លោក ហ៊ុន សែន៖ ច្បាប់ស្តីពីក្រមសីលធម៌ អ្នកនយោបាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ លោក ហ៊ុន សែន បានប្រកាសគាំទ្រ ឲ្យមានច្បាប់ស្តីពី «ក្រមសីលធម៌សម្រាប់ អ្នកនយោបាយ» ដើម្បីជៀសវាងការជេរប្រមាថគ្នា និងលើកកំពស់សេចក្ដី ថ្លៃថ្នូរក្នុងសង្គមខ្មែរ។ ឯសង្គមស៊ីវិល អ្នកវិភាគនយោបាយមួយ និងតំណាងរាស្ត្របក្សប្រឆាំង មួយចំនួនយល់ថា សម្រាប់កម្ពុជាមិនចាំបាច់មាន ច្បាប់ ឬក្រមសីលធម៌ អ្នកនយោបាយទេ ព្រោះវាអាចប៉ះពាលដល់សិទ្ធិខាងនយោបាយ និងអាចជាឧបរណ៍សម្រាប់ចាប់កំហុសគ្នា ទៅវិញទៅមក។ ចំណុចដែលសំខាន់នោះគឺអ្នកនយោបាយ ខ្លួនឯងទៅវិញទេ ដែលដឹងថាត្រូវនិយាយ បែបណាក្នុងនាម «ជាអ្នកដឹកនាំ» នៅតាមទីសាធារណៈ។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកគាំទ្រឲ្យ មានក្រមសីលធម៌ សម្រាប់មេដឹកនាំគណបក្សនយោបាយ នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតសលកវិទ្យាល័យ បញ្ញាសាស្រ្ត កាលពីព្រឹក ថ្ងៃ ទី១៤ មករាកន្លងមកនេះ។ លោកបានលើករឿងនេះឡើង មួយថ្ងៃបន្ទាប់ពីការសែតភ្នំពេញ បានចុះផ្សាយ អត្ថបទវិភាគមួយ ដោយលើកឡើងថា អ្នកនយោបាយខ្មែរ មួយចំនួន តែងតែជេរ ប្រមាណគ្នាទៅវិញទៅមក ដោយប្រើពាក្យមិនសមរម្យ។ ការសែតបាន ចោទជាសំនួរថា កម្ពុជាគួរតែមានក្រមសីលធម៌ សម្រាប់អ្នកនយោបាយដែរឬទេ?
ឆ្លើយចំពោះរឿងខាងលើ លោកនាយករដ្ឋមន្រ្តី បានសារភាពថា លោកធ្លាប់ជេរ ឆ្លើយតបទៅវិញដែរ ដោយសារតែ អ្នកនយោបាយទាំងនោះ បានជេរប្រមាថលោកមុន។ លោកក៏បានបញ្ជាក់ពីជំហរគាំទ្រ ឲ្យមានការបង្កើត «ក្រមសីលធម៌ សម្រាប់អ្នកនយោបាយ» និងស្នើបន្ថែមឲ្យបង្កើត ទៅជាច្បាប់ ហើយកំណត់ដាក់ទោស ជាប់ពន្ធនាគារ លើអ្នកនយោបាយណា ដែលទិតៀន រិះគន់ជេរប្រមាថគ្នានោះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បាននិយាយថា មិនចាំបាច់មានច្បាប់ ឬក្រមសីលធម៌ សម្រាប់អ្នកនយោបាយទេ ការនិយាយស្តីទុកឲ្យប្រជាពលរដ្ឋ ជាអ្នកសម្រេច។ បើប្រជាពលរដ្ឋស្អប់ខ្ពើម អ្នកដឹកនាំដែលប្រើពាក្យ មិនសមរម្យ និងអ្នកនយោបាយដែល គិតតែពីឈ្លោះគ្នា មិនបានគិតពីអនាគតប្រទេសនោះ គាត់អាចឈប់គាំទ្រ ហើយឈប់បោះឆ្នោតឲ្យបាន។
មន្រ្តីសិទ្ធិមនុស្សបន្តថា សីលធម៌នៃអ្នកដឹកនាំ ជារឿងសំខាន់ ហើយបើការដឹកនាំចេះ តែឈ្លោះគ្នា បែបហ្នឹង មានន័យថាខ្វះភាពចាស់ទុំ ផ្នែកនយោបាយ។ បើផ្នត់គំនិតអ្នកនយោបាយ នៅតែមានកំហឹងច្រើន ហើយការធ្វើនយោបាយ ដោយស្អប់គ្នាទៅវិញទៅមក នោះអាចជា គ្រោះថ្នាក់សម្រាប់ ប្រទេសជាតិ ពីព្រោះការស្អប់ នៅពេលឡើងកាន់អំណាច នឹងមានការកាប់សម្លាប់គ្នាដោយ ប្រការណាមួយ។
លោកគូសបញ្ជាក់ថា «ខ្ញុំគាំទ្រថា អ្នកនយោបាយ ត្រូវចាស់ទុំ ហើយត្រូវមានសីលធម៌ ប៉ុន្តែ មិនចាំបាច់ចេញច្បាប់ទេ ព្រោះថាច្បាប់នេះនឹងរឹតត្បិត របបប្រជាធិបតេយ្យ»។ លោក បន្ថែមថា ភាពចាស់ទុំផ្នែកនយោបាយ ប្រហែលកើតចេញពីអ្នកនយោបាយ វ័យក្មេងច្រើនជាង អ្នកនយោបាយចាស់ៗ ព្រោះពួកគាត់អាចជាអ្នក ដែលចាប់ផ្តើមគិតពី អនាគតប្រទេសជាតិ។
ដូចគ្នានេះ អ្នកវិភាគនយោបាយឯករាជ្យ លោក ឡៅ ម៉ុងហៃ ក៏មិនចង់ឲ្យមានការបង្កើតច្បាប់ ស្តីពីក្រមសីលធម៌ អ្នកនយោបាយនេះនោះដែរ។ លោកបន្ថែមថានៅកម្ពុជា មានច្បាប់គ្រប់អស់ហើយ ដើម្បីថ្កោលទោស អ្នកណាដែលនិយាយប៉ះពាល់ ដល់កិត្តយសអ្នកដទៃ ឬក៏ប៉ះពាល់ដល់សន្តិសុខជាតិ និងអ្នកដទៃ។
អ្នកវិភាគលើកឡើងថា សីលធម៌ ដូចជាពាក្យប្រៀនប្រដៅ របស់ក្រមងុយ ឬខាងព្រះពុទ្ធសាសនា បើយើងដឹងថា ប្រើពាក្យលើសលោះ «សុំទោសគេវិញទៅ ឬសុំលាពាក្យទៅ» វាចប់បញ្ហាហើយ។ លោកបានបង្ហាញថា ក្រមសីលធម៌អ្នកនយោបាយនេះ នៅប្រទេសមួយចំនួន ដូចជាប្រទេសបារាំង ដែលត្រូវបានបង្កើត សម្រាប់សមាជិករដ្ឋាភិបាល ក្នុងជូរគណៈរដ្ឋមន្ត្រី ក្នុងការនិយាយ ទាក់ទងគ្នាដោយ ប្រើពា្យសម្តីសមរម្យ និងការពារកុំឲ្យមានការប្រកាន់ គ្រួសារនិយម មិនពុករលួយ មិនទទួលសំណូក(...) និងក្រមសីលធម៌មន្ត្រីរាជការ ដែលនិយាយទាក់ទង ជាមួយប្រជាពលរដ្ឋជាដើម។
អ្នកសង្កេតស្ថានការ នយោបាយជាតិ និងអន្តរជាតិ បានវាយតម្លៃថា ការវាយប្រហារ រវាងអ្នកនយោបាយ នៅស្រុកខ្មែរ កើតមានតាំងពីអ្នកនយោបាយ ទាំងនោះមានសិទ្ធិបង្កើត បក្សដោយខ្លួន។ ហើយអ្នកនយោបាយដែលខ្វះ បទពិសោធន៍មួយចំនួន ចាប់ផ្ដើមវាយប្រហារគ្នា តាមទំនើងចិត្ត តាមការនឹកឃើញ និងប្រើគ្រប់កលល្បិច បែបមិនច្បាស់លាស់មួយ ដើម្បីយកឈ្នះតែរៀងៗខ្លួន ។ ពួកគាត់មិនបានគិត ដល់ប្រយោជន៍រួម ប្រយោជន៍ជាតិជាធំនោះទេ ហេតុការណ៍នេះ បានក្លាយជាទម្លាប់ រហូតមកទល់នឹងពេលនេះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ