ម៉ុង ឬទ្ធី៖ ជម្លោះ​ដីធ្លី​ខ្លះ កើត​ឡើង​ដោយ​សារ​ពលរដ្ឋ និង​សង្គម​ស៊ីវិល

លោក ម៉ុង ឬទ្ធី ប្រធានគណៈកម្មាធិការទី៣ព្រឹទ្ធសភា បាននិយាយថា បញ្ហាទំនាស់ដីធ្លីកើតឡើង ដោយ​សារ​តែ​ការ​មិន​យោគ​យល់គ្នា។ លោកយល់ថា បើចោទតែរដ្ឋាភិបាលក៏មិនត្រូវនោះដែរ បញ្ហាមួយចំនួនខ្លះ កើត​ឡើង​ដោយ​សារ​តែ​ពលរដ្ឋ និង​អង្គការសង្គមស៊ីវិល។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៥ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 26, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណៈកម្មាធិការទី៣​ព្រឹទ្ធសភា លោក ម៉ុង ឬទ្ធី បាន​លើក​ឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា បើ​អង្គុយ​ចាំ​តែ​បន្ទោស តែ​ម្ខាងៗ​នោះ បញ្ហា​នឹង​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ឡើយ។ លោក​ថា បញ្ហា​កើត​ឡើង​ដោយ​សារ​តែ​សម្បទានិក (អ្នក​ទទួល​កិច្ច​សម្ប​ទាន) មិន​យល់​ពី ភារកិច្ច​របស់​ខ្លួន ថា​រដ្ឋ​ប្រគល់​ដី​សម្ប​ទាន មិន​មែន​ជា​របស់​ខ្លួន​នោះ​ទេ។ ចំណែក​ឯ​ប្រជា​ពលរដ្ឋ ក៏​មាន​កំហុស​ដែរ ដោយ​សារ​តែ​ពួក​គេ​ទទួល​បាន​​ការ​ចែក​ដីធ្លី ពី​រដ្ឋ​​ហើយ បែរ​ជា​យក​ទៅ​លក់ ហើយ​អាង​មក​ទាមទារ​វិញ។

ការលើកឡើង របស់​ប្រធាន​គណៈកម្មការ​ទី​៣ព្រឹត្តិសភា​រូប​នេះ​ធ្វើ​ឡើង នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ លើក​ទី៨ ស្តី​ពី​ការ​រួបរួម​គ្នា ដើម្បី​ជំរុញ​កំណែ​ទម្រង់ លើ​អភិបាល​កិច្ច​ដី​ធ្លី និង​ធន​ធាន​ធម្មជាតិ ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ។

លោក​បន្ត​ថា ដំណោះ​ស្រាយ​ក្នុង​បញ្ហា​ជម្លោះ​ដី​ធ្លី គឺ​ភាគី​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ទាំង​រដ្ឋសភា ព្រឹទ្ធ​សភា រដ្ឋាភិបាល ក៏​ដូច​ជា​សង្គម​ស៊ីវិល ជួយដោះស្រាយរួមគ្នា។ លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថា អ្នកណាគេ​កើត​ឡើងយ៉ាងណាទេ ប៉ុន្តែខ្ញុំថា បើយកស្រួល កុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន គិតពីផលប្រយោជន៍ជាតិ ប្រជាជនជាធំ ទើបវាអាចដោះស្រាយបាន បញ្ហានេះ។ ហើយកម្ពុជា ច្បាំងតាំងពីឆ្នាំ៧០ រហូតដល់៩៨ សុទ្ធ​តែអាចដោះស្រាយបាន សុទ្ធកាំភ្លើង ហើយចុះអានេះប៉ុណ្ណឹង ហេតុអីដោះស្រាយមិនបាន ខ្ញុំឃើញថា​ដោះ​ស្រាយបាន។»

យ៉ាងណាក៏ដោយ ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាជនកម្ពុជា និងជាមហាសេដ្ឋីរូបនេះ បានបញ្ជាក់ថា កន្លង​មកគណកម្មការទី៣នៃព្រឹទ្ធសភា របស់លោក មិនដែលបានទទួលពាក្យបណ្តឹង ពីប្រជាជនម្តងណា​ឡើយ។

ប៉ុន្តែការលើកឡើងខាងលើនេះ ហាក់ដូចជាផ្ទុយទៅនឹងការសិក្សាស្រាវជ្រាវ របស់មន្ត្រីអង្គការសង្គមស៊ីវិល ដែល​ធ្វើទៅលើវិបត្តិដីធ្លីនោះកម្ពុជា។ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិការអង្គការមិនមែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា ហៅកាត់ថា NGOForum បានលើកឡើងថា បញ្ហាចម្បងៗ ដែលបណ្តាលឱ្យកើតមានជម្លោះដីធ្លី បណ្តាលមកពីការអនុវត្តន៍ច្បាប់ មិនបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា គ្មានការវាយតម្លៃអំពីផល​ប៉ះពាល់​បរិស្ថាន ឱ្យស្របតាមស្តង់ដាជាតិ និងអន្តរជាតិជាដើម។ លោក តឹក វណ្ណារ៉ា បានថ្លែងឲ្យដឹង នៅក្នុងវេទិកា​ជា​ច្រើន ក្នុងពេលកន្លងមកថា ដើម្បីស្វែងរកដំណោះស្រាយ លើបញ្ហាជម្លោះដីធ្លី រដ្ឋាភិបាលគួរមានតួនាទី​ចាំបាច់​សំខាន់បី៖ ទី១.ត្រូវជម្រុញក្នុងការអនុត្តន៍ច្បាប់ ឱ្យបានត្រឹមត្រូវ ទី២.ត្រូវតែធ្វើការវាយតម្លៃ ហេតុផលប៉ះពាល់​បរិស្ថាន មុនពេលផ្តល់ដីសម្បទានឱ្យក្រុមហ៊ុន ទី៣.គួរតែមានលំហូរព័ត៌មាន ពីគម្រោងអភិវឌ្ឍន៍ដល់តំបន់​ជនបទ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...