បាល់ទាត់អាស៊ី៖ កម្ពុជាធ្លាក់ក្នុងវគ្គជម្រុះ បន្ទាប់ពីបរាជ័យទាំង២ប្រកួត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ ប្រទេសហ្វីលីពីន យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតពានរង្វាន់ អេអេហ្វស៊ី ឆាឡិនខាប់ (AFC Challenge-Cup) ក្នុងពូលអ៊ី (E) ដោយចាញ់ហ្វីលីពីន ៨-០ កាលពីយប់ថ្ងៃអាទិត្យ ក្នុងកីឡាដ្ឋាន រ៉ីស្សាល មិមូរ៉ល (Rizal Memorial Stadium) នៃទីក្រុងម៉ានីល។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។
ក្រុមហ្វីលីពីន ត្រូវបានគេសន្និដ្នានថា ជាក្រុមមួយដែលប្រហាក់ប្រហែល នឹងក្រុមជម្រើសជាតិកម្ពុជា ព្រោះកន្លងមកក្រុមនេះ ក៏ធ្លាប់ចាញ់ក្រោមស្នាដៃកម្ពុជាដែរ។ ប៉ុន្តែអ្វីៗមិនដូចជាការគិតឡើយ ក្នុងនាមជាម្ចាស់ផ្ទះ ហ្វីនលីពីន បាននាំមុខកម្ពុជា ៤-០ នៅវគ្គទី១។ ហើយចូលដល់វគ្គទី២ ពួកគេនៅតែធ្វើការគ្រប់ដណ្តប់ក្រុមកម្ពុជាយ៉ាងខ្លាំងក្លា ដោយបន្ថែមគ្រាប់បាល់ចំនួន ៤គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួត ក្រុមហ្វីលីពីន យកឈ្នះកម្ពុជា ដោយលទ្ធផលសរុប ៨-០។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមតួកមេនីស្ថាន ដោយលទ្ធផល ៧-០ រួចម្តងហើយ កាលពីថ្ងៃសុក្រ ទី២២ ខែមិនា។ នេះជាលទ្ធផលដ៏អាក្រក់បំផុត សំរាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងរយះពេលថ្មីៗនេះ បន្ទាប់ពីការប្រកួតទាំង២លើក គ្មានគ្រាប់បាល់ចូលទីគេសោះ ហើយថែមទាំងឲ្យគូរប្រកួតរកគ្រាប់បាល់បានច្រើនថែមទៀត។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្តល់ពិន្ទុឲ្យក្រុមជម្រើសជាតិកម្ពុជាចំនួន៣ពិន្ទុ ដែលជាពិន្ទុឈ្នះលើក្រុមប៊្រុយណេ។ ក្រុមប៊្រុយណេ បានដកខ្លួនពីការប្រកួតនេះ ហើយទើប អេអេហ្វស៊ី សម្រេចឲ្យក្រុមដែលស្ថិតនៅក្នុងពូលអ៊ី នីមួយៗ ឈ្នះលើក្រុមប៊្រុយណេ ដោយលទ្ធផល ៣-០ គ្រប់ៗគ្នា។
ក្រោយពីបរាជ័យក្នុងលទ្ធផល ៧-០ ក្នុងជំនួបជាមួយម្ចាស់ជើងឯករង២សម័យកាល តួកមេនីស្ថាន និង ៨-០ ជាមួយនឹងក្រុមម្ចាស់ផ្ទះហ្វីលីភីនមក ក្រុមរបស់លោក ប្រាក់ សុវណ្ណារ៉ា ត្រូវហាលអាវជាស្ថាពរ ហើយនឹងត្រូវត្រឡប់មកមាតុភូមិវិញ ដោយការខកចិត្ត និងអាម៉ាស់ជាទីបំផុត។
ចំណែកឯក្រុមហ្វីលីពីន និងក្រុមតួកមេនីស្ថាន បានធ្វើដំណើរទៅកាន់វគ្គជាបន្តទៀត។ ប៉ុន្តែក្រុមទាំង២នេះ នឹងត្រូវប្រកួតគ្នានៅល្ងាចថ្ងៃអង្គារ៏ នៅក្នុងការប្រកួតដ៏សំខាន់មួយដើម្បីកាត់សេចក្តី រកក្រុមចំណាត់ថ្នាក់លេខ១៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ