ការពារ​ជាតិ​សង​សឹក​បឹងកេត​បាន​សម្រេច ដោយ​យក​ឈ្នះ ៣-២

ក្រុមក្រសួងការពារជាតិ បានបំបាក់ចង្កូមក្រុមម្ចាស់ជើងឯកចម្ការកៅស៊ូបឹងកេត ដោយលទ្ធផល ៣-២ ក្នុងការប្រកួតជើងទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌាលីក នាពហុកីឡាដ្ឋានអូឡាំពិក កាលពីរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមក្រសួងការពារជាតិ បានបំបាក់ចង្កូមក្រុមម្ចាស់ជើងឯកចម្ការកៅស៊ូបឹងកេត ដោយលទ្ធផល ៣-២ ក្នុងការប្រកួតជើង​ទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌាលីក នាពហុកីឡាដ្ឋានអូឡាំពិក កាលពីរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ។


កីឡាករការពារជាតិ (ក្រហម) និងកីឡាករបឹងកេត (បែតង) ក្នុងការប្រកួតថ្ងៃទី០៣ខែកក្កដា។

ការប្រកួតរវាងក្រុមទាំង២ ត្រូវរំខានដោយភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យការប្រកួតមិនអាចបន្តបាន ហើយក៏បាន​ផ្អាក​ជាង​មួយម៉ោង ទើបអាចបន្តការប្រកួតទៀតបាន។

ដំណក់ទឹកភ្លៀងបានធ្លាក់មកលើទីលានចាប់តាំងពីចាប់ផ្តើមប្រកួតបាន ៨នាទីនៅក្នុងវគ្គទី១។ ប៉ុន្តែកំឡុងពេល​ដែល​ភ្លៀង​កំពុងតែធ្លាក់ខ្លាំង ខ្សែបម្រើឈិន ឈឿន អាចរកគ្រាប់បាល់បញ្ចូលទី នៅនាទីទី២១ ជួយឲ្យការពារជាតិនាំមុខមុន ដោយ​ការប្រើក្បាល។

នៅនាទីទី៣៧ លោកអាជ្ញាកណ្តាល នៅលើទីលានជី សាម៉ាឌី បានពិគ្រោះគ្នាជាមួយនឹងលោកអាជ្ញាកណ្តាលខ្សែបន្ទាត់ ហើយក៏សម្រេចចិត្តផ្អាកការប្រកួតបណ្តោះអាសន្ន ដោយសារតែមានទឹកដក់នៅលើទីលានច្រើនពេក ធ្វើឲ្យការបញ្ជូន​បាល់លែងទៅមុខ។

បន្ទាប់ពីផ្អាកអស់ពេលប្រមាណជាងមួយម៉ោងរួចមក ការប្រកួតក៏ដំណើរការជាបន្តទៀត ហើយភ្លាមៗនោះ កីឡាករ​សញ្ជាតិកាម៉េរូន ប្រៃវ៉េត អិមបាហ្គា (Privat Mbarga) ពាកអាវលេង១៤ រកគ្រាប់បាល់បញ្ចូលទី ឲ្យក្រុមបឹងកេត តាមបាន​ស្មើមកវិញ នៅនាទីទី៣៦។

កីឡាករពាក់អាវលេខ២៣ ហួង មករា បានជួយឲ្យក្រុមម្ចាស់ជើងឯកធ្វើការនាំមុខវិញ នៅនាទីទី ៥៧។ ប៉ុន្តែទោះជា​យ៉ាង​ណា ក្រុមរបស់ក្រសួងការពារជាតិ អាចវាយបកផ្ទួនៗ បាន២គ្រាប់ទៀត ដោយកីឡាករពាក់អាវលេខ២១ ភួង សុខសាន់​ណា នៅនាទីទី៧០ ខណៈដែលកីឡាករពាក់អាវលេខ៧ ពៅ ភារិទ្ធ បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៧៤។

ទីបំផុតក្រុមការពារជាតិស្គាល់រសជាតិឈ្នះបឹងកេតហើយ ពោលគឺឈ្នះដោយលទ្ធផល ៣-២ ខណៈដែលកាលពីជើងទី១ ចាញ់បឹងកេត ៣-១ និងកាលពីរដូវកាលមុនចេញបឹងកេតទាំង២ជើងរួចមក។

ដូច្នេះ ១៧ប្រកួតរបស់បឹងកេត ឈ្នះ១២ ស្មើ១ និងចាញ់៤ មាន៣៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ដដែល ខណៈដែល​១៧ប្រកួតរបស់ការពារជាតិ ឈ្នះ៥ ស្មើ៦ និងចាញ់៦ មាន២១ពិន្ទុ ឡើងទៅចំណាត់ថ្នាក់លេខ៧ រីឯក្រុមអគ្គស្នង​ការ​នគរបាលជាតិធ្លាក់ទៅចំណាត់ថ្នាក់លេខ៨វិញ។

ការប្រកួតបន្ទាប់របស់បឹងកេត នឹងត្រូវជួបជាមួយក្រុមណាហ្គាខប នៅថ្ងៃច័ន្ទទី០៨ ខែកក្កដា វេលាម៉ោង ០២រសៀល នាពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈដែលក្រុមក្រសួងការពារជាតិ នឹងត្រូវប៉ះក្រុមបៀលប្រាយ នៅម៉ោង ០៤រសៀល (ថ្ងៃដូចគ្នា, ទីតាំងដូចគ្នា)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...