ប្រសិនជា «iPhone 7Pro» មានប្រដាប់ចាប់រូបថតដល់ទៅពីរ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៩ មីនា ២០១៦
- កែប្រែចុងក្រោយ: March 21, 2016
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីពីរសប្ដាហ៍មុន រូបថតមួយសន្លឹក ដែលថតឃើញព្រាលៗ (ដូចជាចង់ធ្វើឲ្យជឿ ថាជារូបថតដែលលួចថត ពីមន្ទីរពិសោធន៍ អ័បផល) នូវទូរទស័ព្ទ អាយហ្វូន ជំនាន់ទី៧ថ្មី (iPhone 7 Pro ឬ iPhone 7 Plus) ត្រូវបានបង្ហោះ នៅពាសពេញបណ្ដាញសង្គម។ ឃើញជាដំបូងគេ នៅលើគេហទំព័រចិនមួយ ឈ្មោះ «MacRumor» រូបថតនោះបានបង្ហាញឲ្យដឹង ពីខាងក្រោយទូរស័ព្ទ នូវប្រដាប់ចាប់រូប ចំនួនដល់ទៅពីរ។
បន្ថែមពីលើរូបថតដ៏ចម្លែកនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គេហទំព័រ «Nowhereelse.fr» បានផ្សាយរូបថតមួយទៀត ដែលមានលក្ខណៈដូចទៅនឹងអ្វី ដែលរូបថតមុនបានបង្ហាញឲ្យដឹង៖ នោះគឺទូរស័ព្ទ «iPhone 7 Pro» ដែលត្រៀបចេញលក់ នាពេលខាងមុខ នឹងមានប្រដាប់ចាប់រូប ដល់ទៅពីរ។
» រូបថតចចាមអារាម ដែលបានចេញផ្សាយដំបូង៖
ទោះរូបភាពទាំងនេះ ជាការបែកធ្លាយមុនការប្រកាសជាផ្លូវការ ឬជាការកាត់តរូបភាពក៏ដោយ តែបើពិនិត្យតាមលក្ខណៈបច្ចេកទេស វាពិតជាអាចទៅរួច។ ហើយករណី ប្រដាប់ចាប់រូបច្រើន នៅលើទូរស័ព្ទតែមួយនេះ មិនមែនមានត្រឹមតែ អាយហ្វូន នោះទេ ព្រោះទូរស័ព្ទ «LG G5» របស់ក្រុមហ៊ុន «LG» ក៏បានបង្ហាញថា វាមានប្រដាប់ចាប់រូប ចំនួនពីរដូចនេះដែរ។
ប្រដាប់ចាប់រូបច្រើន នៅលើម៉ាស៊ីនតែមួយនេះ អាចមានតួនាទីច្រើន ជាពិសេសក្នុងការបង្កើតរូបភាព «3D» ឬពង្រីកលទ្ធភាពចាប់រួប ឲ្យបានកាន់តែទូលាយ។ ប៉ុន្តែម្យ៉ាងទៀត ប្រដាប់ចាប់រូបមួយ ពីក្នុងចំណោមប្រដាប់ចាប់រូបទាំងពីរ អាចមានតួនាទីផ្សេង ដូចជាបន្ថែមពន្លឺ ដាក់ពណ៌ឲ្យស៊ីជម្រៅ... ដូចករណីរបស់ទូរស័ព្ទ «One M8» របស់ក្រុមហ៊ុន «HTC» ជាដើម។
» ប្រដាប់ចាប់រូបពីរ ដែលអាចដាក់ឲ្យដំណើរការ នៅក្នុងម៉ាស៊ីនតែមួយ៖
យ៉ាងណាក៏ដោយ ក្រុមហ៊ុនយក្ស អ័បផល របស់អាមេរិក នឹងពិតជាប្រកាសឲ្យដឹង ពីលក្ខណៈពិសេសថ្មី នៃផលិតផលអាយហ្វូនរបស់ខ្លួន នៅពេលការប្រកាសដាក់លក់ ត្រូវបានធ្វើជាផ្លូវការ។ បើអញ្ចឹង... សូមរង់ចាំបន្តិចទៅ! ឬយូរបំផុត រង់ចាំដល់ខែកញ្ញាខាងមុខ៕