សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

«អ្នកស៊ីត្រូវតែមានទោស ឯអ្នកសូកត្រូវតែរួចខ្លួន។ (...) បើអ្នកសូក មានទោសដូចអ្នកស៊ី នោះអំពើពុករលួយនៅកម្ពុជា មិន​អាច​នឹង​បំបាត់​បាន​ឡើយ។» នេះជាការលើកឡើង បែបទស្សនៈវិជ្ជាជ្រៅជ្រះបន្តិច របស់អតីតនាយកប្រតិបត្តិ ក្រុម​អ្នក​ច្បាប់​ដើម្បី​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 28, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះមានច្បាប់ប្រឆាំង អំពើពុករលួយក៏ដោយ ក៏មិនមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ ឬកាន់បន្ថយ នូវអំពើពុករលួយ នៅ​កម្ពុជាបានដែរ។ ហេតុអ្វីទៅ? លោកមេធាវី សុក សំអឿន បានធ្វើការពន្យល់ថា ដើម្បីឲ្យច្បាប់នេះ មានប្រសិទ្ធិភាព ក្នុងការ​អនុវត្ត និងអាចទប់ស្កាត់ ឬបញ្ឈប់អំពើពុករលួយបាន ល្គឹកណា «អ្នកសូកនឹងមិនមានទោស ដូចអ្នកស៊ី»។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលា ស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការ​ប្រឆាំង អំពើពុករលួយ» នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែឧសភានេះ លោកមេធាវីបានបកស្រាយទៀតថា៖ «បើសិន​ជាយើងតឹងតែង ជាមួយអ្នកសូក មិនអាចចោទអ្នកស៊ីបានទេ។ បើចោទអ្នកស៊ីជាប់ ទាល់តែអ្នកសូក ជាប់គុកមុនចឹងទេ? (...) ច្បាប់នេះ បើចង់ឲ្យចាប់អ្នកស៊ីមានប្រសិទ្ធិភាព ប្រហែលជាត្រូវដាក់និយមន័យលើកលែង ចំពោះអ្នកសូក។»

លោកបានលើកជាឧទាហរណ៍ថា ការសូកត្រូវបានគេបង្ខំ ឬអ្នកដែលឲ្យគេសូកនោះ មិនដែលនិយាយថា «អ្នកឯងសូកខ្ញុំ ដើម្បីឲ្យអ្នកឯងរួចខ្លួន» ទេ។ ជួនកាលអ្នកដែលឲ្យគេសូកនោះ គ្រាន់តែប្រាប់ថា សេវ៉ាចេះ សេវ៉ាចុះ ដូច្នេះគាត់បង់​តាម​សេវ៉ា គាត់មិនមែនសូកឯណា! លោកមេធាវី បានបន្តទៀតថា៖ «បើក្នុងច្បាប់នោះ មានការលើកលែងច្រើន ចំពោះអ្នក​សូក អាចនឹងធ្វើឲ្យអ្នកស៊ីខ្លាច។ បើអ្នកស៊ីឃើញអ្នកសូក ជាប់គុកដូចគាត់ដែរ គាត់គម្រាមអ្នកសូក ថានឹងជាប់គុកទាំងអស់​គ្នា គ្មានអ្នកណាហ៊ាននិយាយ។ តែបើអ្នកសូកថា ទេ ខ្ញុំឥតសូកគេផង ធ្វើម៉េចនឹងដាក់ទណ្ឌកម្ម លើគេបានទៅ (ទាំងអ្នក​សូក និងអ្នកស៊ី)។»

តាមមាត្រា៣៣ និង៣៤ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ឆ្នាំ២០១០ បានចែង ពីបទល្មើសពុករលួយ និងទោស តាម​រយៈអ្នកស៊ីសំណូក និងអ្នកសូកប៉ាន់ ដោយឲ្យអ្នកស៊ីសំណូក និងអ្នកសូកប៉ាន់ មានទោសប្រហាក់ប្រហែលគ្នា៖ «អ្នក​ស៊ី» ត្រូវទទួលទោស ពី៧ឆ្នាំ ទៅ១៥ឆ្នាំ ឯ«អ្នកសូក» ក៏ត្រូវទទួលទោស ក្នុងចន្លោះពី៥ឆ្នាំ ទៅ១០ឆ្នាំដែរ។ តែយ៉ាង​ណា​ក៏​ដោយ ទាំងអ្នកស៊ី និងអ្នកសូក នៅតែមានទោស ក្នុងពន្ធនាគារដូចគ្នា។

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវបានសភាកម្ពុជាអនុម័ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ មាន ៩ ជំពូក និង ៥៧ មាត្រា។ ច្បាប់នេះមានគោលបំណង លើកកម្ពស់ប្រសិទ្ធភាព សេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ​នៅ​ក្នុង​ការដឹងនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍ​សង្គម​ជាតិ និងកាត់បន្ថយភាពក្រីក្រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...