វៀតណាម​កំពុង​ត្រៀម​ធ្វើ​ពិធី​អបអរសាទរ​ជ័យជំនះ​លើ​របប​ប៉ុលពត

ការប្រារពទិវាអបអរសាទរជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម មិនមែនមានធ្វើតែនៅក្នុងកម្ពុជាដោយ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែនៅរដ្ឋធានីហាណូយ ផ្នែកខាងជើងនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​ឯណោះវិញ ក៏គេកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាប្រវត្តិសាស្ត្រនេះដែរ។ តើការប្រារព្ធទិវានេះឡើង មាន​អត្ថន័យ​បែបណា?
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: January 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រារពទិវាអបអរសាទរជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម មិនមែនមានធ្វើតែនៅក្នុងកម្ពុជាដោយ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែនៅរដ្ឋធានីហាណូយ ផ្នែកខាងជើងនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​ឯណោះវិញ ក៏គេកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាប្រវត្តិសាស្ត្រនេះដែរ។ តើការប្រារព្ធទិវានេះឡើង មាន​អត្ថន័យ​​បែបណា?


លោក ង្វៀន ធៀនណាន់ ប្រធានរណសិរ្យមាតុភូមិវៀតណាម។ (រូបថត VNA)

ជ័យជំនះលើរបបប្រល័យពូជសាសន៍ - ប្រធានរណសិរ្យមាតុភូមិវៀតណាម លោក ង្វៀន ធៀនណាន់ (Nguyen Thien Nhan) បានធ្វើជាអធិបតីភាព នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីក្រុងហាណូយ ជាមួយ​នឹង​មន្ត្រីអ្នកមុខអ្នកការ មកពីក្រសួងមន្ទីរ ព្រមទាំងអង្គការចាត់តាំងនានា ស្ដីពីបុណ្យរំលឹកខួបលើកទី៣៥ នៃជ័យជំនះ​នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការវៀតណាម ហៅកាត់ថា VNA កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤នេះ។

នៅក្នុងកិច្ចប្រជុំនោះ ក្រុមអ្នកមុខអ្នកការរបស់ក្រសួងមន្ទីរទាំងនោះ បានប្រកាសពីការត្រៀម​រៀបចំការប្រារព្ធពិធី​ដ៏​អធិកអធមនេះ នៅថ្ងៃទី៥ ខែមករាខាងមុខនេះ។ លោក ង្វៀន ធៀនណាន់ បានថ្លែងក្នុងឱកាសនោះថា ការ​រៀបចំ​ទិវាបុណ្យរំលឹកខួបនេះ ដោយសារតែវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបញ្ជាក់អះអាងពីជ័យជំនះ នៃ​កងទ័ព​ប្រជាជនវៀតណាម នៅក្នុងសមរភូមិនៅតាមបណ្ដោយព្រំដែនទិសនារតី។

ជាមួយនឹងជំនួយដ៏«ថ្លៃថ្លា» និងមាន«ប្រសិទ្ធិភាព» នៃកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងនេះ បានធ្វើឲ្យ​«រណសិរ្យ​សាមគ្គីសង្គ្រោះជាតិកម្ពុជា» បានដណ្ដើមបានជ័យជំនះ និងបានវាយបណ្ដេញឲ្យរលំរលាយ នូវរបបប្រល័យ​ពូជ​សាសន៍ខ្មែរក្រហម ប៉ុលពត អៀងសារី ខៀវសំផន។ លោក ង្វៀន បានគូសបញ្ជាក់ថា ជ័យជំនះនេះជាឬសគល់ដ៏​សំខាន់ជំរុញឲ្យមាន ចំណងមេត្រីភាពដ៏«ស្អិតរមួត»រវាងប្រទេសទាំងពីរ កម្ពុជាវៀតណាម។

ការប្រារព្ធទិវារំលឹកខួបនេះ ត្រូវបានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និងអ្នកប្រវត្តិសាស្ត្រនានា បាននិយាយថា វៀតណាមចង់ឲ្យមាន​ការ​យល់​ច្រឡំមួយនៃប្រវត្តិសាស្ត្រ ទៅលើព្រឹត្តិការណ៍វាយលុក ចូលឈ្លានពានប្រទេស​កម្ពុជា នៅចុងឆ្នាំ១៩៧៨ ដោយខ្លួន​បានអបអរសារទរជ័យជំនះ លើរបបប្រល័យពូជសាសន៍នេះ តែនៅត្រឹមតែ​ព្រំដែន​នៃ​ប្រទេសខ្លួនប៉ុណ្ណោះ។ ​ក្រុម​អ្នករិះគន់ទាំងនោះបានទទួលស្គាល់ថា ប្រទេស​វៀតណាម​បានវាយលុក​ធ្វើ​ប្រតិបត្តិការ​យោធា ហួសពីព្រំដែនកម្ពុជាវៀតណាម ដោយ​ចូលវាយកម្ចាត់របបដឹកនាំរបស់ប៉ុលពត​ ឲ្យរត់​ខ្ចាត់​ខ្ចាយ រំដោះ​ប្រជាជន​កម្ពុជា ពីការសម្លាប់រង្គាលនៃរបបអាវខ្មៅដ៏ព្រៃផ្សៃ។ ប៉ុន្តែ​អ្វីដែលក្រុមអ្នករិះគន់ ចង់សង្កត់ធ្ងន់នោះ គឺ​នៅ​បន្ទាប់​មក ប្រទេសវៀតណាមបានបន្តុប​រដ្ឋាភិបាលអាយ៉ងមួយឡើង ហើយបានដាក់ប្រទេសកម្ពុជា ឲ្យស្ថិត​នៅ​ក្រោម​​នឹម​ត្រួតត្រា​របស់ខ្លួន រហូតរាប់ឆ្នាំក្រោយមក។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា ក៏ធ្លាប់បានថ្លែង​កាលពីពាក់​កណ្ដាលខែធ្នូ ទាក់ទងនឹងបញ្ហានេះដែរថា ប្រទេសកុម្មុយនីសវៀតណាម បានបង្កើតរណសិរ្យ​សាមគ្គីសង្គ្រោះជាតិ​កម្ពុជា នៅដើមខែធ្នូឆ្នាំ១៩៧៨ នេះឡើង ដើម្បីគ្រាន់ជាលេសនិងជាខែល បម្រើជារូបភាពស្របច្បាប់ ក្នុងការវាយ​លុកចូលកាន់កាប់ ទន្ទ្រានប្រទេសកម្ពុជា នៅដើមឆ្នាំ១៩៧៩ តែប៉ុណ្ណោះ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...