ទិវា​សិទ្ធិ​លំនៅដ្ឋាន​លើក​ទី​២៩៖ ភាព​ស្រេក​ឃ្លាន​«សិទ្ធិ​មាន​លំនៅដ្ឋាន»

ប្រជាសហគមន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មួយចំនួនធំបានមកជួបជុំ និងប្រមូលផ្តុំគ្នា ជិតអតីតតំបន់ដីក្រហម (ខាងជើងស្ថានទូតរុស្ស៊ី) កាលពីព្រឹកថ្ងៃទី០៦ ខែតុលានេះ។ ការប្រមូលផ្តុំនេះ ក្នុងគោលបំណងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ក្នុងការជម្លៀស និងបណ្តេញជនក្រីក្រដោយបង្ខំ ចេញពីរាជធានីភ្នំពេញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 06, 2014
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋមួយចំនួនធំ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ធ្វើការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ ជុំវិញ​ការ​បណ្តេញ​ចេញ ជា​មួយ​និង​ឧបសគ្គ​មួយ​ចំនួន ពិសេស​ការ​គំរាម​កំហែង​ដោយ​អំណាច និង​ហិង្សា​ពី​មន្រ្តី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​បាន​បង្ហាញ និង​ត្អូញត្អែរ​ពី​បញ្ហា​«រស់នៅ» ក្រោយ​ការ​ជម្លៀស​ថា មាន​អស្ថេរភាព​នៃ​កាន់​កាប់​ដី, ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ជា​បន្ត, គ្មាន​លំនៅដ្ឋាន​រស់នៅ​សមរម្យ និង​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ជា​ដើម។

ក្នុងកម្មវិធីនេះដែរ ក្រុម​អ្នក​ជួបជុំ​ទាំង​នេះ បាន​ដើរ​ជា​ក្បួន​ឆ្ពោះ​ទៅ​រដ្ឋសភា ក៍​ដូចជា​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​បន្ត ឬ​បន្ថែម​«ញត្តិ»​សារ​ជា​ថ្មី ពី​បញ្ហា​វិវាទ​ដី​ធ្លី​កន្លង​មក ដែល​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងឡើងថា បន្ទាប់ពី​ត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ១៩៨៥  ទិវាលំនៅដ្ឋានពិភពលោកលើកទី២៩នេះ បានធ្វើក្នុងន័យដើម្បី​ឆ្លុះបញ្ចាំង​ស្ថានភាព នៃទីក្រុង ក៏ដូចជាទីប្រជុំជន ព្រមទាំងសិទ្ធិមនុស្សជាមូលដ្ឋាន ក្នុងការទទួល​បាននូវជម្រក​សមរម្យ និង​ថ្លៃថ្នូរ។ ទិវានេះ ក៏មានបំណងរំឭកដល់ពិភពលោក នូវការទទួលខុសត្រូវជាសមូហភាព លើ​លំនៅដ្ឋាន​នៃ​មនុស្ស​ជំនាន់​ក្រោយ។

សម្រាប់ប្រទេសកម្ពុជាវិញ នៅជាប្រទេសមួយ ដែលមានបញ្ហាច្រើន ពាក់ព័ន្ធនឹងការតាំងលំនៅឋានថ្មី, ការ​បណ្តេញចេញ និងការកាន់កាប់ដីធ្លីនៅឡើយ។ លោក តឹក វណ្ណារ៉ា បានថ្លែងឲ្យដឹងទៀតថា៖ «ប្រជាពលរដ្ឋ ត្រូវចូលរួម និងបញ្ចេញសំឡេងរបស់ខ្លួន ទៅកាន់សាធារណជន។ (…) យើងមិនគួរសម្ងំស្ងៀម ចំពោះមុខ​ការ​រំលោភសិទ្ធិមនុស្សនោះទេ។»

ឯប្រធានសមាគមធាងត្នោត លោក អី សារុំ បានបង្ហាញថា ទិវានេះមានលក្ខណៈសមស្រប និងក៏ស្របពេល ដែលមន្ត្រីមានអំណាចមួយចំនួន ក្នុងជួរដ្ឋាភិបាល បានកំពុងបណ្តេញពលរដ្ឋក្រីក្រ ចេញពីក្នុងរាជធានី​ភ្នំពេញ ខណៈអង្គការក្រៅរដ្ឋភិបាលមួយចំនួនទៀត បានចេញនូវរបាយការរបស់ខ្លួន ស្តីពីការបាត់បង់ នៃសិទ្ធិ​មាន​លំនៅដ្ឋាន របស់ប្រជាពលរដ្ឋក្រីក្រ។ លោកប្រធានសមាគមធាងត្នោត បានថ្លែងទៀតថា៖ «នៅ​ទី​ណា​ក៏ដោយ បើមានប្រជាជនសហគមន៍ ប្រឈមមុខនឹងបញ្ហានៃការផ្លាស់កន្លែង យើង​ព្យាយាមជំរុញការ​អភិវឌ្ឍន៍ នៅ​នឹង​កន្លែង ដែលជាជម្រើសមួយល្អសម្រាប់ពួកគេ»។

ជាការរំលឹកឡើងវិញ កាលពីខែឧសភាថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​សម្រេច​បង្កើត នូវ“អគ្គនាយកដ្ឋានលំនៅដ្ឋាន”មួយ ដែលមានតួនាទី និងភារកិច្ច ធ្វើការជាមួយ​ភាគីពាក់ព័ន្ធ​នានា លើការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីលំនៅដ្ឋាន។ ឯសាលារាជធានីភ្នំពេញ ក៏បានបង្កើត​ក្រុម​ការងារ ស្តីពី​«ការកាត់បន្ថយភាពក្រីក្រ» នៃប្រជាជនរស់នៅទីប្រជុំជដែរ។ តែសម្រាប់ក្រុមប្រជារងគ្រោះ​ដោយ​បញ្ហាដីធ្លី បានថ្លែងបរិហាក្រុមការងារទាំងនោះ ថាហាក់ដូចជាអនុវត្តការងារគ្មានប្រសិទ្ធិភាព ឬចាំ​តែ​ទទួល​បញ្ជា​ពី​ថ្នាក់​លើប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...