ព្រះសង្ឃ លួន សុវ៉ាត រងការចោទប្រកាន់«ស្រមោល»ថ្មីទៀតពីតុលាការ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 26, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការសាលាដំបូងរាជធានី បានទំលាក់ចោលការចោទប្រកាន់ ទៅលើព្រះតេជគុណ លួន សុវ៉ាត ទាក់ទងនឹងសំនុំរឿង៣៣៩៥ហើយ ដោយសម្រេចថា ការចោទប្រកាន់នោះខុសបច្ចេកទេស ហើយគ្មានភ័ស្តុតាងណា មកបំភ្លឺបទល្មើស និងការចោទប្រកាន់ ក្នុងសំនុំរឿងនេះបានឡើយ។ នេះបើតាមសង្ឃដីការរបស់ព្រះសង្ឃ លួន សុវ៉ាត ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីព្រះអង្គចេញពីសវនាការសាលាដំបូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ។
ប៉ុន្តែព្រះសង្ឃដែលល្បីខាងការចូលរួមយ៉ាងសកម្ម ក្នុងបញ្ហាសង្គម និងជាម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស ពីសហគមន៍អ៊ឺរ៉ុបអង្គនេះ បានអះអាងថា ព្រះអង្គត្រូវបានតុលាការចោទប្រកាន់ ក្នុងករណី«ស្រមោល»ថ្មីមួយទៀត នៅក្នុងសំនុំរឿង ៣៤៧៦។
សំនុំរឿង ៣៤៧៦នេះ ព្រះតេជគុណ លួត សុវ៉ាត ខ្លួនព្រះអង្គ បានមានសង្ឃដីការថា តុលាការមិនបានប្រាប់តេជគុណទាក់ទងនឹងសំនុំរឿង ៣៤៧៦ ថាជាការចោទប្រកាន់ពីបទល្មើសអ្វីនោះទេ សូម្បីតែមេធាវីរបស់ព្រះតេជគុណ សាកសួរទៅតុលាការ ក៍តុលាការមិនបានប្រាប់ដែរ។ ផ្ទុយទៅវិញ តុលាការបានប្រាប់ឲ្យមេធាវីព្រះអង្គ ទៅស្រាវជ្រាវដោយខ្លួនឯង។
ព្រះតេជគុណបានមានសង្ឃដីការ នៅមុខសាលាតំបូងបន្ទាប់ពីសវនាការនោះថា ការចោទប្រកាន់ថ្មីនេះ ព្រះតេជគុណមិនទាន់បានឃើញដីការចោទប្រកាន់ ហើយក៍មិនដឹងថាចៅក្រមរូបណាមួយ ជាអ្នកកាន់សំនុំរឿងថ្មីនេះ ហើយដោះស្រាយនៅពេលណានោះដែរ។ តែវាហាក់ដូចជាការចោទប្រកាន់ស្រមោល និងការចោទប្រកាន់ ដោយរំលោភសិទ្ធិព្រះតេជគុណ ជាព្រះសង្ឃ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមស្វែករកការបញ្ជាក់ ពីមន្ត្រីសាលាតំបូង តែមិនមានមន្ត្រីណាម្នាក់ លើកទទួលទូរស័ព្ទ និយាយជាមួយអ្នកសារព័ត៌មានឡើយ។
សូមបញ្ជាក់ដែរថា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃដដែល ប្រជាពលរដ្ឋ និងព្រះសង្ឃជាង ២០០អង្គ/នាក់ មន្ត្រីអង្គការសង្កមស៊ីវិល រួមទាំងអ្នកសារព័ត៌មានជាច្រើននាក់ បានទៅចូលរួមតាមដានការដោះស្រាយ របស់តុលាការចំពោះព្រះតេជគុណ លួត សុវ៉ាត។ ប៉ុន្តែតុលាការមិនបានអនុញ្ញាតិឲ្យនរណាម្នាក់ផ្សេង ចូលរួមក្នុងសវនាការនោះឡើយ ដោយអះអាងថា ជាសវនាការអសាធារណៈ៕