សម្ភាសលុច ចន្ថា៖ គុណសម្បត្តិ និងគុណវិបត្តិ នៃការចាក់បញ្ចាំងភាពយន្តថៃ
- ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៩ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: October 06, 2014
- ប្រធានបទ: សិល្បៈទី៧
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍មួយចំនួន បានចាប់ផ្តើមចាក់បញ្ចាំងភាពយន្តថៃឡើងវិញនោះ ប្រតិកម្មជាច្រើនបានផ្ទុះឡើង ប្រឆាំងនឹងការបើកចំហរនេះ។ ប្រជាពលរដ្ឋមួយចំនួន បានសម្តែងក្តីបារម្ភ ខ្លាចក្រែងវិស័យភាពយន្តខ្មែរ ដាំក្បាលធ្លាក់ចុះដូចមុនៗទៀត។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក លុច ចន្ថា ជាអ្នកនិពន្ធឯករាជ្យ និងជាម្ចាស់ជ័យលាភីស្នាដៃ នូហាច ផ្នែកនិពន្ធកំណាព្យបែបទំនើបនិយម នៅឆ្នាំ២០១១ និងឆ្នាំ២០១៣ បានថ្លែងឡើងថា៖ «ការដែលខ្មែរយើងប្រតិកម្មនេះ វាអាចមកពីមានគំនុំ រឿងអីក៏មិនសប្បាយចិត្ត ពាក់ព័ន្ធអតីតកាលកន្លងមក»។
លោកយល់ថា ការដែលអនុញ្ញាតឱ្យបញ្ចាំងខ្សែភាពយន្តថៃនេះ វាក៏មានផលប្រយោជន៍ផងដែរ ទី១. យើងអាចរៀនសូត្រពីរបៀបនៃការនិពន្ធ ការដឹកនាំរឿងរបស់គេ ទី២. យើងអាចដឹងកាន់តែជ្រៅ អំពីវប្បធម៌ និងការឆ្នៃប្រឌិត និងចំណុចទី៣ យើងក៏អាចដឹងវិការវិវត្ត នៃសង្គមរបស់ប្រទេសថៃផងដែរ។
ទន្ទឹមគ្នាចំណុចគុណសម្បត្តិខាងលើ លោកអះអាងថា វានឹងផ្តល់គុណវិបត្តិយ៉ាងច្រើនចំពោះសង្គមខ្មែរ ជាពិសេសសម្រាប់យុវជនខ្មែរ។ លោកបានពន្យល់ថា៖ «ជួនកាលនាំរឿងយកមក គឺពង្វួកឱ្យយុវជនយើងភ្លើតភ្លើនបន្តិច ទៅតាមរឿងរបស់គរអញ្ចឹងទៅ។ ទីពីរ គេអាចនាំនូវវប្បធម៌មិនល្អ ចូលដល់ស្រុកខ្មែរយើង។ ទីបី យើងអាចនឹងពិបាកប្រកួតប្រជែងជាមួយគេ ពីព្រោះទឹកដៃគេល្អជាងយើង តាមដែលខ្ញុំធ្លាប់ចូលរួមជាមួយអ្នកនិពន្ធថៃ»។
ជាមួយនឹងការសម្តែងក្តីព្រួយបារម្ភ នៃការវិលត្រលប់មកវិញនូវរឿងភាគថៃ ដែលស្ថានីយ៍ទូរទស្សន៍មួយចំនួន បានចាក់បញ្ចាំង និងមួយចំនួនទៀតត្រៀមនឹងបញ្ចាំដែរនោះ មតិប្រជាពលរដ្ឋខ្លះ បានលើកឡើងថា ភាពយន្ដថៃទាំងនោះនឹងធ្វើឱ្យភាពយន្តកម្ពុជា អស់ទីផ្សារ និងធ្លាក់ចុះហៅលែងលឺ ខណៈដែលផលិតករនៅក្នុងស្រុក មុជមិនជ្រៅទៅមិនឆ្ងាយ ពីរឿងខ្មោច ឬរឿងបែបកំប្លែង ។
ចំពោះក្តីបារម្ភនេះ អ្នកនិពន្ធ លុច ចន្ថា បានអះអាងថា វិស័យភាពយន្តខ្មែរនឹងមិនធ្លាក់ចុះ វិលទៅរកស័មយអតីកាលដូចមុនទៀតឡើយ ប៉ុន្តែគ្រាន់តែកម្ពុជាពិបាក នឹងប្រកួតប្រជែងមួយគេ តែប៉ុណ្ណោះ ដោយសារតែគេឈានទៅចំដល់ចំណុចមួយ ដែលមានការទទួលស្គាល់រួចទៅហើយ។
លោកបន្តថា «វាអត់បាត់ ព្រោះថ្មីៗនេះវិស័យសិល្បៈរបស់យើង កំពុងតែត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ក្នុងតំបន់អាស៊ីនេះ គេចាប់អារម្មណ៍។ មានយុវជនរបស់យើងហ្នឹង បានទទួលជ័យលោភីក្នុងថ្នាក់អាស៊ាន។ ហើយក្នុងពេលបច្ចុន្ននេះ ក្រសួងក៏កំពុងរៀបឱ្យមានកម្មសិទ្ធិបញ្ហា។ ដោយឡែករដ្ឋាភិបាល បានលើកទឹកចិត្តឱ្យចាប់ផ្តើមគិតគូរ ពីគុណភាពក៏ដូចជាលើកកម្ពស់ វិស័យផលិតភាពយន្តនៅក្នុងស្រុកខ្មែរដែរ។»
លោកសង្កត់ធ្ងន់បន្ថែមថា លោកចង់ឱ្យក្រសួងវប្បធម៌ គួរតែពិនិត្យឱ្យបានល្អិតល្អន់ថា រឿងថៃដែលគ្រោងនឹងចាក់បញ្ចាំងនេះ មានអ្វីចំណេញទៅដល់សង្គមជាតិខ្មែរ និងវានឹងផ្តល់ផលអវិជ្ជមានអ្វី ទៅដល់វប្បធម៌ខ្មែរ។ ចំណុចមួយទៀត លោកចង់ឱ្យអ្នកនិពន្ធខ្មែរបើកចិត្ត ឱ្យបានទូលាយបន្តិច ដើម្បីយើងរៀនសូត្រពីគេ ឱ្យបានច្រើន បើមិនដូច្នោះទេ វិស័យភាពយន្តកម្ពុជា នឹងមិនខ្លាំងដូចគេនោះឡើយ៕