ហ្វេសប៊ុក ហ៊ុន សែន៖ អាណត្តិទី៥ នាំមកនូវការផ្លាស់ប្តូរល្អៗ
«អាណត្តិទី៥ នាំមកនូវការផ្លាស់ប្តូរល្អៗសំរាប់ប្រទេសជាតិ» នេះជាឃ្លាមួយដែលដកស្រង់ចេញពីទំព័រ ហ្វេសប៊ុកមួយ ដែលគេជឿថា ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ ឃ្លាដ៏ខ្លី តែមានន័យវែង ហាក់ចង់បញ្ជាក់អះអាងប្រាប់ទៅដល់អ្នកគាំទ្រទំព័រនេះ ពីអ្វីល្អៗ ដែលនាយករដ្ឋមន្ត្រីចាស់វស្សាជាងគេនៅអាស៊ីរូបនេះ នាំមកឲ្យសំរាប់សង្គមកម្ពុជាទាំងមូល។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សង្គមខ្មែរ - ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ទំព័រនេះត្រូវបានគេជឿថា ជារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ បានសរសេរនៅទំព័ររបស់ខ្លួនថា «រួបរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្លាស់ ប្តូរសង្គមជាតិអោយបានល្អប្រសើរ» ឃ្លានេះ ទំនងជាម្ចាស់ទំព័រ ចង់អោយប្រជាពលរដ្ឋកម្ពុជាប្រុសស្រី ត្រូវតែរួបរួមជាមួយលោក ហ៊ុន សែន ឬជាមួយរដ្ឋាភិបាលរបស់លោក បើចង់ឲ្យប្រទេសជាតិរីកចំរើន។
ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបនូវវិបត្តិសង្គម និងទទួលរងនូវការរិះគន់ និងការថ្កោលទោសពីប្រជាពលរដ្ឋ និងអន្តរជាតិ ចំពោះចំណាត់ការវាយបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ លើបាតុកម្មអហិង្សារបស់ពលរដ្ឋកន្លងមក ទំព័រហ្វេសប៊ុកដែលមានមនុស្សតាមដានជាង១៧ម៉ឺននាក់មួយនេះ បានរៀបរាប់ថែមទៀតថា «នេះជាពេលវេលាដ៏សំខាន់បំផុត សំរាប់មន្រ្តីទាំងអស់ ក្នុងការបំរើប្រជាពលរដ្ឋ អោយអស់ពីកំលាំងកាយចិត្ត។ ទំនុកចិត្ត និងតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន ត្រូវតែយកមកបំរើប្រជាពលរដ្ឋអោយបានត្រឹមត្រូវ និង ត្រូវចេះបរិច្ចាគធនធានជួយសហគមន៍ និងសង្គមជាតិរបស់យើង។»
ក្នុងទំព័រដែលនេះបន្តថា «រាជរដ្ឋាភិបាលកំពុងដំណើរការកំណែទម្រង់ ដែលរួមទាំងការគ្រប់គ្រង និងដឹកនាំរបស់មន្រ្តីក្រោមឱវាទទាំងអស់។ សម្តេចតេជោ មិនកាន់ជើង បុគ្គលអសកម្ម ខិលខូច ដែលធ្វើបាបប្រជាពលរដ្ឋឡើយ។ រាជរដ្ឋាភិបាលអាណត្តិទី ៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំមកនូវការផ្លាស់ប្តូរល្អៗសំរាប់ប្រទេសជាតិ»។
នៅក្នុងប្រតិកម្មរបស់អ្នកចូលរួមយោបល់ជាច្រើននោះ មានមួយចំនួន សុទ្ធសឹងតែជាអ្នកដែលបានយល់ស្រប ទៅនឹងការលើកឡើងខាងលើ។ អ្នកខ្លះថែមទាំងនិយាយដឹងគុណដោយមិនវៀចវេ នូវថ្ងៃ៧មករា ដែលបានផ្ដល់នូវជីវិតថ្មីឲ្យដល់ប្រជាជនកម្ពុជានោះថែមទៀត។ ប៉ុន្តែសម្រាប់អ្នកចូលរួមយោបល់ ទៅលើរូបថតនេះ ដែលមិនចូលចិត្តការដឹកនាំរបស់លោក ហ៊ុន សែន បានចូលខ្លួនមកបន្ថែមល្បោយ យ៉ាងព្រោងព្រាត។
ម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះថា ព្រះសង្ឃ ឯករាជ្យ បានសរសេរប្រតិកម្មថា «រួបរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្លាស់ប្តូរសង្គមជាតិអោយបានល្អប្រសើរ រួមមានចូលរួមបង្កើតអំពើពុករលួយ ក្នុងប្រទេសឲ្យកាន់តែបានច្រើន និងចូលរួមមិនចេះគោរពសិទ្ឋិមនុស្ស ឲ្យច្រើន ចូលរួមមិនទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើខុសច្បាប់ ឲ្យបានច្រើន យកដីធ្លីពីប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន ផ្ដាច់ការនិយមឲ្យកាន់តែច្រើន ជំពាក់លុយបរទេសឲ្យកាន់តែច្រើន ធ្វើបាបរាស្រ្តខ្មែរឲ្យកាន់តែច្រើន។»
ម្ចាស់ទំព័រមួយទៀត ឈ្មោះ Sambath Chhum បានសរសេរថា «បើចេះផ្លាស់ប្តូរ ផ្លាស់យូរហើយ ៣៥ឆ្នាំពូ កុំចង់មកបោក»។ កាន់តែឆ្ងាយជាងនេះ ម្ចាស់ទំព័រ Mana JB បានសរសេរឌឺដងដាក់ថា «ខ្ញុំស្រលាញ់សម្តេច និងគោរពនូវឧត្ដមគតិសម្ដេចជានិច្ច បើសិនជាពេលនេះសម្ដេចព្រមចុះចេញ... សម្ដេចអើយចុះចេញទៅ...»។
ការធ្វើបច្ចុប្បន្នភាពនៅលើទំព័រនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បានកើតឡើងចំពេលដែលបាតុកម្មតវ៉ា ទាមទារសិទ្ធិសេរីភាព បានផ្ទុះឡើងជាបន្តបន្ទាប់ ទោះជាអជ្ញាធរនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានព្យាយាមបង្ក្រាបយ៉ាងរង្គាលនោះក្ដី។ ការផ្ទុះបាតុកម្មជាបន្តបន្ទាប់ រួមនឹងការបង្ក្រាបរបស់កងកម្លាំងទាំងនេះ ជំរុញឲ្យមានប្រតិកម្មមកពីគ្រប់ទិសទី រិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ដោយពួកគេចាត់ទុកថា ភាសា«គតិបណ្ឌិត»ដែលសម្គាល់ពីតម្លែនៃការដឹកនាំរបស់លោក ហ៊ុន សែន បានកើតមានឡើងតែ«សម្បកក្រៅ»ប៉ុណ្ណោះ។
ក្រុមអ្នកជំនាញមួយចំនួន ថែមទាំងបានវាយតម្លៃ ពីកង្វះសមត្ថភាពរបស់មេដឹកនាំរូបនេះ ដែលសម្រាប់រយៈពេលជិត៣០ឆ្នាំមកនេះ មិនបានធ្វើឲ្យឃើញអ្វី«ផ្លាស់ប្ដូ» ក្រៅពីការបង្ក្រាប បាញ់បោះ បនបារ និងប្រើប្រាស់ភាសាឯងអញនោះឡើយ។ ជាពិសេសភស្ដុតាង ដែលមិនពិបាកនឹងស្វែងរកនោះ គឺចាប់តាំងពីបុរសខ្លាំងរូបនេះ ថ្លែងជាសាធារណៈនៅខេត្តក្រចេះ ទាក់ទងនឹងការបង្ក្រាបការតវ៉ាប្រឆាំងនោះមក ប្រសិទ្ធិភាពនៃការផ្លាស់ប្ដូរនេះពិតជាមានកម្រិតខ្ពស់មែន ដោយហេតុក្រុមបាតុករប្រឆាំង មានរបួសនិងចាប់ខ្លួនជាបន្តបន្ទាប់។ តែផ្ទុយទៅវិញ បើរាប់ពីពេលបានតំណែងជានាយករដ្ឋមន្ត្រីថ្មី រហូតមកដល់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោរូបនេះ មិនមានឃើញធ្វើអ្វីជាដុំកំភួន ឲ្យមានការផ្លាស់ប្ដូរទាក់ទងនឹងជីវភាប្រជាជន ឬបញ្ហាយុត្តិធម៌នោះឡើយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៤