ឃើញរូបថត លង់ស្នេហ៍ ស៊ន សៀវម៉ី... (pic)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 06, 2014
- ប្រធានបទ: មេដាយមាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យសម្ដីអបអរសាទរ គាំទ្រ សរសើរ ... មានច្រើនរាប់មិនអស់ ហើយរូបភាពជាច្រើន ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត ពេញទាំងបណ្ដាញសង្គម។ វីដេអូស្ដីពីរូបនាង ក៏ត្រូវបានបង្ហោះចេញយ៉ាងសន្ធឹក ដោយមិនបានភ្លេចផងទេ ពីការសរសេរដាក់មកជាមួយ នូវឈ្មោះ ស៊ន សៀវម៉ី ឬជាភាសាឡាតាំង SORN Seavmey របស់កញ្ញាម្ចាស់មេដាយមាស។
កេរ្ដ៍ឈ្មោះរបស់នាងនៅពេលនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែបានខ្ទរខ្ទារមកដល់ក្រៅប្រទេសយ៉ាងសម្បើមដែរ ជាពិសេសនៅក្នុងប្រទេសបារាំង ដែលសម្បូរទៅដោយពលរដ្ឋដើមកំណើតខ្មែររស់នៅ។ ឆ្លើយតបនឹងការសាកសួររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ កញ្ញា មេត្តា ដែលជានិស្សិតខ្មែរនៅក្នុងរដ្ឋធានី ប៉ារីស បាននិយាយថា កញ្ញាមានការរំភើបខ្លាំងណាស់ ជាមួយនឹងសមិទ្ធិផលដែលយុវជនខ្មែរ ដូចកញ្ញាសម្រេចបាន។ កញ្ញានិយាយថា៖ «បើខ្ញុំមានលទ្ធភាព ខ្ញុំចង់ធ្វើដូចសៀវម៉ីអញ្ចឹងដែរ»។
ចំណែក វិសុទ្ធ យុវនិស្សិតខាងច្បាប់ដែលឈរនៅក្បែរនោះ បាននិយាយថា៖ «សៀវម៉ី មុខដូចតួកុន។ បើមិនទទួលបានមេដាយ ក៏មិនអីដែរ ស្អាតប៉ុណ្ណេះនោះ...» អ្នកសារព័ត៌មានយើងបានសួរបន្ត៖ «ហេតុអី? ប្អូនអាចបញ្ចប់ឃ្លាបានឬទេ?» វិសុទ្ធ បានឆ្លើយមកវិញ ទាំងសើចក្អាកក្អាយថា៖ «ទាស់តែកំពស់ខ្ញុំទាបដាច់!»។
ពិតមែនហើយ រូបសម្ផស្សស្អាតបាតរបស់កញ្ញា សៀវម៉ី បានទាក់កញ្ឆក់បេះដូងមនុស្សប្រុសមិនតិចទេ។ ទោះជាកញ្ញា សៀវម៉ី ជាអ្នកហាត់ក្បាច់គុន លោតហក់ទាត់ (កុំភ្លេចថា នាងឈ្នះមេដាយមាស ខាងវិញ្ញាសារ តៃក្វាន់ដូ) ប្រកបដោយសន្ទុះជើង«គ្មានស្រមោល»យ៉ាងណាក៏ដោយ តែរូបភាពនិងវីដេអូជាច្រើន បានបង្ហោះបង្ហាញពីភាពស្រគត់ស្រគុំរបស់នាង។
អ៊ំស្រី ចន្ថា រស់នៅក្នុងក្រុង ឡូញ (Lognes) តំបន់ជាយរដ្ឋធានីបារីស បានសរសើរនាងថា មានចរយាសម្បត្តិសមសួន បើទោះជានាងមានឈ្មោះជាកូនចិនក្ដី។ អ៊ំស្រីនិយាយថា៖ «មុខមាត់ស្អាតណាស់ ម៉េចជាទៅពូកែខាងលោតវ៉ៃទៅវិញ? តែអានេះមើលទៅ ប្រហែលជាជំនាញ និងចំណូលចិត្តរបស់នាងតែម្ដង។»
ចំណែកលោក វេង លី ម្ចាស់ភោជនីយដ្ឋានមួយ នៅក្រុង ត័ស៊ី (Torcy) ជាតំបន់ជាយរដ្ឋធានីដែរនោះ បានមើលរូបថតកញ្ញា សៀវម៉ី ហើយ បានកេះហៅកូនប្រុសរបស់គាត់ អាយុជិត៣០ឆ្នាំ ដែលកំពុងរៀបចំបោសជូតភោជនីយដ្ឋាន ឲ្យមកមើលជាមួយ។ លោកចំអន់ឲ្យកូនថា៖ «ប្រពន្ធហ្អែង ទាល់តែបានប្រហែលនាង ទើបអាចទប់ឈ្នះ។ តែហ្អែងខូចទៅរកស្រីបារាំង ច្បាស់ជាជង្គង់ហោះ ពេលចូលផ្ទះវិញមិនខាន។»
ប៉ុន្តែកូនប្រុសលោក វេង លី មិនបានខ្វល់ខ្វាយនឹងពាក្យចំអន់របស់ឪពុកទេ តែបែរជាមកសួរអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី ជាភាសាបារាំងវិញថា៖ «ធ្វើម៉េច ទើបអាចស្គាល់នាង? (On fait comment pour la connaitre?)»៕
ទស្សនាវដ្ដី សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពរបស់កញ្ញា ស៊ុន សៀវម៉ី មួយចំនួន ដែលនាងខ្លួនឯង និងមិត្តភ័ក្ដ បានបង្ហោះនៅក្នុងបណ្ដាញសង្គម៖