អាល្លឺម៉ង់ ឈ្នះ ឈីលី ហើយលើកពាន«អន្តរសហព័ន្ធឆ្នាំ២០១៧»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 02, 2017
- ប្រធានបទ: ពានអន្តរសហព័ន្ធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជើងឯកពិភពលោក ឆ្នាំ២០១៤ បានឈ្នះជាជើងឯក នៃពាន«អន្តរសហព័ន្ធ (Confederations Cup)» សម្រាប់ឆ្នាំ២០១៧នេះទៀត ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសរ៉ូស្ស៊ី នៅមុនព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំក្រោយ។ ក្រុមបាល់ទាត់អាល្លឺម៉ង់ ទើបនឹងដណ្ដើមបានពានរង្វាន់ថ្មីនេះមួយទៀត នៅមុននេះបន្តិច បន្ទាប់ពីបានប្រកួត និងបានប្រកួតឈ្នះយ៉ាងតឹងតែង ជាមួយក្រុម ឈីលី ដែលជាជើងឯក មកពីសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ក្នុងឆ្នាំ២០១៦។
គ្រាប់បាល់មួយគ្រាប់ ដែលក្រុមកីឡាករអាល្លឺម៉ង់រកបាន ក្នុងនាទីទី ២០ ដើម្បីទទួលបានជ័យជំនះនេះ បណ្ដាលមកពីកំហុស របស់កីឡាករខ្សែការពាររបស់ក្រុម ឈីលី ដែលបានដំអក់បាល់របស់ខ្លួន នៅពីមុខទី មុននឹងត្រូវកីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ឆាបយក ហើយបញ្ជូនទៅឲ្យខ្សែប្រយុទ្ធម្នាក់ទៀត ជាអ្នកទាត់បញ្ចូលទី។
រីឯចំណាត់ថ្នាក់លេខ៣ សម្រាប់ក្របខណ្ឌពានរង្វាន់ដដែល បានធ្លាក់ទៅលើក្រុមព័រទុយហ្គាល់ បន្ទាប់ពីក្រុមនេះបានប្រកួតយកឈ្នះ ដោយពិន្ទុ២ៈ១ ពីលើក្រុមម៉ិកស៊ិក ក្នុងការប្រកួតមួយទៀត មុនការប្រកួតផ្ដាច់ព្រ័ត្រ (អាល្លឺម៉ង់-ឈឺលី)។
សូមបញ្ជាក់ដែរថា ជ័យជំនះលើកពាន របស់ក្រុមបាល់ទាត់អាល្លឺម៉ង់នេះ ត្រូវរាប់បញ្ចូលថែម ជាមួយជ័យជំនះមួយទៀត ដែលក្រុមជម្រើសជាតិ អាយុក្រោម២១ឆ្នាំ «U21» របស់ប្រទេសអាល្លឺម៉ង់ ទើបនឹងទទួលបានដែរ កាលពីថ្ងៃទី៣០ ខែមិថុនាមុននេះ បន្ទាប់ពីក្រុមនោះបានជួបប្រកួតឈ្នះ ដោយពិន្ទិ១ៈ០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម «U21» របស់ប្រទេសអេស្ប៉ាញ។
បើពិនិត្យមើលជ័យជំនះ ជាបន្តបន្ទាប់ របស់ក្រុមអាល្លឺម៉ង់ទាំងពីរ បានធ្វើឲ្យគេគិតថា ពិភពបាល់ទាត់ពិតជាគ្មានប្រទេសណាផ្សេង ដែលមានកីឡាករខ្លាំងៗ ល្អៗ និងបច្ចេកទេសដ៏អស្ចារ្យ ដូចក្រុមបាល់ទាត់ មកពីប្រទេសអាល្លឺម៉ង់នោះទេ។ ហើយនេះ គេនៅមិនទាន់និយាយដល់ផងទេ ថានៅក្នុងការប្រកួតដណ្ដើម «ពានអន្តរសហព័ន្ធ» ឆ្នាំ២០១៧នេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ មិនបានយកកីឡាករខ្លាំងៗ របស់ខ្លួនទាំងអស់ មកជុំជើងគ្នានៅឡើយ៕