RIO២០១៦៖ ស៊ន សៀវម៉ី ចាញ់កីឡាការិនីហូឡង់ ១-៧
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២០សីហា ២០១៦
- កែប្រែចុងក្រោយ: August 20, 2016
- ប្រធានបទ: កីឡាអូឡាំពិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើសិនជាកីឡាករកម្ពុជា បានឡើងមកដល់វគ្គ១ភាគ៨ ឬវគ្គ១៦នាក់ នៃវិញ្ញាសារតៃក្វាន់ដូស្ត្រី សម្រាប់ប្រភេទទម្ងន់លើសពី៦៧គីឡក្រាម ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ប៉ុន្តែគឺលទ្ធផល ចេញពីការប្រកួតក្នុងយប់ថ្ងៃទី ២០ ខែសីហានេះ (ព្រឹកនៅក្រុង រីយ៉ូ ប្រទេសប្រេស៊ីល) ដែលធ្វើឲ្យកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសរបស់កម្ពុជា ក្នុងអាស៊ានហ្គេមឆ្នាំ២០១៤ ត្រូវបានជម្រុះចេញជា«បណ្ដោះអាសន្ន» ក្រោយពីការប្រកួត ជាមួយកីឡាការិនីជាតិហូឡង់ ឈ្មោះ រេស៊ីមី អូហ្គីង (Reshimie Oogink) ដោយលទ្ធផល១ទល់នឹង៧។
នៅចុងបញ្ចប់ការប្រកួត កញ្ញា ស៊ន សៀវម៉ី បានសំដែងការសោកស្ដាយ និងប្រកាសសុំអភ័យទោស ពីសំណាក់បណ្ដាជនខ្មែរ ដោយនិយាយថា នាងប្រកួតមិនបានល្អទេ។ ប៉ុន្តែនៅមុនការប្រកួត កីឡាការិនីកម្ពុជា បានអះអាងក្នុងនាម ជាកីឡាករថា៖ «គេក៏ចង់ឈ្នះ (រីឯ)យើងវិញកាន់តែចង់ឈ្នះ។ តែទោះយ៉ាងណា នាងខ្ញំុនឹងប្រឹងឲ្យអស់ពីលទ្ឋភាព ដើម្បីជាតិយើង។»
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ដែលកំពុងដឹកនាំ ក្រុមកីឡាករកម្ពុជានៅក្នុងប្រទេសប្រេស៊ីល បានអះអាងថា កីឡាការិនី ស៊ន សៀវម៉ី នៅមិនទាន់អស់សង្ឃឹមនៅឡើយ ដោយត្រូវរង់ចាំពិនិត្យមើលលទ្ធផលប្រកួតបន្ត របស់កីឡាការិនីហូឡង់នេះ នៅពេលខាងមុខជាមុនសិន។ ប្រសិនជាកីឡាការិនី រេស៊ីមី អូហ្គីង ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នោះកីឡាការិនីកម្ពុជា អាចមានសង្ឃឹម នឹងប្រកួតដណ្ដើមយកមេដាយសំរិតបាន។ ក្នុងលក្ខខណ្ឌនេះ កញ្ញា ស៊ន សៀវម៉ី នឹងត្រូវឆ្លងកាត់ការប្រកួត ចំនួនពីរដងទៀត៕