វឌ្ឍនាកា ជួយឲ្យបឹងកេត ឈ្នះ អាមី យ៉ាងចាស់ដៃ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើ ចាន់ វឌ្ឍនាកា បានទាត់បាល់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ហើយជួយឲ្យក្រុមចម្ការកៅស៊ូបឹងកេត របស់កម្ពុជា បានយកឈ្នះក្រុម អាមី អេសស៊ី (Army SC) របស់ស្រីលង្កា ដោយលទ្ធផលសរុប ៦-០ ក្នុងការប្រកួតជម្រុះពូល C នៃព្រឹត្តិការណ៏ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣ នាពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ។
ខ្សែបម្រើ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យនៅនាទីទី២៦។ (រូបថត V.Chivann/ MONOROOM.info)
វឌ្ឍនាកា បានជួយឲ្យក្រុមម្ចាស់ជើងឯក មិត្តហ្វូនខេមបូឌានលីក នាំមុខមុនតាំងតែពីនាទី ទី៨ បន្ទាប់មកនៅនាទី ទី២៥ កីឡាកររបស់ក្រុម អាមី អេសស៊ី សាជិត ចាមៀរ៉ា (Sajith Chameera) ក៏ត្រូវលោក អាជ្ញាកណ្តាលពិន័យកាតក្រហម បន្ទាប់ពីកីឡាកររូបនេះ មានចេតនាយកដៃទៅប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់។
បឹងកេត ក៏កាន់តែមានភាពកក់ក្តៅថែមទៀត បន្ទាប់ពីវឌ្ឍនាកា ទាត់បាល់ប៉េណាល់ទី បានសម្រេចនៅនាទី ទី២៦។ នៅវគ្គទី២ ខណៈដែលក្រុម អាមី អេសស៊ី សល់គ្នាត្រឹមតែ ១០នាក់ ធ្វើឲ្យ បឹងកេត កាន់តែមានប្រៀបខ្លាំង ដោយវឌ្ឍនាកា រកបានគ្រាប់ទី៣ នៅនាទី ទី៦១ បន្ទាប់ពីកីឡាករបម្រុង កែវ សុខងន រកបានគ្រាប់ទី៤ នៅនាទី ទី៧២។
ខ្សែបម្រើ កែវ សុខផេង ក៏ជួយរកគ្រាប់បាល់បញ្ចូលទីបាន ១គ្រាប់ដែរ ដែលជាការទាត់មួយទំហឹងពីចម្ងាយចូលទី បានយ៉ាងល្អនៅនាទី ទី៨៤ ខណៈដែល វឌ្ឍនាកា ដដែលប្រើបច្ចេកទេសផ្ទាល់ខ្លួនបណ្តើរបាល់ដាច់ខ្សែការពាររបស់ អាមី អេសស៊ី ៣ ទៅ៤នាក់ រួមទាំងអ្នកចាំទី ហើយក៏ទាត់បាល់បញ្ចូលទីបានសម្រេច នៅចុងម៉ោង។
កីឡាករ ចាន់ វឌ្ឍនាកា បាននិយាយបន្ទាប់ការប្រកួតចប់ថា «ខ្ញុំពិតជាសប្បាយចិត្តពិតមែន ដោយមិននឹកស្មានថា ខ្លួនខ្ញុំអាចរកគ្រាប់បាល់បញ្ចូលទី បានដល់ទៅ ៤គ្រាប់ម្នាក់ឯង។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំចង់ឲ្យក្រុមទទួលបានជ័យជំនះ ជាពិសេសជួយឲ្យអ្នកគាំទ្រខ្មែរយើងមានក្តីសប្បាយរីករាយ និងមកជួយគាំទ្រឲ្យកាន់តែច្រើន។»
កីឡាករវ័យក្មេង អាយុត្រឹមតែ ១៩ឆ្នាំរូបនេះ បានបន្តថា «ទោះជាយ៉ាងណា នេះគ្រាន់តែជាការប្រកួតលើកដំបូង ដូច្នេះយើងនូវមានគូប្រកួតខ្លាំងៗទៀត នៅការប្រកួតបន្ទាប់។ ហើយខ្ញុំសង្ឃឹមថា ក្រុមរបស់យើងនឹងទទួលបានជ័យជំនះ ជាពិសេសនឹងអាចឡើងទៅកាន់វគ្គជាបន្ត។»
ចំណែកឯការប្រកួត ១គូទៀត ក្រុមម្ចាស់ជើងឯកលីក របស់តួកមេនីស្ថាន បាលកាន អេហ្វស៊ី (Balkan FC) បានប្រកួតឈ្នះ ក្រុមម្ចាស់ជើងឯកប្រទេសប៉ាឡេស្ទីន ហីលឡាល អាលហ្គាដស៏ (Hilal Al-Quds) ដោយលទ្ធផល ៣-២។
បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងធំធេង ក្រុមចម្ការកៅស៊ូបឹងកេត បានឡើងឈរលើកំពូងតារាងក្នុងពូល C ។ ហើយក្រុមខ្លាំងរបស់កម្ពុជាមួយនេះ នឹងត្រូវប្រកួតបន្ទាប់ជាមួយនឹងក្រុម បាលកាន អេហ្វស៊ី របស់តួមេនីស្ថាន ដែលជាក្រុមខ្លាំងដែរ នៅម៉ោង ០៤រសៀល ថ្ងៃទី០៨ ខែឧសភា នាពហុកីឡាដ្ឋានជាតិអូឡាំពិក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ