ចាប់បានមេកន្ទុយលេខពីរនាក់ទៀត នៅក្រុងតាខ្មៅ
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 29, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចាប់បញ្ជូនខ្លូន ទៅកាន់បុស្តិ៍រដ្ឋបាលនេះ បានធ្វើឡើង កាលពីវេលាម៉ោង០៣ និង៥០នាទី រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្សាររោងចក្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលបានឃាត់ខ្លួនស្រ្តីពីរនាក់ ម្នាក់ឈ្មោះ តាន់ អង្គា អាយុ៥១ឆ្នាំ រស់នៅភូមិក្រពើ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ មុខរបរលក់ខោអាវ និងជាអ្នកកត់កន្ទុយលេខ។ និងម្នាក់ទៀតឈ្មោះ ឃុន ចាន់រដ្ឋា អាយុ ២៧ឆ្នាំ បច្ចុប្បន្ននៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កត់កន្ទុយលេខដូចគ្នា ត្រូវបានក្រុមកងកម្លាំង មានសមត្ថកិច្ច តាមស៊ើប តាំងពីថ្ងៃទី២៤ រហូតសម្រេចចាប់បាន នៅថ្ងៃទី២៥ ខែឧសភានេះ។
ប៉ូលិសបានឲ្យដឹងថា វត្ថុតាងដែលបានដកហូត រួមមាន៖ ក្រដាសលទ្ធផលឆ្នោត ០២ដុំ ក្រដាស់សំរាប់ កត់កន្ទុយលេខ មានលេខ ១៦សន្លឹក ប្រាក់ប្រមាណ ជាង៧០ដុល្លា ម៉ាស៊ិនគិតលេខ ០២គ្រឿង ថង់យួរដៃចំនួន០២ ដែលត្រូវបានរកឃើញ នៅជាមួយជនប្រព្រឹត្ត នៅពេលកំពុងធ្វើសកម្មភាព ក្នុងទីតាំងពីរផ្សេងគ្នា។ ម្យ៉ាងទៀត កម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ ដើម្បីចុះបង្ក្រាប អ្នកប្រកបរបប កត់កន្ទុយលេខ បានជោគជ័យ រួមទាំងវត្ថុតាង ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ បន្តធ្វើតាមនីតិវិធី។
រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះ មន្ត្រីមានសមត្ថកិច្ច និងកងកម្លាំង ដែលបានឃាត់ខ្លូន អ្នកប្រព្រឹត្តល្បែងស៊ីសង ខុសច្បាប់ខាងលើ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងប៉ុស្តិ៍តាខ្មៅ ដើម្បីរៀបចំសំនុំរឿង បញ្ជូនទៅថ្នាក់លើ។
ទោះបីជាមានការចាប់ខ្លួន មេកន្ទុយលេខ ជាបន្តបន្ទាប់ ពីសំណាក់នគរបាលក៏ដោយ ក៏ប្រជាពលរដ្ឋនៅម្តុំនោះ នៅតែរអ៊ូរថា ល្បែងមួយប្រភេទនេះ នៅមានអ្នកប្រព្រឹត្តិច្រើនណាស់ ក្នុងប្រទេស ហាក់គ្មានខ្លាចញញើត ពីសំណាញ់ច្បាប់នោះឡើយ៕