ឧកញ៉ាម្នាក់ប្រកាសជូនកីឡាករខ្មែរ ដែលទាត់បាល់ពិន័យយប់ម៉ិញ «១លានរៀល»
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៧ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 08, 2016
- ប្រធានបទ: បាល់ទាត់-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះការប្រកួត នៅមិនទាន់ចប់ និងមិនទាន់ដឹងលទ្ធផលចាញ់ឈ្នះ ចុងក្រោយនៅឡើយ តែកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង រួចជាស្រេចហើយ ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។ ជាពិសេសគឺការគាំទ្រ លើកទឹកចិត្តពីសំណាក់ឧកញ៉ាម្នាក់ ទៅដល់កីឡាករ ប្រាក់ មុន្នីឧត្ដម ដែលរកគ្រាប់បាល់បាន មួយគ្រាប់បន្ថែមទៀត ដោយទាត់បាល់ពិន័យ នៅនាទីទី៦០ និងដែលធ្វើឲ្យក្រុមកីឡាករកម្ពុជា នាំមុខក្រុមកីឡាករ ឆាយនីសតៃប៉ិ រហូតដល់ពិន្ទុ២ទល់នឹង០។
លោកឧកញ៉ា ហេង សិទ្ធី បានប្រកាស នៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនថា លោកនឹងឧបត្ថម្ភទឹកប្រាក់ ចំនួនមួយលានរៀលដល់កីឡាករ ប្រាក់ មុន្នីឧត្តម ដែលជាអ្នកទាត់បាល់ពិន័យ បានសម្រេច។ ដើម្បីអាចទទួលយកការឧបត្ថម្ភនេះបាន លោកឧកញ៉ា បានស្នើទៅកីឡាករ ដើម្បីធ្វើការទាក់ទង ទៅកាន់ជំនួយការរបស់លោក ដោយមានទាំងលេខទូរស័ព្ទផង។ ប៉ុន្តែលេខទូរស័ព្ទនេះ ត្រូវបានលប់ចេញទៅវិញ នៅពេលបន្តិចក្រោយមក។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានទម្លាក់ក្រុមឆាយនីសតៃប៉ិ តាមរយៈការយកឈ្នះ ២-០ ក្នុងការប្រកួតសងវិញ ឬហៅថាការប្រកួតកាត់សេចក្តី នៅក្នុងទឹកដីខ្លួនឯង នាពហុកីឡដ្ឋានជាតិ ដើម្បីទទួលបានឱកាស ឡើងទៅប្រកួតនៅជុំទី៣ សម្រាប់ពានរង្វាន់ជើងឯកទ្វីបអាស៊ី «AFC Asian Cup 2019» ជាមួយប្រទេសខ្លាំងៗដទៃទៀត។
ការប្រកួតជើងទី១ នៅក្នុងរដ្ឋធានី តៃប៉ិ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ២-២ ដែលធ្វើឲ្យលក្ខខណ្ឌនៃការប្រកួតយប់នេះ មានសភាពតឹងតែងជាទីបំផុត ជាពិសេសម្រាប់ក្រុមតៃប៉ិ ដែលចាំបាច់ត្រូវតែឈ្នះ ដោយសារក្រុមកម្ពុជាមានប្រៀបមុន ព្រោះរកគ្រាប់បាល់បាន នៅលើទឹកដីគូប្រកួតបានរួចហើយ។ តែការប្រកួតនាយប់ថ្ងៃអង្គារម្សិលម៉ិញ បានចាប់ផ្ដើមត្រឹមតែ៦នាទីប៉ុណ្ណោះ ក្រុមកម្ពុជារកបានគ្រាប់បាល់នាំមុខបាត់ទៅហើយ។ គ្រាប់បាល់នេះ ត្រូវបានកីឡករ ហុង ផេង ប្រើក្បាលបញ្ជូនបាល់ ចូលទីរបស់គូប្រកួត។
រីឯនៅនាទីទី៦០ ដោយការធ្វើកំហុស របស់អ្នកចាំទីនៃក្រុមតៃប៉ិ ទៅលើកីឡាករកម្ពុជា ឈ្មោះ ចាន់ វឌ្ឍនាកា ដែលពូកែបណ្ដើរបាល់ទៅយ៉ាងលឿន ដល់ក្នុងតំបន់គ្រោះថ្នាក់នោះ អាជ្ញាកណ្ដាលបានពិន័យក្រុមតៃប៉ិ ដោយឲ្យក្រុមកម្ពុជា ទាត់បាល់ពិន័យដោយផ្ទាល់ នៅចំងាយ១១ម៉ែត្រ។ កីឡាករដែលរកគ្រាប់ទីពីរនេះ ជា«រន្ទះ»ជើងនៃកីឡាករ ប្រាក់ មុន្នីឧត្ដម ដែលទើបដាក់ឲ្យចូលលេងជំនួសកីឡាករ ហួយ ផល្លីន។ ប៉ុន្តែបើជ័យជំនះ កើតមានឡើង សម្រាប់ក្រុមកម្ពុជានោះ វាគឺជាការខិតខំរបស់ក្រុមទាំងមូល និងបច្ចេកទេសនៃការលេងដ៏ល្អ របស់កីឡាករទាំងអស់ រួមនឹងគ្រូបង្វឹកផង ដែលមិនអាចខ្វះនរណាមួយបានឡើយ។
នៅជុំទីបី ក្រុមកម្ពុជានឹងទៅជួបប្រកួតជុំ ជាមួយក្រុមដទៃទៀត មានក្រុមអាហ្វហ្គានីស្ថាន បារ៉ែន ហ្គាម ហុងកុង ស៊ូដង់ កៀហ្ស៊ីគីស្ថាន លីបង់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង អូម៉ង់ ប៉ាឡេស្ទីន ហ្វីលីពីន សិង្ហបុរី តួកម៉េនីស្ថាន និងវៀតណាម ព្រមជាមួយក្រុមចំនួន៧ទៀត ដែលឡើងមកពីការប្រកួត វគ្គជម្រុះជាបឋមនេះដែរ។ ជាសរុបនៅជុំទីបី មានទាំងអស់២៤ក្រុម ហើយវគ្គនេះ នឹងត្រូវធ្វើការចាប់ឆ្នោត ដើម្បីជួបទាត់ជាមួយក្រុមណាមួយ៕