ការ​តម្លើង​ថ្លៃ​តូប បន្ត​បញ្ហា​ចុង​ក្រោយ ឲ្យ​ផ្សារ​នាគ​មាស

ជម្លោះតវ៉ា នៅផ្សារនាគមាស នៅមិនទាន់យល់ស្របគ្នាទាំងស្រុងនៅឡើយ បើទោះជាមានការប្រជុំពិភាក្សា ចំនួន​ពីរ​លើក​មក​ហើយ​ក្ដី។ បញ្ហាមួយពីក្នុងចំណោទទាំង៦ ដែលមិនទាន់យល់ស្របគ្នានោះ គឺការតម្លើងថ្លៃតូប ដែលភាគីទាំងសងខាង បានស្នើឲ្យមានការតម្លើងថ្លៃខុសគ្នា។
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២៧ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 27, 2014
  • ប្រធានបទ: អាជីវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជម្លោះថ្លៃតូបដែលម្ចាស់ផ្សារនាគមាស បាន​តម្លើង​ជា​ប្រចាំ​ឆ្នាំ នៅ​តែ​ជា​បញ្ហា​ជជែក​គ្នា មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកានេះ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ កង្វល់​ទាំង​៦ចំណុច ដែល​ទាមទារ​ដោយ​ក្រុម​អាជីវករ ទទួល​បាន​ដំណោះ​ស្រាយ​សឹង​តែ​ទាំង​អស់​ហើយ។

តំណាងអាជីវករនៅផ្សារនាគមាស អ្នកស្រី សំ សារិន្ទ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​ខែ​វិច្ឆិកា​នេះ មិន​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ប្រសើរ​ឡើយ ព្រោះ​ថា​ចំណុច​ចុង​ក្រោយ​ ដែល​និយាយ​ពី​ការ​តម្លើង​ថ្លៃ​តូប​ប្រចាំ​ឆ្នាំ នៅ​មិន​មាន​ការ​យល់​ស្រប​គ្នា​នៅ​ឡើយ។ ភាគី​ម្ចាស់​ផ្សារ​នៅ​តែ​ពង្រឹង​ជំហ យក​ការ​តម្លើង​ថ្លៃ​តូប ៣០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ចំណែក​ឯ​ក្រុម​អាជីវករ​វិញ​ទាម​ទារ ឲ្យ​តម្លើង​ថ្លៃ​តែ​ត្រឹម ១០ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ការពិភាក្សាជុំវិញករណីផ្សារនាគមាស នាព្រឹកថ្ងៃនេះ ជាការធ្វើលើកទីពីរហើយ បន្ទាប់ពីកិច្ចប្រជុំនេះ ត្រូវបាន​រៀបចំ​ធ្វើជាលើកទីមួយ កាលពីរសៀលម៉ោង៣ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា មួយថ្ងៃមុន ក្រោមការសម្របសម្រួល ពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោក ប៉ាង លីដា ជាអភិបាលរង​ខណ្ឌ​ទួលគោក។ ចំណុច៥ ពីក្នុងចំណោមចំណុចទាំង៦ ត្រូវបានព្រមព្រៀងគ្នា ក្នុងនោះមាន ការសុំឲ្យធ្វើអនាម័យ​ផ្សារនៅពេលយប់ ការសុំឲ្យយកតម្លៃផ្សារជួលកណ្តាលប្រចាំខែ ការសុំឲ្យដកអ្នកយកភាស៊ី P12 (អ្នកយក​លុយ) ចេញពីផ្សារ និងការស្នើសុំឲ្យបើកទឹកប្រើប្រាស់ដូចធម្មតាវិញ។

ប៉ុន្តែបញ្ហាតម្លើងថ្លៃតូប នៅតែជាបញ្ហាដែលជជែកគ្នាមិនត្រូវ ដោយសារតែភាគីម្ចាស់ផ្សារ ទាមទារឲ្យមានការ​កំណត់ថ្លៃ ស្របតាមកិច្ចសន្យាជួលតូប ខណៈអាជីវករនៅតែត្អូញត្អែរពីការចំណូលតិច ពីការរកទទួលទាន​របស់ខ្លួន។ តាមសេចក្តី​​ជូន​​ដំណឹង​មួយ ស្តី​​ពី​តម្លៃ​ជួល​តូប​ចុះ​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​​២០១៤​នេះ ​បាន​បង្ហាញ​នូវ​តួ​លេខ​តម្លើងថ្លៃ ​​ប្រមាណ​ជា៣០​ភាគរយ នៃ​ការ​ផ្លាស់​​ប្តូរ​តម្លៃ​ពី​តូប​តូច​ទៅ​ធំ ក្នុង​នោះ ពី​១៨ ទៅ​២៤​ ដុល្លារ ពី៩០​ ទៅ​១២០​ដុល្លារ ​និង​​ពី​​៣២០​ ទៅ​​៤០០​​ដុល្លារ។ ការតម្លើងថ្លៃនេះ ជំរុញឲ្យក្រុមអាជីវករដែលមានគ្នា​ប្រមាណ​ជា​១០០នាក់ ប្រមូលគ្នាធ្វើបាតុកម្មនៅពីមុខផ្សារ ដោយបានបិទផ្សារលែងលក់ដូរ កាលពីថ្ងៃអង្គារទី២៥ ខែវិច្ឆិកា​កន្លងមក។

យ៉ាងណាក៏ដោយ នៅក្នុងកិច្ចពិភាក្សាលើកទីពីរនេះ លោកអភិបាលរងខណ្ឌទួលគោក ប៉ាង លីដា បាន​សម្រេច លើកទៅពិភាក្សា ជាលើកទី៣ និងទី៤ នៅថ្ងៃទី១ និងទី២ ខែធ្នូ ជាបន្តទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...