបស់ព្រះអង្គ ដើម្បីបោះយកគណបក្សណាមួយ ដែលសង្ឃលោកចង់គាំទ្រ និងជៀសពុំផុតពីភាពលំអៀង ដែលធម៌វិន័យតម្រូងឲ្យប្រកាន់នូវចិត្តស្ងប់ មិនខឹងមិនសប្បាយ មិនស្អប់នោះឡើយ។ ដោយហេតុនេះ លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានពន្យល់បន្ថែមថា ព្រះសង្ឃអាចទៅបោះឆ្នោតបាន តែលោកអាចរក្សា«ការសម្ងាត់» ពីគោលជំហរប្រកាន់គណបក្ស របស់ព្រះអង្គ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជារូបនេះ បានបន្តរថា តែមិនអាចធ្វើសកម្មភាពឃោសនា ឬឈរឈ្មោះតំណាងគណបក្សណាមួយបានឡើយ ព្រោះតែព្រះសង្ឃមានលក្ខណៈពិសេស ក្នុងការផ្តល់នូវឱវាទសម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់យើង មិនឲ្យព្រះសង្ឃចូលរួម ក្នុងកិច្ចការនយោបាយស៊ីជំរៅនោះទេ ដូចជាឈរឈ្មោះឲ្យគណបក្សនយោបាយណាមួយ ទៅប្រឆាំងនឹងគណបក្សនយោបាយមួយផ្សេងទៀត ដែលអាចមានរួបភាពមិនល្អ»។
ជាមួយគ្នានេះលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ដែលទំនងជាមិនភ្លេចពីក្រិត្យក្រម ដែលបានកំណត់ក្នុងច្បាប់បោះឆ្នោតនោះ ក៏បានបញ្ជាក់បន្ថែមដូចគ្នានេះដែរថា៖ «ព្រះសង្ឃអាចទៅបោះឆ្នោតបាន បើព្រះសង្ឃទាំងនោះបានចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត។ កុំឲ្យតែព្រះសង្ឃទាំងនោះ ទៅចូលរួមក្នុងការឃោសនា ឬចូលរួមធ្វើនយោបាយជាមួយបក្សណាមួយ ព្រោះខុសនឹងច្បាប់»។
បើតាមព្រះតេជគុណ ហុក សាវណ្ណ បានធ្វើការកត់ត្រាមួយតាំងពីឆ្នាំ២០០៨ ចំពោះ«ព្រះសង្ឃនិងការបោះឆ្នោត» ថាមានភាពវិជ្ជមាន និងអវិជ្ជមាន៖
- ផ្នែកវិជ្ជមាន : ការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃ ជាការ«កេងចំណេញ»នយោបាយពីព្រះសង្ឃ ដោយគណបក្ស ព្រោះគេយល់ថាព្រះសង្ឃនឹងបោះឆ្នោតឲ្យខ្លួន។ នេះក៏ដោយសារព្រះសង្ឃមានសិទ្ធិស្មើគ្នា ដូចពលរដ្ឋធម្មតាដែរ ពិសេសការបំពេញនូវកាតព្វកិច្ចជាពលរដ្ឋ ក្នុងការជ្រើសរើសអ្នកដឹកនាំ។
- ផ្នែកអវិជ្ជមាន : ការកត់សម្គាល់លើគុណធម៌នៃព្រះសង្ឃ ដែលធ្លាប់តែពលរដ្ឋគោរពប្រតិបត្តិនោះ នឹងអាចធ្លាក់ចុះ ព្រះសង្ឃគង់ជាភាព«កណ្តាល» នឹងត្រូវបាត់បង់។ កំណត់ត្រាដដែលនេះ សរសេរបកស្រាយលើបញ្ហានេះថា ការគាំទ្រគណបក្សផ្សេងគ្នា អាចជាមូលហេតុធ្វើឲ្យព្រះសង្ឃ និងព្រះសង្ឃបែកបាក់គ្នា។ ចំណែកព្រះសង្ឃ និងពលរដ្ឋ ក៏អាចមាននិន្នាការទៅគណបក្សនយោបាយរៀងៗខ្លួនដែរ រីឯវត្តអារាមវិញ ក៏នឹងអាចបែងចែកទៅតាមគោលជំហរនៃការប្រកាន់បក្សផ្សេងគ្នា។
ទាក់ទងនឹងការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃនេះ គេនៅចាំបានថាក្នុងឆ្នាំ២០០៣ ព្រះសង្ឃរាជគណមហានិកាយ បានចេញសារាចរណ៍«មិនឲ្យព្រះសង្ឃចូលរួមការបោះឆ្នោត»។ លុះឆ្នាំ២០០៦ ព្រះសង្ឃរាជគណមហានិកាយដដែល ក៏បានចេញសារាចរណ៍ថ្មី អនុញ្ញាតឲ្យព្រះសង្ឃចូលរួមការបោះឆ្នោត ក្នុងអាណត្តិទីបួនឆ្នាំ២០០៨វិញ។ តែក្នុងរបាយការណ៍មួយ របស់ព្រះតេជគុណ ហុក សាវណ្ណ និងតាមសង្ឃដីការរបស់ព្រះភិក្ខុ សៀង សុវណ្ណារ៉ា បានចាត់ទុកករណីចេញ សារាចរណ៍ថាជារឿង«នយោបាយ» មិនមែនជាព្រះវិន័យធម៌នោះឡើយ។
សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៤ ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។ និងមាត្រា៣៥ ក៏ចែងបន្ថែមថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ»។
តាមច្បាប់គណបក្សនយោបាយ មាត្រា១៥ ចែងថា «បុព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកំលាំងនគរបាលជាតិ អាចចូលរួមជាសមាជិកបក្សនយោបាយបាន តែមិនអាចធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សណាមួយឡើយ»។
សរុបជារួមតាមច្បាប់ជាធរមាន «ព្រះសង្ឃអាចចូលរួមក្នុងការបោះឆ្នោតបាន» នេះជាសិទ្ធិស្មើគ្នា ក្នុងនាមជាពលរដ្ឋដែលច្បាប់បានផ្តល់ឲ្យ។ បើអវត្តមានរបស់ព្រះសង្ឃ ក្នុងការចូលរួមបោះឆ្នោតនោះ មានន័យថាព្រះសង្ឃបានបាត់បងនូវសិទ្ធិ ដែលមានតាំងពីកំណើតជាពលរដ្ឋ បាត់បង់នូវកាតព្វកិច្ច និងឱកាសក្នុងការស្វែងរកថ្នាក់ដឹកនាំល្អ សម្រាប់ជាតិរបស់ខ្លួន៕