ចិនអំពាវនាវឲ្យភាគីជម្លោះនៅកម្ពុជា ជជែកគ្នា
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បានធ្វើការអំពាវនាវឲ្យភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយការខ្វែងគំនិតរបស់ពួកគេ តាមរយៈការជជែកគ្នា។ នេះជាការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅប៉ុន្មានម៉ោងមុននេះ។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - «យើងសង្ឃឹមថាគ្រប់ភាគីកម្ពុជាទាំងអស់ នឹងគិតផលប្រយោជន៍ជាតិ ជាអាទិភាព ប្រើប្រាស់ដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីរកច្រកចេញពីវិបត្តិ និងរក្សាឲ្យបាននូវស្ថិរភាព និងសុខសន្តិភាពរបស់ប្រទេសរបស់ពួកគេ។» នេះជាការថ្លែងឲ្យដឹងរបស់លោកស្រី ហួរ ឈុនយីង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅក្នុងសន្និសិទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដែលក្រសួងការបរទេសចិន តែងធ្វើជារៀងរាល់ថ្ងៃ។
លោកស្រី ហួរ បានពន្យល់បកស្រាយបែបនេះ នៅពេលមានអ្នកការសែតបានសាកសួរ សុំប្រតិកម្មរបស់ក្រសួងការបរទេសចិន ទាក់ទងនឹងបាតុកម្មដែលរៀបចំឡើងជាបន្តបន្ទាប់ ដោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ក្នុងប្រទេសកម្ពុជា។
លោកស្រីបានពន្យល់បន្ថែមថា ក្នុងនាមប្រទេសជិតខាត និងជាមិត្តជិតស្និតនោះ ប្រទេសចិនគាំទ្រការខិតខំប្រឹងប្រែង ជាវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាឲ្យបាននូវស្ថិរភាព និងនាំឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទាក់ទងនឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ លោកស្រី ហួរ បានរំលឹកពីជំនួបជជែកគ្នា ដែលបានធ្វើឡើងរវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីឆ្នាំ២០១៣ ដោយបានអះអាងថាមេដឹកនាំប្រទេសទាំងសងខាង បានឈានមកដំណាក់កាលដ៏សំខាន់មួយ នៃការទាក់ទងមិត្តភាពទ្វេភាគី។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ក្រោមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋចិន លោក យ៉ាង ជីឈី (Yang Jiechi) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង នឹងធ្វើដំណើរទស្សនកិច្ច នៅថ្ងៃពុធនេះ នាទីក្រុងប៉េកាំង ក្នុងឱកាសនៃជំនួបលើកទីមួយនៃគណកម្មាធិការនៃកិច្ចសហប្រតិបត្តិការ នៃរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន។
សូមរំលឹកដែរថា ការលើកឡើងរបស់ក្រសួងការបរទេសចិន បានធ្វើឡើងក្រោយការថ្លែងរបស់លោក ឈាន វុន មន្ត្រីជាន់ខ្ពស់មួយរូបពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដែលអះអាងថា ស្ថានទូតបរទេសយ៉ាងហោចណាស់ចំនួនបី ក្នុងនោះមានស្ថានទូតចិននោះផង គ្រោងនឹងផ្ញើរលិខិតចំហរទៅកាន់គណបក្សសង្រ្គោះជាតិ ដើម្បីលើកឡើងពីផលប៉ះពាល់ ដែលកើតចេញពីមហាបាតុកម្មអហិង្សា របស់គណបក្សប្រឆាំងមួយនេះ ទៅដល់ក្រុមអ្នកវិនិយោគទុនចិន ក្នុងប្រទេសកម្ពុជា។
ប្រទេសចិនត្រូវបានគេដឹងថា បានប្រកាន់គោលជំហរគាំទ្រ ការប្រកាសលទ្ធផលឆ្នោតសកល ដ៏ប្រទាំងប្រទើស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលឈានទៅដល់ ការបង្កើតរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែបណ្ដាអ្នករិះគន់ បាននិយាយថា ចិនជាប្រទេសកុម្មុយនីស មិនដែលស្គាល់ការបោះឆ្នោតម្ដងណាឡើយ ហើយអ្វីដែលប្រទេសបានប្រកាន់ជំហរសម្រាប់ប្រទេសកម្ពុជានោះ ដោយសារតែចិនសម្លឹងឃើញពីផលប្រយោជន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ