ឆក់កាបូបអស់ទូរស័ព្ទនិងលុយ ហើយខ្លួនមានរបួសទៀត នៅភ្នំពេញ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៦ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 07, 2014
- ប្រធានបទ: ឆក់ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តីរងគ្រោះ ដែលត្រូវបានចោរឆក់កាបូបមានឈ្មោះ ឡាយ អ៊ីន ជាអាជីវករលក់ដូរនៅផ្សារធំថ្មី ជិះម៉ូតូម៉ាក Cup។ រីឯក្រុមចោរមានគ្នាពីរនាក់ ជិះម៉ូតូម៉ាក សេ១០០។ ចោរដែលឆក់កាបូបនោះ បានធ្វើសកម្មភាពរួចហើយ ក៏បានគេចខ្លួនបាត់ដោយសុវត្តិភាព។
អ្នកស្រី ឡាយ អ៊ីន បានរៀបរាប់ឱ្យដឹងថា អ្នកស្រីបានជិះម៉ូតូជាមួយកូនស្រីអាយុ១៣ឆ្នាំ ដើម្បីទៅផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែមកដល់ម្តុំស្ពានស្ទឹងមានជ័យ ស្រាប់តែមានបុរសពីរនាក់ ជិះម៉ូតូម៉ាកសង់ សេ១០០ បានធ្វើសកម្មភាពឆក់យកកាបូបអ្នកស្រីតែម្តង។ អ្នកស្រីអះអាងថា កាបូបដែលត្រូវបានឆក់នោះ មានទូរស័ព្ទដៃពីរគ្រឿង និងលុយមួយចំនួនធំទៀត ដែលអ្នកស្រីមិនអាចបញ្ជាក់បានទេ ថាមានចំនួនប៉ុន្មាន។
បន្ទាប់ពីត្រូវចោរឆក់ ដោយសារតែម៉ូតូបាលដួល ស្រ្តីរងគ្រោះបានរងរបួសត្រង់មុខ ចំណែកកូនស្រីមានរបួសត្រង់ជង្គង់។ បើតាមសាក្សីនៅផ្ទាល់កន្លែង បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឱ្យដឹងថា បើទោះមានការរាយការណ៍ ដល់ក្រុមសមត្ថកិច្ចដែលប្រចាំការនៅទីនោះក៏ដោយ តែដូចជាគ្មាននរណាម្នាក់អើពើឡើយ ចំពោះករណីនេះ។
កន្លងមក ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ តែងតែមានការព្រួយបារម្ភ អំពីសន្តិសុខផ្ទាល់ខ្លួន ព្រោះមានជនអនាធិបតេយ្យរស់នៅក្រោមស្ពាន ប៉ុន្តែហាក់គ្មានអាជ្ញាធរណាអើពើឡើយ។ ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរឱ្យតែរៀងព្រលប់បន្តិច គឺគេចាក់សោរបិទទ្វារអស់ ព្រោះតែខ្លាចចោរប្លន់។ ពលរដ្ឋដែលរស់នៅក្បែរនោះ ធ្លាប់ប្រាប់ឱ្យដឹងដែរថា នៅក្បែរនោះ របស់របររបស់ប្រជាពលរដ្ឋ តែងតែបានបាត់ស្ទើរជារៀងរាល់ថ្ងៃ ចំណែកករណីចោរលួគាស់ផ្ទះ ក៏កើតមានច្រើនដែរ៕