សុបិន្ដរបស់ក្រុមស្វាយរៀង ត្រូវបាត់បង់ បន្ទាប់ពីចាញ់ភ្នំពេញក្រោន ៣-១
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គោលបំណងរបស់ក្រុមបាល់ទាត់ស្វាយរៀង ដែលចង់ឡើងកាន់ដំណែងលេខ១ លើកំពូលតារាង មិត្តហ្វូនខេមបូឌាលីកនោះ ត្រូវបានរលាយទាំងស្រុង បន្ទាប់ពីក្រុមមួយនេះ ប្រកួតចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-១ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសៅរ៏នេះ។
ក្រុមបាល់ទាត់ មកពីខេត្តស្វាយរៀង។
កីឡាករសញ្ជាតិហូឡង់ ពាក់អាវលេខ៤៩របស់ភ្នំពេញក្រោន អេលរ៉យ វ៉ាន់ដឺហូហ្ស (Elroy Van Der Hooft) បានញាក់ដាច់ខ្សែការពាររបស់ក្រុមស្វាយរៀងពីរទៅបីនាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទី ផុតដៃអ្នកចាំទីសំរឹទ្ធ សីហា បានគ្រាប់ទី១ នៅនាទីទី១៥។
នៅនាទីទី២០ កីឡាករអេលរ៉យ ដដែល លោតកាប់ស៊ីស្សូ បានមួយគ្រាប់ទៀត បន្ទាប់ពីទទួលបាល់មកពីមិត្តរួមក្រុម គួច សុកុម្ភះ ហើយជួយឲ្យក្រុមភ្នំពេញក្រោន ធ្វើការនាំមុខ ២-០ បណ្តោះអាសន្ននៅវគ្គទី១។
ចូលដល់ការប្រកួតវគ្គទី២ ក្រុមស្វាយរៀង បានប្តូរកីឡាករមួយចំនួន ហើយប្តូរទម្រង់ផងដែរ។ ស្វាយរៀង ហាក់ដូចជាមានប្រៀបជាងនៅដើមវគ្គទី២ ដោយបានធ្វើការគ្របដណ្តប់ទៅលើភ្នំពេញក្រោនយ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា មិនមានឱកាសបណ្តើរបាល់ចូលកៀកទីខាងភ្នំពេញក្រោនបាននោះទេ។
ក្រុមម្ចាស់ជើងឯក៤សម័យកាល (ភ្នំពេញក្រោន) នៅតែមិនបោះបង់ឱកាសវាយសម្រុកដដែល បើទោះបីជានាំមុខ ២-០ ហើយក៏ដោយនោះ។ ខណៈដែលស្វាយរៀង បានដាក់សម្ពាធកាន់តែខ្លាំង ភ្នំពេញក្រោន ក៏កាន់តែមានឱកាសល្អៗដូចគ្នា។ ជាក់ស្តែងនៅនាទីទី៧៧ ខ្សែប្រយុទ្ធឆ្នើម ឡេង មករា ដែលពាក់អាវលេខ២៣ បានទាត់ចូលទី១គ្រាប់ទៀត ធ្វើឲ្យភ្នំពេញក្រោនកាន់តែមានភាពកក់ក្តៅ។
ចំណែកឯក្រុមស្វាយរៀង ក៏នៅតែវាយលុកដដែល ដ៏រាបណានាទីនៅតែមិនទាន់ចប់។ ខ្សែប្រយុទ្ធមុតស្រួច ពាក់អាវលេខ៩ ផាន់នី អ៊ីរដ្ឋា បានជួយរកគ្រាប់បាល់ឲ្យស្វាយរៀង បាន១គ្រាប់ នៅម៉ោងបន្ថែម ពោលគឺនៅនាទីទី៩៤។
ដូច្នេះ១៦ប្រកួតរបស់ក្រុមស្វាយរៀង ឈ្នះ៩ប្រកួត ស្មើ៣ប្រកួត និងចាញ់៤ប្រកួត មាន៣០ពិន្ទុ នៅក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ២ដដែល ខណៈដែលភ្នំពេញក្រោនប្រកួតទើបតែបាន១៥ប្រកួត ឈ្នះ៨ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត មាន២៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ដដែលដូចគ្នា ប៉ុន្តែកាន់តែមានពិន្ទុ ខិតជិតនឹងក្រុមស្វាយរៀង។ រីឯក្រុមលេខ១ នៅតែចំការកៅស៊ូបឹងកេត មាន៣១ពិន្ទុ ប៉ុន្តែប្រកួតទើបតែបាន ១៤ប្រកួតប៉ុណ្ណោះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ