អាជីវករជួលស្តង់លក់ពេលបុណ្យអុំទូក សុំឱ្យបញ្ចុះតម្លៃជួល
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៦ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 07, 2014
- ប្រធានបទ: តំអូញ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កត្តាថយចុះ នៃប្រជាពលរដ្ឋ ដែលមកទស្សនាបុណ្យអុំទូក នាឆ្នាំនេះ រួមផ្សំនឹងការប្រាក់ចំណូល របស់ប្រជាពលរដ្ឋទាបផងនោះ អាជីករដែលនាំគ្នាបង្កើតអាជីកម្មរយៈពេលខ្លី និងក្រុមហ៊ុនមួយចំនួន ហាក់ខកបំណង ដោយផលិតផលលក់មិនសូវដាច់ ដូចកាលពីឱកាសបុណ្យអុំទូកដូចឆ្នាំមុនៗ។ អាជីវករខ្លះរកចំណូលបានទាប ប៉ុន្តែចំណាយទៅលើការជួលស្តង់ និងត្រូវបង់ភាស៊ីច្រើន។
អាជីវករម្នាក់ ដែលជួលស្តង់គេលក់ ក្នុងឱកាសបុណ្យអុំទូកនេះ ក្នុងតម្លៃ៤៥០ដុល្លា បានរអ៊ូរទាំ លាយឡំនឹងការព្រួយបារម្ភថា អ្នកស្រីបារម្ភតែរយៈពេលបីថ្ងៃ នៃការលក់ក្នុងរដូវបុណ្យអុំទូកនេះ មិនអាចរួចថ្លៃជួលស្តង់បានទេ។ អាជីវករមកពីខេត្តកំពង់ស្ពឺរូបនេះ បានបន្តថា ថ្លៃស្តង់ក៏ខ្ពស់ ហើយឥវ៉ាន់ដែលទិញ យកក៏មានតម្លៃថ្លៃ រីឯការលក់វិញក៏មិនដាច់ ជាក់ស្តែងដូចកាលពីយប់ថ្ងៃទីមួយ អ្នកស្រីលក់បានតែប្រហែល ជាង១០ម៉ឺនរៀលតែប៉ុណ្ណោះ។ អ្នកស្រីថា ប្រសិនអ្នកជួលស្តង់ មិនព្រមបញ្ចុះតម្លៃជួលទេ អ្នកស្រីនិងមិនមកលក់បន្តទៀតទេនៅឆ្នាំក្រោយ។
ចំណែកលោក សាត សារី តំណាងអ្នកលក់ស្រាបៀរ ឱ្យក្រុមហ៊ុនស្រាបៀរឆៀរ បានប្រាប់យ៉ាងដូច្នេះដែរថា ក្រុមហ៊ុនត្រូវជួលតូប ក្នុងរយៈពេលបីថ្ងៃអស់ប្រហែល៦០០ដុល្លា ការលក់មានការលំបាកច្រើន ដោយលក់មិនសូវដាច់ ដោយសារតែគ្មានមនុស្សមកលេងដូចឆ្នាំមុនៗ។ ចំណែកការចំណាយច្រើន ក្នុងបុគ្គលិកម្នាក់ៗត្រូវជួលពី១០ដុល្លា ទៅ១៥ដុល្លា ក្នុងមួយថ្ងៃ។ «ខ្ញុំគ្រាន់តែសំណូមពរ ដល់អ្នកគ្រប់គ្រងនៅកោះពេជ្រនេះ សូមបញ្ចុះតម្លៃជាពិសេស បញ្ចុះតម្លៃនៅតាមតូបនីមួយៗ ដើម្បីឱ្យក្រុមហ៊ុនចំណាយតិច»។ លោក សាត សារី បានបន្ថែម។
មិនខុសគ្នាដែរ អាជីវករអ្នកលក់បបរ មីឆា និងគ្រឿងបរិភោគម្នាក់ទៀត មកពីស្រុកឧដ្ដុង បានប្រាប់ឱ្យដឹងដែរថា បើគិតទាំងថ្លៃជួលអ្នករត់តុ ថ្លៃជួលស្តង់ក្នុងតម្លៃជាង៣០០ដុល្លា អ្នកស្រីមិនអាចរត់រួចបាននោះទេ ជាមួយនឹងចំណូល ដែលលក់បានត្រឹមតែមួយថ្ងៃ៤០ម៉ឺនរៀលនេះ។ អ្នកស្រីបន្ថែមថា អ្នកស្រីក៏ធ្លាប់សុំគេបញ្ចុះដែរ ប៉ុន្តែគេមិនព្រមឡើយ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងស្វែងរកការបកស្រាយ ពីក្រុមហ៊ុនដែលទទួលបន្ទុកក្នុងការជួលស្តង់ទាំងនេះ ហើយនឹងចុះផ្សាយនៅក្នុងអត្ថបទលើកក្រោយ នៅពេលមានព័ត៌មានបន្ថែម៕