យុវជនចិត្តសប្បុរសធម៌ លក់ថ្នាំនិងភេសជ្ជៈ ដើម្បីយកប្រាក់ជួយជនក្រីក្រ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៥ វិច្ឆការ ២០១៤
- កែប្រែចុងក្រោយ: November 07, 2014
- ប្រធានបទ: សមានចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអំទូកអកអំបុកសំពះព្រះខែ ឆ្នាំ២០១៤នេះ យុវជនមួយក្រុម ដែលមកពីសកលវិទ្យាល័យផ្សេងៗគ្នា ក្នុងនោះមានជំនាញខាងពេទ្យ ច្បាប់ និងទំនាក់ទំនងអន្តរជាតិជាដើម បានរួមគំនិតគ្នាលក់ជាភេសជ្ជៈ និងថ្នាំពេទ្យ សំរាប់ជួយសម្រួល ដល់ការហូបចុក នៃអ្នកដែលទៅទស្សនាបុណ្យអុំទូក ឫក៍ពួកគាត់មានបញ្ហាសុខភាព នៅពេលទៅកំសាន្តបុណ្យនោះ។ យុវជនមួយក្រុមនេះ មិនត្រឹមតែលក់ទំនិញ យកប្រាក់ចំណេញជួយជនក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះវិធីសង្រ្គោះបឋម ដល់ជនណា ដែលមានបញ្ហាសុខភាពដូចជាខ្យល់ចាប់ ឫសន្លប់ និងបញ្ហាផ្សេងៗទៀត។
សកម្មភាពរបស់យុវជនទាំងនេះ មានលក្ខណៈជាការស្ម័គ្រចិត្តសុទ្ធសាធ ពោលគឺពួកគេអាចជួយបាន ដោយមិនគិតថ្លៃ និងដោយឆន្ទៈ។ រីឯអ្នកដែលចូលមកទិញភេសជ្ជៈ ឬសម្ភារៈផ្សេងៗរបស់ក្រុមយុវជននេះ ក៏ត្រូវបានគេចាត់ទុកថា ជាអថិជនដែលមានសុទ្ធាជ្រះថ្លា និងបានជួយឧបត្ថម្ភថវិការ ដល់ជនក្រីក្រដូចគ្នាដែរ។
និស្សិមួយរូបនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា ទេព សរស៊ីណា ដែលបានចូលរួមសកម្មភាពនេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ប្រាក់ចំណេញបានពីការលក់ដូរនេះ សម្រាប់យកទៅឧបត្ថម្ភដល់ជនក្រីក្រ និងកុមារកំព្រា ដែលរស់នៅជិតរាជធានីភ្នំពេញ។ តែកញ្ញាបញ្ជាក់ទៀតថា នៅពេលបញ្ចប់ពិធីបុណ្យអំទូកនេះ ក្រុមកញ្ញានឹងចុះទៅខេត្ត ពោធិសាត់ ដើម្បីនាំយកនៅថវិការដែលនៅសេសសល់ ទៅជូនជនក្រីក្រ ក្នុងតំបន់មួយនៃខេត្តនោះ។
កញ្ញាបានរៀបរាប់ថា ថវិការដែលយកទៅប្រើប្រាស់ដើម្បីទិញភេសជ្ជៈ ជាការជួយជ្រោមជ្រែង ពីព្រះតេជគុណ អឿន សំអាត ព្រះសង្ឃមួយអង្គ ដែលតែងតែដឹងនំាយុវជន ឲ្យសំអាតបរិស្ថានក្នុងរាជធានីភ្នំពេញ និងដាំដើមឈើ នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ រីឯថវិការយកទៅទិញថ្នាំ សំរាប់សង្គ្រោះបឋម គឺបានមកពីអង្គការផ្តល់នូវក្ដីសង្ឃឹម (Hope) ចំនួន ៣០០ដុល្លា។
ក្រុមយុវជនលក់ភេសជ្ជៈ និងសង្គ្រោះបឋមនេះមានគ្នាចំនួន ១៧នាក់ ហើយស្តងលក់របស់ពួកគេមានពីរកន្លែង ស្ថិតនៅជិតវត្តឧណ្ណាឡោម។ ក្រុមយុវជនទាំងនេះ នឹងបន្តលក់រហូតដល់ចប់កម្មពិធី ក្នុងរយៈពេលបីថ្ងៃពេញ នៃព្រះរាជពិធីបុណ្យអុំទូកនេះតែម្តង៕