សរ សុភា ស្លាប់ហើយ តែនៅមកចុច Like រូបថតមិត្តទៀត!
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៥ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 26, 2014
- ប្រធានបទ: អុញ?
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់គណនីម្នាក់ ដែលជាមិត្តភក្តិក្នុងហ្វេសប៊ុក របស់កីឡាករអ្នកចាំទីដៃស្អិតជម្រើសទី១ របស់ក្លិបបាល់ទាត់ស្វាយរៀង និងជាជម្រើសទី២ នៃក្រុមជម្រើសជាតិកម្ពុជា លោក សរ សុភា ដែលទើបនឹងទទួលមរណភាព កាលពីថ្ងៃទី២២ ខែវិចិ្ឆកានោះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយតែកាលពីយប់ថ្ងៃទី២៤ ម្សិលម៉ិញ ដែលជាថ្ងៃដែលសពរបស់កីឡាករខាងលើនេះត្រូវបានបូជា ស្រាប់តែគេឃើញម្ចាស់គណនីហ្វេសប៊ុក របស់សពលោក សរ សុភា បានចុច Like ទៅលើរូបភាពដែលខ្លួនបានបង្ហោះ។
មិនត្រឹមតែជា ម្ចាស់គណនីខាងលើនោះទេ ដែលបានជួបរឿងដូចនេះ សូម្បីតែភរិយារបស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងចម្ការកៅស៊ូបឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី ក៏មានអារម្មណ៍តក់ស្លុតផងដែរ ដោយសារឃើញ ទំព័រហ្វេសប៊ុករបស់ សរ សុភា ចុច like លើរូបថតរបស់អ្នកស្រី កាលពីយប់ម៉ិញដូចគ្នា។
ទាំងអ្នកស្រី ពេជ្រ សង្វា ក៏ដូចជាម្ចាស់គណនីឈ្មោះ Yo Yo បានសម្តែងការងឿងឆ្ងល់គ្រប់គ្នា ថាតើហេតុអ្វីបានជា លោក សរ សុភា បានស្លាប់បាត់បង់ជីវិតទៅហើយ ប៉ុន្តែបែរជាទំព័រហ្វេសប៊ុករបស់លោក អាចដើរចុច like ទៅលើរូបដែលពួកគេបានបង្ហោះទៅកើត? ម្ចាស់គណនី Yo Yo បានចោទសួរ ទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដទៃទៀតថា៖ «ចង់សួរថា Account របស់លោក Sar Sophea មានបងប្អូនគាត់យកមកលេងមែន ពីព្រោះគាត់បានចែកឋានហើយ ប៉ុន្តែឃើញ like រូបភាពរបស់ខ្ញុំ។ សូមមេត្តាប្រាប់ផង។»
ស្រង់សម្តីដោយគេហទំព័រសប្បាយ អ្នកស្រី ពេជ្រ សង្វា ដែលកំពុងតក់ស្លុតជាមួយ សញ្ញាណ«ចូលចិត្ត»របស់អ្នកចាំទីខាងលើបានរៀបរាប់ថា ទំព័រហ្វេសប៊ុកឈ្មោះ Sar Sophea បានចុច Like លើរូបថតរបស់អ្នកស្រី កាលពីវេលាម៉ោង៧ និង៣០នាទីយប់មិញ។ ភរិយារបស់កីឡាករ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាដដែលនេះ បាននិយាយបន្តថា៖ «ខ្ញុំអត់បានសួរភរិយាគាត់ទេបង ប៉ុន្តែមានប្អូនប្រុសម្នាក់ ដែលគេនៅគេងកំដរធាតុរបស់បងភា ហើយ គេនៅកែ្បរប្រពន្ធគាត់ គេប្រាប់ខ្ញុំថា ប្រពន្ធគាត់អត់ចេះលេងហ្វេសប៊ុកទេ ហើយបងប្អូនគាត់ ក៏អត់បានបើកលេងដែរបង»។
ចម្ងល់របស់អ្នកស្រី ពេជ្រ សង្វា ក៏ដូចជាម្ចាស់គណនីឈ្មោះYo Yo ដែលជាមិត្តរបស់ទំព័រហ្វេសប៊ុក សរ សុភា ខាងលើ ត្រូវបានម្ចាស់គណនីម្នាក់ ដែលអះអាងថាខ្លួនបានសួរភរិយារបស់ សរ សុភា ដែរនោះ បានបញ្ជាក់ថា កាលពីម្សិលម៉ិញនេះ ទូរស័ព្ទដៃរបស់កីឡាករអ្នកចាំទី សរ សុភា ត្រូវប្អូនៗរបស់លោក យកទៅលេងហ្វេសប៊ុក ហើយពួកគេបានចុច Like រូបភាពជាច្រើន។ ម្ចាស់គណនីដដែល នេះអះអាងបន្ថែមថា៖ «ជឿ ខ្ញុំ ខ្ញុំបានសួរ ភរិយារបស់សុភា រួចហើយ ហ្វេសប៊ុករបស់សុភាបានបើក ជាមួយទូរស័ព្ទដៃរបស់គាត់ កាលពីម្សិលម៉ិញ ដែលប្អូនប្រុស និងប្អូនស្រីរបស់គាត់បានយកទៅលេង។ ពិតប្រាកដណាស់ ពួកគេមិនចេះលេង ប៉ុន្តែពួកគេបានដឹងពីរបៀបចុច Like។ ហើយពួកគេបានចុច Like នូវរូបថតជាច្រើនកាលពិយប់ម៉ិញ។»
អ្នកចាំទីក្លិបស្វាយរៀង និងជម្រើសជាតិកម្ពុជាលោក សរ សុភា បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ដោយសារគាំងបេះដូង បន្ទាប់ពីហ្វឹកហាត់នៅក្លិបហាត់ប្រាណ រួចទៅហែលទឹក៕