មន្ត្រីច្បាប់អេហ្សីពម្នាក់ឈ្នះពានរង្វាន់ «Martin Ennals»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៧
- កែប្រែចុងក្រោយ: October 12, 2017
- ប្រធានបទ: យុត្តិធម៌-សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកឈ្នះជ័យលាភី នៃពានរង្វាន់ «Martin Ennals» ក្នុងឆ្នាំ២០១៧នេះ ត្រូវបានទៅលើលោក មហាមេដ ហ្សារ៉េ (Mohamed Zaree) មន្ត្រីផ្នែកតុលាការមួយរូប របស់ប្រទេសអេហ្សីព។ ពិធីប្រគល់រង្វាន់ ត្រូវបានរៀបចំធ្វើ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដោយសាលាក្រុង ហ្សឺណែវ ក្នុងប្រទេសស្វីស ក្រោមអធិបតីរបស់ស្នងការរង នៃស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។
ប៉ុន្តែគួរឲ្យស្ដាយ ដែលពិធីប្រគល់ពានរង្វាន់ខាងលើ មិនមានវត្តមានចូលរួម របស់លោក មហាមេដ ហ្សារ៉េ ទេ។ សកម្មជនសិទ្ធិមនុស្សរូបនេះ ត្រូវបានអាជ្ញាធរអេហ្សីព ហាមឃាត់មិនឲ្យចេញពីប្រទេស តាំងពីខែឧសភា ឆ្នាំទៅម៉ិញ។
រីឯមន្ត្រីខ្មែរទាំង៥នាក់ ដែលធ្វើការសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា និងមន្ត្រីម្នាក់ទៀត មកពីប្រទេសសាលវ៉ាដ័រ ដែលត្រូវបានជ្រើសរើស ជាបេក្ខជន-នារីចុងក្រោយបង្អស់ សម្រាប់ការប្រកួតប្រជែងនេះ ទទួលបានត្រឹមតែជារង្វាន់ លើកទឹកចិត្ត ពីមូលនិធិ «Martin Ennals» ដែលជាម្ចាស់ពានរង្វាន់ខាងលើប៉ុណ្ណោះ។ មន្ត្រីខ្មែរទាំង៥នាក់ រួមមាន លោក នី ចរិយា (សព្វថ្ងៃ ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) - អ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និងលោក ណៃ វ៉ង់ដា (អ្នកទាំងបួនរូបខាងក្រោយនេះ ជាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក)។
មហាមេដ ហ្សារ៉ា ជានរណា?
លោក ជាសកម្មជនការពារសិទ្ធិមនុស្ស ដែលមិនចេះនឿយហត់ម្នាក់ និងជាមន្ត្រីផ្នែកតុលាការរបស់ប្រទេសអេហ្សីព ដែលមានជំនាញ ខាងសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងសេរីភាព នៃការធ្វើសមាគម។ លោក មហាមេដ ហ្សារ៉ា ក៏ត្រូវបានគេស្គាល់ដែរ ក្នុងតំណែងជានាយកប្រតិបត្តិ ក្នុងប្រទេសអេហ្សីព របស់វិទ្យាស្ថានក្រុង គែរ សម្រាប់ការសិក្សាស្ដីពីសិទ្ធិមនុស្ស ហៅកាត់ជាភាសាអង់គ្លេសថា «CIHRS» ដែលលាតសន្ធឹងកិច្ចការរបស់ខ្លួន នៅពាសពេញពិភពអារ៉ាប់។
នៅក្នុងបរិបទចុងក្រោយ នៃការបង្ក្រាប ពីសំណាក់រដ្ឋាភិបាលអេហ្សីព កាន់តែសាហាវទៅៗ ទៅលើអង្កការសមាគម ដែលធ្វើការផ្នែកសិទ្ធិមនុស្ស នៅក្នុងប្រទេស លោក មហាមេដ ហ្សារ៉ា បានក្លាយជាមន្ត្រីដ៏សំខាន់ និងនាំមុខមួយរូប នៃចលនាសិទ្ធិមនុស្ស នៅក្នុងប្រទេសអេហ្សីព។ ក្នុងពេលសព្វថ្ងៃ លោក ហ្សារ៉ា គឺជាមុខសញ្ញាមួយ នៃការស៊ើបអង្កេត ជុំវិញសំនុំរឿង «ទទួលហិរញ្ញវត្ថុពីបរទេស» ហើយអាចនឹងត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
បើទោះជាយ៉ាងនេះក្ដី លោក មហាមេដ ហ្សារ៉ា នៅតែធ្វើការជជែក-ពិភាក្សា ជាមួយអាជ្ញាធរអេហ្សីព តាមលទ្ធភាពរបស់លោក ដែលអាចធ្វើបាន ក្នុងន័យថា «ការគោរពសិទ្ធិមនុស្ស នឹងជួយពង្រឹងស្ថិរភាព នៅអេហ្សីព»។
ពានរង្វាន់ «Martin Ennals» ជាអ្វី?
មូលនិធិពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិធំៗ ចំនួន១០ នៅក្នុងពិភពលោក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពានរង្វាន់នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩៣មកនោះ មានទិសដៅ ដើម្បីអះអាងជាថ្មី ពីកិច្ចការប្រកបដោយហនិភ័យ របស់ក្រុមអ្នកធ្វើកិច្ចការ ដើម្បីវិស័យសិទ្ធិមនុស្ស នៅលើពិភពលោក និងដើម្បីការពារពួកគេ។ កាលពីឆ្នាំ២០១២ ព្រះសង្ឃ លួន សូវាត ក៏បានឈ្នះពានរង្វាន់ខាងលើដែរ។ អង្គការអន្តរជាតិ ទាំង១០នោះ ដែលបានចូលរួម ក្នុងការវិន្និច្ឆ័យជ្រើសរើស អ្នកឈ្នះពានរង្វាន់នេះ រួមមាន៖
- Amnesty International
- Human Rights Watch
- Human Rights First
- FIDH – Fédération internationale des droits de l’homme
- Organisation mondiale contre la torture
- Front Line Defenders
- Commission internationale de juristes
- EWDE Germany
- Service international pour les droits de l’homme
- HURIDOCS៕