ដើមបណ្តឹងរដ្ឋប្បវេណី​និង​ជន​រងគ្រោះ សុំ​សាលាក្ដី​ខ្មែរ​ក្រហម បញ្ចប់​សំនុំ​រឿង​០០២​ក្នុង​ឆ្នាំ​នេះ

តំណាងដើមបណ្តឹងរដ្ឋប្បវេណី និងជាជនរងគ្រោះ ក្នុងសម័យខ្មែរក្រហម ចំនួន១៣នាក់ ក្នុងចំណោម រាប់ពាន់នាក់ មកពី១១ រាជធានីខេត្តក្រុង បានអំពាវនាវឲ្យសាលាក្តីខ្មែរក្រហម ពន្លឿននិតិវិធីដើម្បីឲ្យបញ្ចប់សុំណុំរឿង០០២ នៅក្នុង​បំណាច់ឆ្នាំ ២០១៣ នេះ នៅខណៈ ដែលលោកអៀង សារី បានទទួលមរណៈភាព និង លោកខៀវ សំផន ត្រូវបាន​សាលា​ក្តីកំពុងបើកសវនាការ ទាក់ទិនទៅនឹងបញ្ហាសុខភាព។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងដើមបណ្តឹងរដ្ឋប្បវេណី និងជាជនរងគ្រោះ ក្នុងសម័យខ្មែរក្រហម ចំនួន១៣នាក់ ក្នុងចំណោម រាប់ពាន់នាក់ មកពី១១ រាជធានីខេត្តក្រុង បានអំពាវនាវឲ្យសាលាក្តីខ្មែរក្រហម ពន្លឿននិតិវិធីដើម្បីឲ្យបញ្ចប់សុំណុំរឿង០០២ នៅក្នុង​បំណាច់ឆ្នាំ ២០១៣ នេះ នៅខណៈ ដែលលោកអៀង សារី បានទទួលមរណៈភាព និង លោកខៀវ សំផន ត្រូវបាន​សាលា​ក្តីកំពុងបើកសវនាការ ទាក់ទិនទៅនឹងបញ្ហាសុខភាព។


អង្គសាវនាការ នៃសាលាក្ដីវិសមញ្ញ ដើម្បីកាត់ក្ដីលើមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃ៦ខែធ្នូ ឆ្នាំ២០១២។ រូបថត សាលាក្ដី។

ថ្លែងនៅក្នុងកម្មវិធីសម្លេងតំណាងដើមបណ្តឹង រដ្ឋប្បវេណីការផ្លាស់ប្តូរយោបល់គ្នា របស់ដើមបណ្តឹង អ្នកស្រីពេជ្រ ស្រីផល មកពីខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា អ.វ.ត.ក ដែលបានកើតឡើង៨ ឆ្នាំកន្លងមកហើយនេះជនរងគ្រោះ ពុំទាន់បាន​ទទួលយុត្តិធម៌អ្វីទាល់តែសោះ រីឯជនជាប់ចោទ មិនព្រមនិយាយ តើជនរងគ្រោះ នឹងទទួលបានយុត្តិធម៌ដែររឺទេ បើរហូត​មកដល់ពេលនេះជនជាប់ចោទ០០២ បានស្លាប់ទៅជាមួយនឹងអាថ៌កំបាំង រីឯអ្នកនៅរស់មិនព្រមនិយាយ ចុះបើថ្ងៃណា​មួយ​សាលាក្តីនេះជាប់គាំងអ្វីមួយ តើជនរងគ្រោះទៅរកយុត្តិធម៌នៅឯណា? អ្នកស្រីបានពន្យល់ថា «ខ្ញុំសូមឲ្យ ចុងចោទ​និយាយ​ចេញមក ពីព្រោះចុងចោទក៏ចាស់ ដើមចោទក៏ចាស់ កុំឲ្យគាត់ស្លាប់ទៅ នាំភាពអាថ៌កំបាំងទៅជាមួយ ដូចជា​លោក​អៀង សារី។ ហើយសូមឲ្យសាលាក្តីនេះ កាត់ឲ្យបានឆាប់ កុំឲ្យបន្លាយពេលវេលាវែងឆ្ងាយពេក ពីព្រោះឃើញធ្វើការយូរមក​ហើយ ប៉ុន្តែលទ្ធិផលសម្រាប់ជនរងគ្រោះ គឺនៅកម្រិតស្មើរសូន្យនៅឡើយ ពុំឃើញមានអ្វីទៅមុខសោះ។»

អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា នៅពេលដែលលឺដំណឹងថាលោកអៀង សារី បានស្លាប់ ដើមបណ្តឹងរដ្ឋប្បវេណី​មានការ​សោកស្តាយ និងឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែមិនមែនសោកស្តាយនិងឈឺចាប់ ដោយសារគាត់ស្លាប់ គឺសោកស្តាយនិងឈឺចាប់ ដោយសារសាលាក្តីពុំទាន់បានចេញសាលក្រម កាត់ទោសគាត់នៅឡើយ។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា «ខ្ញុំសូមឲ្យ​តុលាការដូរនិតិវិធីទៅ កុំយកស្ទីលអៀង ធារិទ្ធ និង អៀង សារីយកមកប្រើទៀត»។

លោក ជុំ ម៉ី បានថ្លែងឲ្យដឹងថា តុលាការនេះ ប្រហែលជាមិនអាចទៅមុខរួច ក្នុងរយៈ១ឆ្នាំនេះទេ ពីព្រោះសុខភាព​របស់​លោកនួន ជា កំពុងតែមានបញ្ហា ហើយបើថ្ងៃណាមួយ គាត់មានបញ្ហាអ្វីទៅនោះ តុលាការនេះគឺនឹងត្រូវបញ្ចប់តែម្តង មិន​អាចធ្វើអ្វីទៅមុខកើតនោះទេ។ លោកបាននិយាយថា «ខ្ញុំសុំឲ្យបញ្ចប់សុំណុំរឿងនេះនៅក្នុងឆ្នាំនេះទៅ កុំពន្យាទៀត​ដើម្បី​ឲ្យនួន ជានិយាយបួន ទៅដប់មាត់ផង ប្រសិនបើនួន ជាស្លាប់ទៅគឺតុលាការនេះនឹងចប់តែម្តងពីព្រោះខៀវ សំផន បាន​និយាយតាំងពីដំបូងថា ខ្លួនជាទីងមោងមិនដឹងអ្វីទាំងអស់»។

លោក ប៉ែន សឿន តំណាងដើម្បីបណ្តឹងរដ្ឋប្បវេណី ក្នុងសុំណុំរឿង ០០២ មកពីខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា លោក​ស្នើសុំឲ្យអ្នកដែលវាយតំលៃ ទៅលើបញ្ហារបស់ជនជាប់ចោទនោះ សុំគិតអំពីផលប្រយោជន៍ របស់ជនរងគ្រោះ​ទូទាំង​ប្រទេស ជាង៣លាននាក់ផង ពីព្រោះជនរងគ្រោះស្រែកឃ្លាននៅយុត្តិធម៌ និងការពិត។ លោកបានសម្ដែងការ​សោក​ស្តាយថា «ខ្ញុំបាត់ទំនុកចិត្តលើសាលាក្តីទាំងស្រុង ខ្ញុំបានស្នើរសុំឲ្យគេពន្លឿននិតិវិធី តែគេបានពន្យាៗៗ ហើយមនុស្ស​ចាស់តែងតែឈឺ ហើយស្លាប់ នៅទីបំផុតតុលាការនេះឯង ពុំបានទទួលលទ្ធិផលអ្វីទាំងអស់។ នេះហើយគឺជាចេតនារបស់​តុលាការ ការពារជនជាប់ចោទ ឲ្យរួចផុតពីការកាត់ទោស និងគិតតែពីផលប្រយោជន៍ខ្លួនឯង គឺគិតតែប្រាក់បៀរវត្សន៍​របស់ខ្លួនតែប៉ុណ្ណោះ។»។

សម្រាប់លោកប៉ែន សឿន រាល់ជ័យជំនៈទាំងឡាយ ពួកលោកមិនបានទទួលទេ តែផ្ទុយទៅវិញ អ្នកដែលបានទទួល​គឺ​មេធាវីជនជាប់ចោទ ពីព្រោះគេការពារឲ្យកូនក្តីរបស់គេ រួចផុតពីការចោទប្រកាន់ ដូចជាលោកអៀង សារី​ ដែលបាន​ស្លាប់​ទៅ និងរូបលោកស្រី អៀង ធារិទ្ធិនោះជាដើម។

លោក ស៊ុំ រទ្ធី ដើម្បីបណ្តឹងរដ្ឋប្បវេណី០០២ បានថ្លែងឲ្យដឹងថា តុលាការគួរតែពន្លឿននិតិវិធី ហើយយកសុំណុំរឿង​ណា​ដែលធ្ងន់ៗ ដើម្បីយកមកចោទប្រកាន់ អ្នកនៅរស់ទាំងពីរនាក់នេះ ដើម្បីកាត់ទោស ឲ្យបានឆាប់រហ័ស ពីព្រោះជនជាប់​ចោទទាំងពីរនាក់នេះ ក៏មានវ័យកាន់តែចាស់ទៅហើយ។ «បើសុំណុំរឿង០០២មិនបានសម្រេចទេ អ្នកដែលរមាស់ខ្លាំង​ជាងគេ គឺអង្គការសហប្រជាជាតិនេះហើយ មិនមែនខ្ញុំតំណាងរងគ្រោះនោះទេ។ អង្គការសហប្រជាជាតិ ជាអ្នកបរាជ័យ​មិនអាចរកយុត្តិធម៌ ដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមបាន។»

ជនជាប់ចោទ អៀង សារី បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដោយមូលហេតុជំងឺ ក្នុង អាយុ ៨៧ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកត្រូវបានចោទប្រកាន់ ពីបទឧកិ្រដ្ឋចំនួនបីគឺ បទប្រឆាំងមនុស្សជាតិ បទប្រល័យ​ពូជសាសន៍ និងបទបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ដែលសហចៅក្រមស៊ើបអង្កេត​បាន​បញ្ជូនរឿងទៅជំនុំជម្រះ។

លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះការលើកឡើង​ទាំងឡាយ​ណា ដែលតម្រូវឲ្យមានការពន្លឿននិតិវធី ដោយបច្ចុប្បន្ននេះ តុលាការកំពុងតែរកវិធីសាស្ត្រណា ដើម្បីរកដំណោះស្រាយ​ពន្លឿននិតិវិធីឲ្យបានលឿន។ សម្រាប់អ្នកនាំពាក្យរូបនេះ តុលាការពុំមានចេតនាណាមួយ ដើម្បីពន្យឿតនិតិវិធីនោះទេ តែកំពុងរកនិតិវិធីណា ដើម្បីឲ្យបញ្ចប់ទៅឲ្យបានរហ័ស ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរកចាំ របស់ជនរងគ្រោះ។ លោក​បានឆ្លើយតប ទៅនឹងការចោទប្រកាន់ទាំងឡាយ ថា«ជាសិទ្ធិរបស់គេ»។ «ប៉ុន្តែបច្ចុប្បន្ននេះ តុលាការកំពុងតែចំណាត់​ការ​ទៅ តាមនិវិធីដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ ដូចពេលកន្លងមកមានការចោទប្រកាន់ថា តុលាការនេះ​មិនអាច​ចាប់ជនជាប់ចោទមកតុលាការ ដើម្បីជម្រះបានទេ តែយើងធ្វើបាន គេចោទថាតុលាការនេះ មិនអាចចេញសាលក្រមទេ យើងចេញសាលក្រម០០១បាន (...)៕»

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...