បាល់ទាត់កម្ពុជា៖ គួច សុកុម្ភៈ បន្តកិច្ចសន្យា២ឆ្នាំទៀត ជាមួយភ្នំពេញក្រោន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាពបំផុត គួច សុកុម្ភៈ បានបន្តកិច្ចសន្យា២ឆ្នាំទៀត ជាមួយនឹងក្រុមម្ចាស់ជើងឯក ខេមបូឌានលីក (Cambodian League) ៤សម័យកាល ភ្នំពេញក្រោន កាលពីថ្ងៃពុធ។ នេះបើតាមគេហរទំព័រហ្វេសប៊ុកផ្លូវការ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសឲ្យដឹង។
កីឡាករ គួច សុកុម្ភៈ (ខាងឆ្វេង) និងអ្នកគ្រប់គ្រង។ (រូបថត ហ្វេសប៊ុក ភ្នំពេញក្រោន)
សុកុម្ភៈ វ័យ២៦ឆ្នាំ បានផ្ទេរពីក្រុមខេមរាកីឡា មកកាន់ក្រុមភ្នំពេញក្រោន កាលពីឆ្នាំ២០១០។ រហូតមកដល់បច្ចុប្បន្ន គាត់បានបង្ហាញខ្លួនឲ្យក្រុមភ្នំពេញក្រោនចំនួន ៥០ប្រកួតហើយ ក្នុងនោះគាត់ទាត់បញ្ចូលទីបាន ៣១គ្រាប់។
កីឡាករជម្រើសជាតិកម្ពុជា ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ សុកុម្ភៈ ធ្លាប់បានសាងស្នារដៃជាច្រើន ក្នុងនោះមានដូចជា៖
• ក្លិបខេមរ៉ាកីឡា៖ ឈ្នះពាន ហ៊ុនសែនខាប់ (Hun Sen Cup) ឆ្នាំ២០០៧ និងបានលេង ក្នុងពាន អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President's Cup) ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០៦។
• ក្លិបភ្នំពេញក្រោន៖ ឈ្នះពានខេមបូឌានលីក ឆ្នាំ២០១១ និងជួយឲ្យភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពាន អេអេហ្វស៊ី ប្រេស៊ីដិនខាប់ ឆ្នាំ២០១១។
• ពានរង្វាន់ផ្ទាល់ខ្លួន៖ ទទួលបានស្បែកជើងមាស ក្នុងការប្រកួតពានរង្វាន់ ហ៊ុនសែនខាប់ចំនួន៣សម័យកាល ពោលគឺបាននៅឆ្នាំ ២០០៧, ២០០៩ និង២០១០។
គ្រូបង្វឹកបង្គោលក្លិបភ្នំពេញក្រោន លោក សេម ស្វេនហ្គ្រុបឺ (Sam Schweingruber) សញ្ជាតិស្វីស បាននិយាយថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានព្រមព្រៀងគ្នាជាមួយកុម្ភៈ និងបានបញ្ចប់ភាពមន្ទិលសង្ស័យ ចំពោះអនាគតរបស់គាត់។ គាត់ជាកីឡាករ ដែលលេងបានល្អបំផុតកន្លងមក រហូតដល់បច្ចុប្បន្ន។»
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ខ្ញុំជឿថា យើងនឹងឃើញភាពឥតខ្ចោះរបស់គាត់បន្តទៀត។ ដូច្នេះយើងរីករាយ ហើយយើងនឹងត្រៀមខ្លួនឲ្យបានល្អ និងឲ្យបានរួចរាល់ចប់សព្វគ្រប់មុនរដូវកាលថ្មីមកដល់ក្នុងពេលខាងមុខ។»
គួរបញ្ជាក់ថា គួច សុកុម្ភៈ ជាខ្សែប្រយុទ្ធដ៏មុតស្រួច នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលពាក់អាវលេខ១០។ ហើយគាត់ត្រូវបានក្រុមអ្នកគាំទ្របាល់ទាត់កម្ពុជា ស្រលាញ់ និងចូលចិត្តយ៉ាងខ្លាំង ដោយសារតែមានសមត្ថភាពលេងបានល្អអស្ចារ្យ ហើយថែមទាំងមានឥរិយាបទសុភាពរាបសារ ពោលគឺគាត់ជាកីឡាករ ដែលមានសុជីវធម៌ល្អបំផុតនៅលើទីលានប្រកួត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ