អាជីវករផ្សារនាគមាសផ្អាកការតវ៉ា រងចាំលទ្ធផលពីការចរចា
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២៦ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 26, 2014
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជីវករ ផ្សារនាគមាសស្ថិតក្នុងខណ្ឌទួលគោក ដែលបានប្រមូលគ្នាប្រមាណជា ១០០ នាក់ ធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ សុំឲ្យបញ្ចុះតម្លៃតូបពីប្រធានផ្សារនោះ បានផ្អាកការការតវ់ារបស់ពួកគេជាបណ្ដោះអាសន្ន បន្ទាប់ពីគណៈកម្មការផ្សារ និងតំណាងអាជ្ញាធរ បានសន្យាជួបចរចានៅរសៀលថ្ងៃពុធនេះវិញ។ ប៉ុន្តែភាគីទាំងសងខាង នៅតែប្រកាន់នូវគោលការណ៍តែរៀងខ្លួន។
ជាការរំលឹកឡើងវិញ សេចក្តីជូនដំណឹង ស្តីពីតម្លៃជួលតូបចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ បានបង្ហាញនូវតួលេខឡើងប្រមាណ៣០ភាគរយ នៃការផ្លាស់ប្តូរតម្លៃពីតូបតូចទៅធំ ក្នុងនោះ ពី១៨ ទៅ២៤ ដុល្លារ ពី៩០ ទៅ១២០ដុល្លារ និងពី៣២០ ទៅ៤០០ដុល្លារ។ សម្រាប់ក្រុមអ្នកតវ៉ា តួលេខតម្លើងថ្លៃនេះ មានលក្ខណៈខ្ពស់ខ្លាំង ដែលពួកគាត់មិនអាចទទួលយកបាន។ អាជីវករម្នាក់ ពីក្នុងចំណោមនោះ បានស្រែកឡើងថា៖ «បើឡើងថ្លៃយ៉ាងនេះ ចំណូលប្រចាំថ្ងៃ មិនអាចគ្រប់ក្នុងការបង់ថ្លៃតូបផង»។
អ្នកស្រី សំ សារិន្ទ ដែលជាតំណាងអជីវករបានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ពួកគាត់ទាមទារប្រាំមួយចំណុច ពីគណៈកម្មការផ្សារ៖ ទីមួយ សុំតម្លើថ្លៃត្រិមតែប្រាំភាគរយ ទីពីរ សុំឲ្យធ្វើអនាម័យផ្សារនៅពេលយប់ ទីបី សុំឲ្យយកតម្លៃផ្សារជួលកណ្តាលប្រចាំខែ ទីបួន សុំឲ្យដកអ្នកយកភាស៊ី P12 (អ្នកយកលុយ) ចេញពីផ្សារ ទីប្រាំ សុំឲ្យបើកទឹកឲ្យប្រើប្រាស់ដូចធម្មតាវិញ។
អាជីវករលក់សាច់ជ្រូកនៅផ្សារនេះ អ្នកស្រី លឹម ឆេងអៀង បានថ្លែងត្អូញត្អែរថា ម្ចាស់ផ្សារផ្តាច់ទឹកបីថ្ងៃហើយ ពេលអ្នកស្រីទៅជូប ជាមួយនឹងគណៈកម្មការផ្សារ គេមិនដោះស្រាយឲ្យទេ។ អជីវករនៅទីនោះបញ្ជាក់ទៀតថា តម្លៃដែលទាបបំផុតក្នុងមួយតូប១៨ដុល្លាឡើងដល់២៤ដុល្លា ហើយតម្លៃខ្ពស់បំផុតក្នុងមួយតូប ថ្លៃ៣២០ដុល្លារឡើងដល់៤០០ដុល្លា។
តំណាងផ្សារនាគមាស ទទួលបន្ទុកផ្នែកគណនីយ្យ លោក វែង តាក់ បានលើកក្រដាសកិច្ចសន្យានានា មកបង្ហាញទស្សនាវដ្តី ហើយថ្លែងបកស្រាយថា អ្វីដែលអាជីវករទាំងនោះទាមទារ មិនឲ្យឡើងថ្លៃ វាមិនមែនជារឿងត្រឹមត្រូវទេ ព្រោះមុនពេលជួលតូបទាំងអស់ អាជីវករបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្សារ ក្នុងតម្លៃជាក់លាក់មួយហើយ។ ប៉ុន្តែដោយសាពេលនោះ លក់មិនសូវដាច់ ទើបសុំបញ្ចុះថ្លៃខ្លះ ចំពោះតម្លៃទាំងអស់នោះ នឹងឡើងវិញបន្តិចម្តងរៀងរាល់ខែ។ លោកបញ្ជាក់ទៀតថា មកទល់ពេលនេះ វាជាង១០ឆ្នាំហើយ ហេតុនេះតម្លៃ ដែលឡើងខ្ពស់ជាងគេនៅខែនេះ ទើបអាជីវករទាំងអស់មិនសុខចិត្ត។
រីឯលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដែលបានចុះជួយធ្វើអន្តរាគមន៍ និងសម្របសម្រួលការតវ៉ានេះ បានកំណត់ឲ្យតំណាងអាជីវករប្រាំនាក់ ធ្វើពាក្យបណ្តឹងបញ្ជូនទៅសង្កាត់ ហើយលោកនឹងធ្វើការប្រជុំជាមួយភាគីទាំងបី មានគណៈកម្មការផ្សារ តំណាងអាជីវករ និងអាជ្ញាធរខណ្ឌដើម្បីដោះស្រាយបញ្ហានេះ ទៅតាមច្បាប់៕