កម្ពុជា៖ នាយក​រដ្ឋមន្ត្រី​នឹង​នៅ​កាន់​អំណាច​ដល់​អាយុ ៧៤​ឆ្នាំ

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន ដែលកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៥មកនោះ បានប្រកាសសារជាថ្មី ស្ដីពីអាយុចូលនិវត្តន៍របស់លោក ដែលទំនងជាផ្ដល់ក្ដីសង្ឃឹមកាន់តែតិចទៅៗ ទៅក្រុមប្រឆាំង។ បន្ទាប់ពីបានប្រកាសពីពេលមុនថា លោកនឹងចូលនិវត្តន៍នៅអាយុ៩០នោះមក លោកទើបនឹងបានប្រកាសសាជាថ្មីថា លោកនឹងនៅកាន់តំណែងនេះ រហូតអាយុ៧៤ឆ្នាំ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន ដែលកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៥មកនោះ បានប្រកាសសារជាថ្មី ស្ដីពីអាយុ​ចូលនិវត្តន៍របស់លោក ដែលទំនងជាផ្ដល់ក្ដីសង្ឃឹមកាន់តែតិចទៅៗ ទៅក្រុមប្រឆាំង។ បន្ទាប់ពីបានប្រកាសពីពេលមុនថា លោកនឹងចូលនិវត្តន៍នៅអាយុ៩០នោះមក លោកទើបនឹងបានប្រកាសសាជាថ្មីថា លោកនឹងនៅកាន់តំណែងនេះ រហូត​អាយុ៧៤ឆ្នាំ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

«អាយុ៣២ ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី។ អញ្ចឹងខ្ញុំធ្វើពីក្មេង ដល់ឥឡូវខ្ញុំមានទាល់ចាស់ពីអង្កាល គ្រាន់តែធ្វើយូរទេតើ ហើយ​ធ្វើយូរ វាមានទៅទាស់ខុសអី?» នេះជាពាក្យសម្ដីរបស់លោកហ៊ុន សែន បុរសខ្លាំងរបស់ប្រទេសកម្ពុជា នៅក្នុងពិធីបើក​ការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ លេខ ៨៨ ក្រោមហិរញ្ញប្បទានរបស់ប្រទេសចិន កាលពីថ្ងៃទី០៦ខែមេសានេះ។

«ខ្ញុំនឹងទទួលធ្វើអោយដូច ចិននិងវៀតណាម។ ខ្ញុំនឹងធ្វើចេញពីអំណាច នៅអាយុ៧៤ឆ្នាំ។» លោកបានថ្លែងនេះ ខណៈ​ពេលដែលដៃគូរប្រឆាំងរបស់លោក ដែលកំពុងរស់នៅភៀសខ្លួននៅបរទេស ចោទលោកថា លោកនៅកាន់អំណាច ដូច​ជាយូរ«ជ្រុល»ពេកហើយ។

ពលរដ្ឋកម្ពុជា នឹងត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅខែកក្កដាខាងមុខ ហើយក្រុមអ្នកវិភាពបាន​រំពឹងរួច​ជា​ស្រេច ពីជ័យជំនះសារជាថ្មី របស់នាយករដ្ឋមន្ត្រីរូបនេះ។ នៅក្នុងការបោះឆ្នោតកន្លងមក  ក្រុមគណបក្សប្រឆាំង បានចោទ​លោកហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ថាបានលួចបន្លំសន្លឹកឆ្នោត និងបានគម្រាមសកម្មជន ដែល​មិន​ពេញចិត្តនយោបាយរបស់លោក។

មេដឹកនាំគណបក្សប្រឆាំង លោកសម រង្សី កំពុងរស់នៅភៀសខ្លួន នៅក្នុងប្រទេសបារាំង ដើម្បីគេចចេញពីការផ្ដន្ទាទោស ដាក់ពន្ធនាគារចំនួន១១ឆ្នាំ របស់ប្រព័ន្ធតុលាការកម្ពុជា ដែលលោក និងអ្នកស្និតនឹងលោក បានចាត់ទុកថាជា រឿង​នយោបាយ។ នៅក្នុងកិច្ចសម្ភាសកន្លងមក ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) លោក សម រង្សី បានចោទលោកហ៊ុន សែន ថាជាមនុស្ស«កំសាក» ដែលមិនចង់អោយលោកមកតទល់នយោបាយ នៅក្នុងសៃវៀន​ប្រដាល់ តាមរយៈការបោះឆ្នោតនាពេលខាងមុខ។

«ខ្ញុំត្រូវការពារខ្សែក្រវាត់ ហើយមកអោយខ្ញុំ ឡើងវ៉ៃយ៉ាងម៉េច?» នេះជាសម្ដីឆ្លើយ របស់លោកហ៊ុន សែននៅក្នុង​សេចក្ដី​ថ្លែងរបស់លោក កាលពីថ្ងៃម្សិលម៉ិញនេះ។ បុរសខ្លាំងរបស់កម្ពុជា បានឆ្លើយតបទៅមេបក្សប្រឆាំងសម រង្សី​ទៀត​យ៉ាង​ដូច្នេះថា «មានស៊ី អត់សែន មានសែន អត់ស៊ី តាំងពីឆ្នាំណានោះម៉ោ។ ឥឡូវវាអត់តែអញ្ចឹងមែន វាសល់តែអា​សែន។»

បើការរំពឹងទុករបស់លោកនាយករដ្ឋមន្ត្រីរូបនេះ ថានឹងចេញពីអំណាចនៅអាយុ៧៤ឆ្នាំនោះ គេបានមើលថា​លោកនឹង​ស្ថិត​នៅជាមេដឹកនាំកាន់អំណាច ចំនួន៣អាណត្តិ ជាបន្តទៅទៀត។ លោកហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជានាយក​រដ្ឋមន្ត្រី​ដែលកាន់អំណាច បានយូរជាងបង្អស់ នៅក្នុងចំណោមមេដឹកនាំ នៃប្រទេសប្រជាធិបតេយ្យ ដែលមានការ​បោះឆ្នោត​ទាំង​ឡាយក្នុងពិភពលោក។ នៅពេលដែលលោកអាយុ៧៤ឆ្នាំ លោកនឹងនៅក្នុងតំណែងជាមេដឹកនាំប្រទេស ក្នុងរយៈកាល​៤២ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ១៩៨៥មកនោះ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...