សម រង្ស៊ី៖ ហ្វ៊ុនស៊ីនប៉ិច​ទទួល​បាន​រង្វាន់ ព្រោះចេះ​ធ្វើ​តាម​បង្គាប់

គម្រោងគូសវាស នៃការបែកចែកអាសនៈ ដែលអាច​ធ្វើទៅរួច ក្នុងការយកកៅអីតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សដទៃ ទាំងគណបក្សទាំងនោះ គ្មានការគាំទ្រពីរាស្ត្រសោះនោះ ត្រូវបានលោក សម រង្ស៊ី មេដឹកនាំប្រឆាំងជាប្រវត្តិសាស្ត្រ របស់កម្ពុជា ប្រតិកម្មនៅថ្ងៃនេះ ដោយដាក់ឈ្មោះ ឲ្យគណបក្សមួយនោះ ថាជាគណបក្ស​«ចេះធ្វើតាមបង្គាប់»។
សម រង្ស៊ី៖ ហ្វ៊ុនស៊ីនប៉ិច​ទទួល​បាន​រង្វាន់ ព្រោះចេះ​ធ្វើ​តាម​បង្គាប់
ពីឆ្វេងទៅស្ដាំ៖ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច និងលោក ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា (រូបភាពកាលពីលោកទាំងពីរ នៅជាសហនាយករដ្ឋមន្ត្រី)។ (រូបថត EPA)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើប្រតិកម្មដ៏ខ្លីមួយ ចំពោះគម្រោងគូសវាស (Scénario) ក្នុងការបែងចែកអាសនៈសភា របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេងទៀត ទាំងគណបក្សទាំងនោះ គ្មានការគាំទ្រ​ទាល់តែសោះ ឬមានការគាំទ្រដ៏តិចតួច ពីពលរដ្ឋម្ចាស់ឆ្នោត។

ប្រតិកម្មរបស់មេដឹកនាំប្រឆាំង ជាប្រវត្តិសាស្ត្រ របស់កម្ពុជារូបនេះ បានធ្វើឡើង នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) ភ្លាមៗ ក្រោយការថ្លែងរបស់លោកនាយក ហ៊ុន សែន ដែលអះអាងនៅក្នុងថ្ងៃពុធ ទី១១ ខែតុលានេះ ថាគណបក្សប្រឆាំងនឹងត្រូវរំលាយ ក្នុងពេលឆាប់ៗខាងមុខ ហើយនឹងជំនួស ដោយគណបក្ស៥ផ្សេងទៀត។ 

នៅចំពោះកម្មករ-កម្មការិនីច្រើនពាន់នាក់ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងឡើងថា៖ «បើរំលាយបក្សមួយ បក្ស៥ទៀត ចូលជំនួស បានសេចក្តីថា ពីបក្ស២ ដល់បក្ស៦នៅក្នុងសភា។ នេះ វានឹងកើតមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ​។ ព្រឹកមិញនេះ​ ឃើញសារព័ត៌មា​នចុះផ្សា​យ អំពី​ការកែច្បាប់មួយចំនួន។ ព្រោះនៅកម្ពុជា មានគណបក្សនយោបាយរាប់សិប វាជាឋានសួគ៌លោកកិយ នៃបក្សនយោបាយ។»។

គណបក្សដែលទទួលបានភ័ពវាសនា អាចទទួលបានអាសនៈនេះ ត្រូវបានគេមើលឃើញថា អាចជាគណបក្សហ្វ៊ុនស៊ីនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដោយសារតែគណបក្សនេះ ទទួលបានសម្លេងគាំទ្រ ពីពលរដ្ឋម្ចាស់ឆ្នោត ក្នុងលេខរៀងលេខ៣ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣កន្លងទៅ។

ហើយរឿងរ៉ាវ ដែលឈានជាយថាហេតុ ទៅដល់ការរំលាយគណបក្សសង្គ្រោះជាតិនោះ ក៏មានបាតដៃរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច ចូលរួមដាក់ពាក្យបណ្ដឹង ទៅកាន់ក្រសួងមហាផ្ទៃដែរ មុននឹងពាក្យបណ្ដឹង​របស់គណបក្ស ត្រូវបានក្រសួងរដ្ឋមួយនេះ ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការដាក់បណ្ដឹង ឡើងទៅកាន់តុលាកាកំពូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧មុននេះ។

សម្រាប់លោក សម រង្ស៊ី បានហៅគម្រោងគូសវាសរបៀបនេះ ថានឹងធ្វើឲ្យកម្ពុជា ក្លាយជា«ទីប្រជុំជនដ៏កំពូល​ស្អុយរលួយ»មួយ ហើយគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលអាចទទួលបាន នូវអាសនៈទាំងនេះ គឺជា«រង្វាន់» ទៅនឹងការចេះស្ដាប់បង្គាប់។

អតីតប្រធានគណបក្សប្រឆាំងធំជាងគេ បានសរសេរដូច្នេះ ជាភាសាអង់គ្លេស និងមានន័យជាខេមរភាសាថា៖ «ប្រទេសកម្ពុជា ត្រូវបានធ្វើឲ្យប្រែក្លាយ ជាទីប្រជុំជន ដ៏កំពូលស្អុយរលួយមួយ។ គណបក្សហ្វុនស៊ីនប៉ិច ដែលទទួលបានការគាំទ្រ តែ៣% នៃសម្លេងឆ្នោត នឹងទទួលបានអាសនៈ របស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រ រហូតដល់ទៅ៤៤% ដើម្បីជារង្វាន់ ទៅនឹងការចេះធ្វើតាមបង្គាប់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...