បីយ៉ាង ដើម្បីបង្កើតមិត្ត និងបួនយ៉ាង ដើម្បីពង្រឹងចំណងមិត្ត
មិត្តភាពជាវត្ថុសំខាន់មួយ ដែលពេលខ្លះយើងបានបំភ្លេចពីសារៈសំខាន់របស់វា ហើយអាចបណ្តាលឲ្យបាត់បង់ផលប្រយោជន៏ជាច្រើន ដែលកើតចេញពីមិត្តភាព ជាពិសេស នៅពេលយើងត្រូវការមិត្តភក្ត័ដើម្បីជួយជីវិតរបស់យើងកាន់តែប្រសើរ។ ដូចពាក្យចាស់ថា មិត្តល្អជួយគ្នាក្នុងគ្រាក្រ ដែលបង្ហាញពីប្រយោជន៏នៃការចងមិត្តភាព រវាងមនុស្សនឹងមនុស្ស។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លើកយកចំណុចមួយចំនួន ដើម្បីបង្ហាញពីវិធីសាស្រ្តនៃការបង្កើតមិត្ត និងថែរក្សាចំណងមិត្តភាពឲ្យបានកាន់តែប្រសើរឡើង។
១.ចំណងមិត្តភាពជួយឲ្យជីវិតវែង
លោក ជូលៀន ហតឡនស្តាដ (Julianne Holt-Lunstad) សាស្រ្តាចារ្យបណ្ឌិតផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ ប្រៃហាម យ៉ាំង (Brigham Young) បានធ្វើការវិភាគករណីសិក្សាចំនួន១៤៨ ហើយបានសន្និដ្ឋានពីកង្វះខាត នៃការចូលរួមក្នុងសង្គម នឹងអាចបណ្តាលឲ្យពួកគេប្រឈមមុខ នឹងសេចក្តីស្លាប់ ព្រោះមនុស្សត្រូវការមិត្តភក្តិ ជួយជំរុញចំណុចវិជ្ជមាន និងផ្លូវចិត្តឲ្យកាន់តែប្រសើរឡើង។ មនុស្សដែលរស់នៅក្នុងសង្គមមិត្តភក្តិ មានចំនួន៥០ភាគរយ មានជីវិតរស់នៅបានយូរជាងអ្នករស់នៅតែឯង។ លោក ហតឡនស្តាដ បានធ្វើការសន្និដ្ឋានថា ការចូលរួមក្នុងសង្គមតិចអាចធ្វើឲ្យពួកគេជួបហានិភ័យ ស្មើរនឹងអ្នកជក់បារីចំនួន១៥ដើម ក្នុងមួយថ្ងៃ ព្រមទាំងអាចប្រឈមនឹងអការៈធាត់ចុកខ្លាញ ឬអាចដុះក្បាលពោះ បើគេមិនហាត់ប្រាណ។ ភាពតាន់តឹង និងជំងឺថប់អារម្មណ៏ងាយស្រួល អាចកើតមានយ៉ាងងាយ លើមនុស្សដែលចូលចិត្តផ្តាច់ខ្លួនពីសង្គម។
មិត្តភក្តិកំប្លែង ឬរីករាយ តែងធ្វើឲ្យយើងមានអារម្មណ៏សប្បាយរីករាយតាមនោះដូចគ្នា ហើយវាអាចជួយជំរុញឲ្យអាយុរបស់យើងបានវែងជាងធម្មតា។ដូច្នេះចូលបង្កើតមិត្តភក្តិឲ្យបានច្រើន ជាពិសេសមិត្តភក្តិដែលអាចផ្តល់ នូវភាពរីករាយដល់យើងរាល់ថ្ងៃ។
២.ពេលខ្លះមិត្តស្គាល់អ្នកច្រើនជាងអ្នកស្គាល់ខ្លួនឯង
មនុស្សម្នាក់មិនអាចមើលខ្លួនឯង សព្វគ្រប់ឡើង។ពេលខ្លះមិត្តភិក្តយើងនឹងស្គាល់យើងច្រើនជាងខ្លួនយើងផង ព្រោះពួកគេអាចប្រាប់ពីបុគ្គលិកលក្ខណៈខ្វះខាតដែលយើងមិនដឹងបាន។ នេះបើតាមសម្តីលោក Simine Vazire បណ្ឌិតផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យវ៉ាស៊ីនតោនបាននិយាយថា មិត្តភក្តិអាចជួយឲ្យយើងមើលឃើញខ្លួនឯង កាន់តែច្បាស់ដូចជា ការជឿជាក់លើខ្លួនឯង និងភាពរីករាយ។ បន្ថែមលើសនេះទៀត មិត្តភក្តិមួយចំនួននឹងជួយយើង សាកល្បងភាពវ័យឆ្លាតដែលយើងមិនដឹង។
៣.មិត្តភក្តិបង្កើនភាពរីករាយបន្ថែមលើជីវិតគ្រួសារ
លោក ដេវិត ខេណេមែន(David Kahneman) ម្ចាស់ពាន់រង្វាន់ណូបែលបានបង្ហាញការស្រាវជ្រាវរបស់គាត់ថា ការចំណាយពេលវេលានៅជាមួយមិត្តភក្តិ រីករាយជាងការចំណាយពេលនៅជាមួយប្តី ឬប្រពន្ធនិងកូន។ មិនមែនដោយសារមានបញ្ហាមានជីវិតគ្រួសារឡើយ ប៉ុន្តែពេលនៅជាមួយមិត្តភក្តិទំនួលខុសត្រូវរបស់ខ្លួនមិនសូវមាន ហើយយើងមានពេលសម្រាប់សម្រាក។
លើសពីនេះការរក្សាចំណងមិត្តភាព រវាងមិត្តិភក្តិអាចរក្សាបានយូរ ដូចការរក្សាចំណងទាក់ទងក្នុងគ្រួសារដែរ។ រីឯការជួបជុំជាមួយមិត្តភក្តិថ្មីផ្សេងៗទៀត ក៏នឹងផ្តល់នូវអារម្មណ៏ថ្មីៗនិងបទពិសោធន៏ ប្លែកៗក្នុងជីវិតដូចគ្នា។
តើធ្វើយ៉ាងណាដើម្បីរក្សាទំនាក់ទំនងរវាងអ្នកនឹងមិត្តភក្តិរបស់អ្នក
តាមការសិក្សារបស់អ្នកចិត្តវិទ្យាជនជាតិហូលឡង់ម្នាក់ ទៅលើមនុស្សមួយក្រុម ដែលមានវ័យចំរុះ ចំនួនមួយពាន់នាក់បានរកឃើញថា អាត្រាជាមធ្យមយើងនឹងបាត់បង់មិត្តភក្តិពាក់កណ្តាលរៀងរាល់ប្រាំពីរឆ្នាំម្តង។ដូច្នេះបើសិនបើយើងចង់រក្សាមិត្តភក្តិជិតស្និតរហូតនោះ តើត្រូវបែបណា?
១.ចំណាយពេលវេលា
លោក ដានីញ៉ែល រូស្កា (Daniel Hruschka) បានធ្វើការសិក្សាម្តងទៀត លើករណីបែកបាក់មិត្តភាព ព្រមទាំងរកឃើញពីមូលហេតុនៃការបែកបាក់មួយចំនួន បណ្តាលមកពីការគ្មានពេលវេលាឲ្យគ្នា។ ប្រាកដណាស់ថា យើងនឹងចំណាយពេលនៅជាមួយនរណាម្នាក់ មានន័យថាយើងឲ្យតម្លៃទៅលើពួកគេ ដូច្នេះហើយពេលវេលា មានតម្លៃណាស់សម្រាប់ការរក្សាចំណងមិត្តភាព និងសាងអនុស្សាវរីយ៏ល្អៗជាមួយមិត្តភក្តិ។
២.ធ្វើអ្វីសាមញ្ញៗជាមួយគ្នា
លោក មាលីស្សា ដេមៀ (Meliksah Demir) ជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអារីស្សូណាខាងជើង (Northern Arizona University) បាននិយាយថា ការផ្លាស់ប្តូរទំនាក់ទំនងរវាងគ្នានឹងគ្នា ដោយធ្វើនូវសកម្មភាពសាមញ្ញៗជាមួយគ្នា នឹងជួយឲ្យចំណងមិត្តភាពកាន់តែកក់ក្តៅ កាន់តែប្រសើរឡើង ដោយសារមិត្តភក្តិរបស់យើងជួយផ្លាស់ប្តូរអារម្មណ៏អ្វីថ្មីៗ។
៣.ធ្វើឲ្យខ្លួនមានអារម្មណ៏កាន់តែល្អឡើងចំពោះមិត្តភក្តិ
នាពេលអ្នកជួបមិត្តភក្តិរបស់អ្នក មិនថានៅទីណាទេ អ្នកត្រូវបង្កើតភាពរីករាយ និងបង្ហាញនូវការរីករាយក្នុងការជួប ពួកគេ ទោះដោយចៃដន្យក្តី ឬដោយការណាត់ជួបគ្នាក្តី។ អ្នកត្រូវចំាថាបើអ្នកមិនរីករាយក្នុងការជួបជាមួយពួកគេទេ ចំណងមិត្តភាពរបស់អ្នកនឹងត្រូវបាត់បង់បន្តិចម្តងៗជាមិនខាន។
៤.ស្គាល់កាលៈទេសៈ
ត្រូវបញ្ចូលខ្លួនរបស់អ្នកក្នុងសង្គម មិនមែនចេះតែធ្វើអ្វីដែលខ្លួនចង់នោះទេ។ មនុស្សដែលធ្វើខ្លួនឯងទៅតាមធម្មជាតិសង្គម នឹងជួយឲ្យពួកគេជោគជ័យក្នុងការចងសម្ព័ន្ធភាពជាមួយមនុស្សគ្រប់ប្រភេទ និងបានស្គាល់ពីការពិតនៃមនុស្សជាច្រើនក្នុងសង្គម។ អ្នកមិនត្រូវមានការរើសអើងចំពោះនរណាម្នាក់ឡើយ នាពេលនោះហើយអ្នកនឹងមាន មិត្តកាន់តែច្រើនឡើងៗ។
៥.គាំទ្រមិត្តរបស់អ្នក និងអ្វីដែលគេមាន
មិត្តភក្តិល្អ តែងតែត្រូវការឲ្យមិត្តរបស់ខ្លួន គាំទ្រនូវអ្វីដែលខ្លួនមាន ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៏ល្អចំពោះអ្វីដែលពួកគេមាន។ ការយល់ចិត្ត និងគាំទ្រនូវអ្វីដែលមិត្តអ្នកធ្វើ ឬមានងាយស្រួលក្នុងការធ្វើឲ្យពួកគេក្លាយជាមិត្តភក្តិល្អនឹងអ្នក។ម្យ៉ាងវិញទៀត ការចេះជួយ ការចែករំលែកទុកលំបាក ក៏ដូចជាការជួយកែកំហុសគ្នាទៅវិញទៅមក ក៏ជាផ្នែកមួយ ជួយឲ្យចំណងទំនាក់ទំនងរបស់ពួកគេកាន់តែល្អឡើងដែរ៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៤ ខែមីនា ឆ្នាំ ២០១៤