តម្លើង​ថ្លៃ វាតទី​យក​កន្លែង​ផ្ញើរ​ម៉ូតូ​តាម​ចិត្ត ព្រោះ​បាន​បង់​លុយ​ឲ្យ​សង្កាត់?

បុណ្យអុំទូកឆ្នាំនេះ ទោះមិនសូវមានអ្នកមកចូលរួម តែអ្នកទទួលផ្ញើរម៉ូតូវិញ មានចំនួនកើនឡើង។ អ្វីដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ អ្នកប្រកបអាជីវកម្មផ្ញើរម៉ូតូទាំងនោះ មិនត្រឹមតែបានតម្លើងថ្លៃក្នុងការផ្ញើរម៉ូតូប៉ុណ្ណោះទេ តែ​ថែម​ទាំង​បាន​ពង្រីក​ចិញ្ចើម​ផ្លូវ និងខ្លះទៀតដាក់លើទ្រូងផ្លូវ ដោយមិនខ្វល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬសុវត្ថិភាពរបស់​មហាជន​ឡើយ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៦ វិច្ឆការ ២០១៤
  • កែប្រែចុងក្រោយ: November 07, 2014
  • ប្រធានបទ: បុណ្យអុំទូក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលបីថ្ងៃ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក សំពះ​ព្រះ​ខែ​នេះ បាន​បង្កើត​ភាព​កាក់​កប ឲ្យ​អ្នក​បើក​អាជីវកម្ម ទទួល​ផ្ញើរ​រថយន្ដ និង​ម៉ូតូ​យ៉ាង​សម្បើម​ដៃ។ ក្រុម​អាជីវករ​ទាំង​នោះ បាន​ធ្វើ​សកម្ម​ភាព​មាន​បាន​របស់​ខ្លួន តាម​រយៈ​ការ​តម្លើង​ថ្លៃ​ផ្ញើរ​ម៉ូតូ ខ្ពស់​ហួស​និស្ស័យ ចាប់​ពី​២០០០​រៀល រហូត​ទៅ​ដល់​៥០០០​រៀល ដោយ​កន្លែង បង្ក​ឲ្យ​មាន​ការ​រអ៊ូ​រទាំ​ពី​ពលរដ្ឋ ដែល​បាន​ទៅ​ចូល​រួម​កំសាន្ដ ក្នុង​ពិធី​បុណ្យ​នោះ។

ដើម្បីដឹងថា តើ​ការ​យក​តម្លៃ​ផ្ញើរ​ម៉ូតូ​នេះ មាន​ការ​តម្លើង​ថ្លៃ​ហួស​ប្រមាណ​នោះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​បាន​បញ្ជូន​​ភ្នាក់ងារ​យក​ព័ត៌មាន ទៅ​កាន់​ទី​កន្លែង​ផ្ញើរ​ម៉ូតូ​ច្រើន​កន្លែង ដែល​ស្ថិត​នៅ​ត្រង់​ចំនុច​ជាប់​របង​វត្ត ឧណ្ណាឡោម ក្នុង​​សង្កាត់​​ជ័យជំនៈ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ រឿង​ដែល​គិត​មិន​ដល់​នោះ គឺ​វត្តមាន​របស់​អ្នក​យក​ព័ត៌មាន​របស់​យើង បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ផ្ញើរ​ម៉ូតូ ផ្លាស់​ប្ដូរ​ជំហរ​មិន​តម្លើង​ថ្លៃ​ហួស​ហេតុ ដូច​ពេល​មុន​ទៀត។ ដំបូង​ឡើយ ទស្សនាវដ្ដី​បាន​ជួប​លោក ពន្លក រស់​នៅ​សង្កាត់​បឹង​ទំពន់ ដែល​ទើប​នឹង​យក​ម៉ូតូ​ចេញ​ពី​កន្លែង​ផ្ញើរ ជា​មួយ​នឹង​ការ​អះអាង​ថា លោក​បាន​ផ្ញើរ​ម៉ូតូ​នៅ​ទី​នេះ ក្នុង​តម្លៃ​ម៉ូតូ​មួយ ៣០០០​ពាន់​រៀល សម្រាប់​តែ​រយៈ​ពេល​១ម៉ោង​ប៉ុណ្ណោះ។

ប៉ុន្តែបន្ទាប់ពីងាកទៅស្វែងរកការបកស្រាយ ពីអ្នកទទួលផ្ញើរម៉ូតូវិញនោះ ពួកគាត់សុទ្ធតែនិយាយថា ខ្លួនយក​តម្លៃតែ១០០០រៀលទេ ប៉ុន្តែគឺម្ចាស់ម៉ូតូទេ ដែលបានបង់ថ្លៃ«លើស»។ ខ្លះទៀតបាននិយាយថា ខ្លួនឃើញគេ​យក​២០០០រៀល ឬ៣០០០រៀល ក៏យកតាមគេដែរ ហើយគ្មានអាជ្ញាធរមាន​សមត្ថកិច្ច​ណា​មួយ មកកំណត់ ហាមឃាត់ ឬខ្វាយខ្វល់ អំពីការយកថ្លៃផ្ញើរម៉ូតូទាំងនេះទេ។ ផ្ទុយទៅវិញ អាជ្ញាធរនៅតំបន់នោះ ត្រូវ​បាន​អាជីវករ​ទាំងនោះ និយាយប្រាប់ថា បានទទួលការបង់ប្រាក់ពីខ្លួន។

ស្រ្តីម្នាក់ ដែលមានអាយុប្រមាណជាង៣០ឆ្នាំ និងជាអ្នកចាំទទួលផ្ញើរម៉តូ បាននិយាយថា ការបោះបង្គោល​យក​កន្លែងដាក់ម៉ូតូនេះ គឺពួកគាត់បានបង់ថ្លៃ ទៅឲ្យសាលាសង្កាត់ ទើបពួកគាត់អាចយកទីធ្លានេះ មកទទួល​ផ្ញើរម៉ូតូបាន។ ប៉ុន្តែស្រ្តីរូបនេះ បានព្យាយាមលាក់ពីតម្លៃ ដែលត្រូវបង់ឲ្យទៅសាលាសង្កាត់ ដោយនិយាយ​ត្រឹម​តែពាក្យមិនដឹងៗប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា អ្នកទទួលផ្ញើរម៉ូតូទាំងនោះមួយចំនួន បានពុះយកទ្រូងផ្លូវអស់មួយចំហៀង ហើយមួយ​ចំនួន​ទៀត បានព័ទ្ធយកទីកន្លែងសាធារណៈទាំងនេះ ដោយសារខ្លួនគិតថា ជាមុខផ្ទះ ឬជាផ្នែកមួយនៃ​សណ្ឋាគាររបស់ខ្លួន។ បុរសម្នាក់ ជាភ្នាក់ងារសន្តិសុខរបស់សណ្ឋាគារមួយ នៅក្បែរវត្តឧណ្ណាឡោម បាន​អះ​អាងថា ខ្លួនបានឆ្លៀតយកចំណីផ្លូវ ដែលសណ្ឋាគាររបស់ខ្លួន ធ្លាប់យកមកធ្វើជាចំណតរថយន្ដនោះ យក​មក​ធ្វើអាជីវកម្មផ្ញើរម៉ូតូនេះដែរ។

ការយកចិញ្ចើម និងចំណីផ្លូវ មកវាតធ្វើកន្លែងផ្ញើរម៉ូតូនេះ បង្កឲ្យផ្លូវសម្រាប់អ្នកមកដើរកំសាន្ដបុណ្យអុំទូក ប្រែ​ជារួមចង្អៀត ហើយឈានទៅដល់ការកកស្ទះ ប្រសិនបើមហាជនចេញមកយកម៉ូតូតំណាលគ្នា។ នេះគេនៅ​មិន​ទាន់និយាយដល់ច្រក«បណ្ដោះមនុស្ស» ដែលចាំបាច់ត្រូវតែមានឲ្យធំទូលាយ ដើម្បីបង្កាគ្រោះ​ឧប្បទេវ​ហេតុ​ណា​មួយ ដែលធ្វើឲ្យមនុស្សផ្អើលរត់ ចេញពីមាត់ទន្លេមកវិញនោះផង (ឧទាហរណ៍៖ ព្រឹត្តិការណ៍រត់​ជាន់​គ្នា នៅកោះពេជ្រ កាលពីឆ្នាំ២០១០ ដោយសារមានស្ពានតែមួយ ជាច្រកបណ្ដោះមនុស្ស)។

សាកសួរសុំការបកស្រាយ ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកអភិបាលរងខ័ណ្ឌដូនពេញ ដែលមាន​វត្តមានដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅទីនោះ បាននិយាយថា គ្មានអាជ្ញាធរថ្នាក់ណា ហ៊ានប្រគល់ចិញ្ចើម ចំណី​ផ្លូវ ឬទីកន្លែងសាធារណៈណាផ្សេង ទៅឲ្យអ្នកទទួលផ្ញើរម៉ូតូទាំងនោះទេ ហើយសន្យាថានឹងចាត់វិធានការ ទៅ​លើអ្នកទាំងនេះ ដោយមិនរើសមុខ។ ប៉ុន្តែទាក់ទងនឹងការបង់ប្រាក់របស់ក្រុមអ្នកទទួលផ្ញើរម៉ូតូ ទៅឲ្យ​សាលា​សង្កាត់​នោះវិញ ត្រូវបានលោកអភិបាលរងដដែល ដេញអ្នកសារព័ត៌មានយើង ឲ្យទៅសួរខាងសាលាសង្កាត់​ដោយខ្លួនឯងទៅ។ លោកបាននិយាយថា៖ «អត់ដឹង! អត់ដឹង យើងកុំឆ្លើយ។»

មិនអាចទាក់ទងសាលាសង្កាត់ជ័យជំនះ ដើម្បីសុំការបកស្រាយបំភ្លឺបាននៅឡើយ រហូតមកដល់ម៉ោងនេះ ដោយសារជាថ្ងៃឈប់សម្រាក។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ករណីខាងលើនៅតែជាចន្លោះប្រហោង នៃការគ្រប់​គ្រងពិធីបុណ្យជាតិ របស់អាជ្ញាធរដដែលដែរ។ ការខាតបង់ដែលកើតចេញ ពីភាពចន្លោះប្រហោងនេះ មាន​ដូចជា៖ រដ្ឋមិនមានចំណូលពីការទទួលផ្ញើរម៉ូតូ - បង្កគ្រោះថ្នាក់ក្នុងករណីមានឧប្បទេវហេតុ ព្រោះច្រក​បណ្ដោះ​មនុស្សរួមតូច - បង្កការក្ដៅក្រហាយឲ្យមហាជន ដែលមកលេងបុណ្យអុំទូកជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...