ហ្វុនស៊ីនប៉ិច៖ មានប្រធានបក្សថ្មី តែមិនទាន់មាន«បេក្ខភាពនាយករដ្ឋមន្ត្រី»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណៈបក្សហ្វុនស៊ីនប៉ិច មិនទាន់បានប្រកាសជាផ្លូវការណ៍ពី «បេក្ខភាពនាយករដ្ឋមន្រ្តី» ដែលនឹងត្រូវចូលរួម ក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ខាងមុខនោះទេ។ កាលពីសមាជថ្មីៗកន្លងមក គណបក្សនេះ គ្រាន់តែបានប្រកាសតែងតាំង «ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច» តែប៉ុណ្ណោះ។
ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ រស្មី ដែលជាព្រះរាជបុត្រីពៅរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រកាសជាផ្លូវការជាប់ជា «ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច» នៅក្នុងសមាជគណបក្ស កាលពីថ្ងែទី២៣ ខែមីនា ឆ្នាំ៣០១៣។
អ្នកនាំពាក្សគណ បក្សហ្វ៊ុនស៊ិនប៉ិច លោក ស៊ុំ សម្បុរ បានប្រាប់មនោរម្យព័ងអាំងហ្វូព្រឹកថ្ងៃទី២៥នេះថា ក្រោយពីសមាជត្រូវបានបញ្ចប់ គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រជុំគណកម្មការនាយកលើកទីមួយ លើបញ្ហានានាមួយចំនួន ក្នុងនោះការសម្រេចជ្រើសរើស បេក្ខភាពជានាយករដ្ឋមន្រ្តីក៏ មិនទាន់បានប្របជុំពិភាក្សាជាផ្លូវការដែរ។
អ្នកនាំពាក្យរូបនេះបានបន្តថាទាំងគោលការណ៍ ទាំងបទបញ្ជាផ្ទៃក្នុងគណបក្ស មិនបានចែងច្បាស់ពីបញ្ហាថា អ្នកដែលជា«ប្រធានបក្ស» ជាបេក្ខភាព«នាយករដ្ឋមន្ត្រី»នោះទេ ព្រោះ វាមិនមែនជាបញ្ហាសំខាន់។ «លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការបក្ស នឹងសម្រេចនៅពេលក្រោយ ថាតើនណាត្រូវឈរជាបេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់អាណត្តិបោះឆ្នោត ខែកក្កដាខាងមុខ»។ លោកបន្ថែមថា ឱសានវាទចុះឈ្មោះ ជាបេក្ខភាពតំណាងរាស្រ្តនៅ គ.ជ.ប. នឹងបញ្ចប់នៅថ្ងៃទី២៩ មេសា ខាងមុខនេះ ហើយលោកក៏សង្ឃឹមថា ការជ្រើសតាំងបេក្ខភាព នាយករដ្ឋមន្ត្រីនេះ ក៏នឹងបានមុនថ្ងៃនោះដែរ។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សហ៊្វុនស៊ិនប៉ិច មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែម លើករណីនេះបានទេ ដោយលោកមិនទទួលទូរសព្ទ័។ តែអ្នកអង្គម្ចាស់ កែវ ពុទ្ធរស្មី ដែលជាស្វាមីព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ រស្មី បានលើកឡើងពីដូចគ្នាពីបញ្ហានេះ ក្រោយពីបញ្ចប់សមាជថា «បេក្ខភាពនាយករដ្ឋមន្ត្រី មិនទាន់បានគិតគូនៅឡើយទេ បញ្ហានេះនឹងធ្វើឡើងនៅពេលក្រោយ កៀកនឹងការបោះឆ្នោតខាងមុខ»។
សូមបញ្ជាក់ថា នៅក្នុងសមាជគណបក្សហ៊្វុនស៊ីនប៉ិច កាលពីថ្ងៃទី២៣ ខែមីនាថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា សមាជនេះ ជាការបូកបញ្ចូលគ្នា រវាង«គណបក្សហ៊្វុនស៊ីនប៉ិច» និង«គណបក្សជាតិនិយម»។ លោកបន្តថា លោកបានស្នើដល់អង្គប្រជុំគណៈអចិន្ត្រៃយ៍ សុំបញ្ចូលបន្ថែមនូវសមាជិកថ្មី ដែលមកពីសមាគមន៍អ្នកប្រជាធិបតេយ្យ មកពីគណបក្សសមរង្សី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យគណម្មាធិការនាយក របស់គណបក្សហ្វុនស៊ីនប៉ិច មានចំនួនសរុប«៣៤២នាក់»។
ថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០១៣ សមាជនៃគណបក្សហ៊្វុនស៊ីនប៉ិចនេះ បានឈរលើគោលការណ៍ នៃរបៀបវារៈមួយចំនួនដូចជា៖ កែសម្រូលលក្ខន្តិកៈគណបក្ស តែងតាំងប្រធានគណបក្សថ្មី ជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិ ការពារនិងគាំទ្រនូវរបបរាជានិមយក្នុងប្រទេសកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ។
ព្រះអង្គម្ចាស់ក្សត្រី អរុណ រស្មី ដែលទើបនឹងត្រូវបានតែងតាំង ជាព្រះប្រធានគណបក្សហ៊្វុនស៊ីននប៉ិចនេះ ព្រះអង្គក៏ជាអគ្គរាជទូតកម្ពុជាសព្វថ្ងៃ ប្រចាំប្រទេសម៉ាឡេស៊ីដែរ។
ក្រៅពីនេះនៅមានការប្រកាសតែងតាំង និងផ្លាស់ប្តូរនូវតួនាទី និងមុខងាររបស់មន្ត្រីជាន់ខ្ពស់ នៃគណបក្សហ៊ុនស៊ីនប៉ិចដូចជា អ្នកអង្គម្ចាស់ កែវ ពុទ្ធរស្មី ជាប្រធានឧត្តមក្រុមប្រឹក្សា, លោក យូ ហុកគ្រី ជាព្រឹទ្ធបុរស, លោក លឺ ឡាតស្រេង ជាប្រធានក្រុមប្រឹក្សាជាតិ, លោក ញឹក ប៊ុនឆៃ ជាអគ្គលេខា និងលោក សៅ រ៉ានី ជាអគ្គលេខារង។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ